ខ្មែរប៉ុស្ដិ៍ Close

ស្ងាត់ តែមិនស្ងៀម៖ ការបញ្ចៀសសង្គ្រាម មិនមែនជាការបោះបង់ទឹកដី

ដោយ៖Sreyleak | ថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ ទស្សនៈ - នយោបាយ 660
ស្ងាត់ តែមិនស្ងៀម៖ ការបញ្ចៀសសង្គ្រាម មិនមែនជាការបោះបង់ទឹកដី ស្ងាត់ តែមិនស្ងៀម៖ ការបញ្ចៀសសង្គ្រាម មិនមែនជាការបោះបង់ទឹកដី

នៅក្នុងបរិបទនយោបាយនិងសន្តិសុខបច្ចុប្បន្ន ដែលស្ថានភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែមានភាពងាយនិងផ្ទុះសង្គ្រាមឡើងវិញគ្រប់ពេលវេលា ខណៈមានកិច្ចព្រមព្រៀង បទឈប់បាញ់​ដ៏ផុយស្រួយថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ក៏ដោយ និងការឈានបន្តទៅរកកិច្ចព្រមព្រៀងសន្តិភាព​នាពេល​ខាងមុខ ដែលស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ។ ស្ថានភាពនេះបានក្លាយ​ជាកត្តាជម្រុញ​ឲ្យសា​ធារណជន និងអ្នកវិភាគជាច្រើនចាប់អារម្មណ៍និងមានការសង្ស័យទៅលើសមត្ថភាព​ដឹកនាំរបស់​រាជរដ្ឋា​ភិបាល ដោយក្នុងនោះមានក្រុមមនុស្សមួយចំនួនយល់ថា ការចុះកិច្ចព្រមព្រៀងនាពេលខាងមុខនេះ អាច​ជា​ថ្នូរនឹងការត្រូវកាត់ទឹកដីមួយចំណែកណាមួយរបស់ប្រទេសកម្ពុជាទៅឲ្យប្រទេសជិតខាង។

 

ប៉ុន្តែបើវិភាគដោយឈរលើគោលការណ៏ច្បាស់លាស់បង្ហាញថា ការស្ងាត់ស្ងៀមក្នុងការតវ៉ាឬការប្រឈម​មុខដាក់គ្នាដោយអាវុធនេះមិនមែនជាការស្ងៀមស្ងាត់មិនការពារទឹកដីនិងខ្លបខ្លាចមិនហ៊ានតទល់ជាមួយសត្រូវនោះទេ តែជាការចង់សម្រេចឲ្យខាងតែបាននូវសន្តិភាពនិងធានាភាពរឹងមាំជាក់លាក់លើការ​កំណត់​ព្រំដែនដោយផ្អែកលើច្បាប់អន្តរជាតិដែលមានស្រាប់តែប៉ុណ្ណោះ។

 

ការអនុវត្តតាមរបៀបសន្តិវិធីនេះហើយ ជាការបង្ហាញពីភាពទំនួលខុសត្រូវនយោបាយ និងភាពឈ្លាសវៃ​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរកសុវត្ថិភាពជូនជាតិជាមុនសិន និងជាអាវក្រោះក្នុងការរក្សាការពា​បូរណ​ភាពទឹកដីតាមក្រោយ នេះជាផ្លូវដែលរដ្ឋាភិបាលត្រូវដើរ។

 

បទឈប់បាញ់៖ មធ្យោបាយសន្តិភាព មិនមែនជាដើមហេតុនៃការធ្វើឲ្យបាត់បង់ទឹកដីទេ

កិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មិនមែនជាឯកសារដែលកំណត់ព្រំដែន ឬកែប្រែដែនអធិបតេយ្យនៃប្រទេសកម្ពុជានោះទេ។ តែវាជាឯកសារបណ្តោះអាសន្នផ្នែកយុទ្ធសាស្ត្រ ដែល​មានគោលបំណងបញ្ចៀសដោយទប់ស្កាត់ការប្រើកម្លាំងយោធា ការប្រឈមមុខដាក់គ្នា បង្កាមិនឲ្យមាន​ការ​ផ្ទុះ​សង្គ្រាមជាថ្មីឡើងវិញ និងជាការបង្កើតបរិយាកាសអំណោយផលឈានទៅការស្តារទំនាក់ទំនង​និង​សេដ្ឋ​កិច្ចឡើងវិញ ព្រមទាំងអាចឈានទៅចរចាការបោះបង្គោលព្រំដេនគោក និងបង្កើតឲ្យមាន​សន្តិ​ភាពជាបណ្តោះអាសន្នតែប៉ុណ្ណោះ។

 

រីឯឯកសារនេះទៀតសោធន៏ បានចែងតែអំពី លក្ខខណ្ឌនៃការអនុវត្តន៍ និងក្រមប្រតិបត្តិរវាងកងទ័ព​នៃ​ប្រទេសទាំងពីរតែប៉ុណ្ណោះ ពោលគឺមិនបានកំណត់ក្នុងកថាខណ្ឌណាមួយដែលចែងពាក់ព័ន្ធ​នឹងការកាត់​ទឹកដីឬការទទួលស្គាល់ព្រំដែនឬទឹកដីនៃប្រទេសទាំងពីរនោះឡើយ។ ចំណុចនេះ ក៏ត្រូវបានប្រមុខ​នៃរដ្ឋា​ភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនសាធារណជនលើបណ្តាញសង្គម និងនៅតាមវេទិកា​មហាជនជាបន្តបន្ទាប់។

 

តាមពិតឯកសារបទឈប់បាញ់បែបនេះ គឺជាបទដ្ឋានអន្តរជាតិធម្មតាមួយ ដែលប្រទេសជាច្រើនលើ​ពិភពលោកបានអនុវត្តកន្លងមកហើយ ដូចជា សង្គ្រាមរវាងកូរ៉េខាងជើង-កូរ៉េខាងត្បូង  “Korean Armistice Agreement” ឆ្នាំ១៩៥៣ ឬអាហ្វ្រិកខាងត្បូង-មូសាំប៊ីក “Nkomati Non-Aggression Pact” ឆ្នាំ១៩៨៤ និងមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាច្រើនផ្សេងទៀតក្នុងពេលថ្មីៗនេះ សុទ្ធតែមិន​មានចែងពាក់ព័ន្ធនិងព្រំដែននោះទេ។ និយាយជារួមទៅគឺកិច្ចព្រមព្រៀងបទឈប់បាញ់នេះមានន័យថា ជាការបញ្ចៀសសង្គ្រាមបង្ហូរឈាម ដើម្បីបើកផ្លូវចរចាផ្នែកនយោបាយមិនមែនជាការទទួលស្គាល់ថា ជាការ​បាត់​បង់ទឹកដីឬបែងចែកទឹកដីអ្វីក៏ទេដែរ នេះជាអត្ថន័យពិតនៃខ្លឹមសារកិច្ចព្រមព្រៀង​បទឈប់បាញ់​ដែលកម្ពុជានិងថៃបានចុះកិច្ចព្រមព្រៀងនៅប្រទេសម៉ាឡេស៊ីក្រោមការផ្តួចផ្តើមគំនិតរបស់​ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។

 

ស្របតាមច្បាប់អន្តរជាតិ សន្តិភាពមិនអាចត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋាននៃការបោះបង់​ទឹក​ដីទេ ហើយនៅក្នុងការចរចាសន្តិភាពគេមិនអាចនិយាយបានថា ប្រទេសណាឈ្នះប្រទេសណា​ចាញ់បាន​នោះដែរ គឺពាក្យថាចរចាមានន័យថា គឺជាការឈរលើយុទ្ធសាស្ត្រឈ្នះ-ឈ្នះទាំងសង្ខាង ដើម្បីធ្វើការ​អភិវឌ្ឍ​និងសហការគ្នាតែប៉ុណ្ណោះ ក្រោយបញ្ចប់ជម្លោះ។

 

ដូច្នេះមិនមានកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពជាតិរបស់ប្រទេសណាមួយនោះទេ ប៉ុន្តែប្រសិនបើមានការប៉ះពាល់ដល់អធិបតេយ្យភាពជាតិ នោះគឺត្រូវតែមានការយល់​ព្រមនិងមានការឯកភាពគ្នាយ៉ាងច្បាស់លាស់ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំង រដ្ឋសភា និងព្រឹទ្ធសភារនៃ​ប្រទេស​សាម៉ីជាមុនសិន នេះទើបជានិតិវិធីស្របតាមច្បាប់នៃប្រទេសនីមួយៗដែលបានចែង។

 

ចំណែកឯបញ្ហាព្រំដែន គឺមានមធ្យោបាយតែមួយដែលត្រូវដោះស្រាយគឺតាមរយៈ ផ្លូវច្បាប់ អនុសញ្ញា​និងសន្ធិសញ្ញា ដែលមានស្រាប់ និងដែលបានតម្កល់នៅអង្គការសហប្រជាជាតិដោយមាន​ការទទួល​ស្គាល់​ជាអន្តរជាតិតែប៉ុណ្ណោះ។ ម្យ៉ាងការបោះបង្គោលព្រំដែនខណ្ឌសីមារវាងប្រទេសនិងប្រទេសត្រូវធ្វើ​ទៅតាម​លក្ខណៈបច្ចេកទេសត្រឹមត្រូវ មិនដែលមានប្រទេសណាប្រគល់ភារកិច្ចនេះទៅឲ្យស្ថិតក្រោមសមត្ថកិច្ច​របស់កងទ័ពជាអ្នកសម្រេចនោះទេ ពោលគឺត្រូវ ស្ថិតក្រោមការរៀបចំនិងដឹកនាំរបស់គណៈកម្មាធិការ​ព្រំដែន​ចម្រុះកម្ពុជា-ថៃ JBC ដែលត្រូវធ្វើការដោយសន្តិវិធី ស្របតាមអនុសញ្ញានិងសន្ធិសញ្ញា​បារាំង​សៀម​ឆ្នាំ១៩០៤ និង១៩០៧ ដែលបានចងភ្ជាប់នៅក្នុង MOU ឆ្នាំ២០០០ ដែលប្រទេសទាំងពីរកម្ពុជា-ថៃ​បាន​ចុះហត្ថលេខាឯកភាពគ្នារួចមកហើយ មិនអាចកែប្រែឬលប់ចោលបានឡើយ។

 

យ៉ាងណាមិញ ការស្ងាត់ស្ងៀមរបស់រដ្ឋាភិបាលកម្ពុជា គឺជាការទុកឱកាសឲ្យក្រុមជំនាញ​កិច្ចការព្រំដែន​រវាងប្រទេសទាំងពីរជាអ្នកធ្វើការលើកិច្ចការនេះ ដូច្នេះការមិនតបតជាមួយយោធាថៃ មិនមែនជាការស្ងៀម​ស្ងាត់មិនការពារទឹកដីនោះទេ តែជាការចូលរួម ក្នុងការអនុវត្តបទឈប់បាញ់ ឲ្យបានពេញលេញនិង​ចង់ស្វែងរកបានសន្តិភាព មិនមែនជាសញ្ញាថាកម្ពុជាកំពុងទន់ដៃ ឬបោះបង់ប្រយោជន៍ជាតិនោះទេ។ ផ្ទុយទៅវិញ ការស្ងាត់ស្ងៀមរបស់រដ្ឋាភិបាល វាជាការបង្ហាញពីភាពចាស់ទុំ ធ្វើនយោបាយឆ្លាតវៃ និងបង្ហាញថាកម្ពុជាជាប្រទេសស៊ីវីល័យមានខឿនអរិយធ៌មខ្ពង់ខ្ពស់ មិនមែនធ្វើអ្វីតាមតែការនឹកឃើញ​ដូចប្រទេសថៃដែលធ្វើអ្វីៗតាមតែការញុះញង់ពីក្រុមជ្រុលនិយមមួយចំនួននិងដើម្បីចង់បានតែប្រជាប្រិយភាពបែបប្រជាភិថុតដើម្បីស្វែងរកសម្លេងឆ្នោតសម្រាប់យោធាអាចឈានជើងចូលទៅក្តោបកាន់អំណាចឡើងវិញក្នុងពេលខាងមុខនោះទេ។

 

ម្យ៉ាងគេបានមើលឃើញថា សកម្មភាពដែលយោធាថៃ បាននិងកំពុងធ្វើដូចសព្វថ្ងៃនេះគឺគ្រាន់​តែជាការ​ចង់​លួងចិត្តក្រុមជ្រុលនិយមរបស់ខ្លួននិងជាការចង់បញ្ឈឺចិត្តប្រជាពលរដ្ឋកម្ពុជា ដើម្បីបំបែកបំបាក់ផ្ទៃក្នុង​កម្ពុជា​និងចង់ដឹងអំពីភាពអត់ធ្មត់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយចង់ធ្វើឲ្យកម្ពុជាអស់ការអត់ធ្មត់ និង​រកលេសបង្ករសង្គ្រាមឈ្លានពានជាថ្មីលើកម្ពុជាដោយស្របច្បាប់ដើម្បីសម្រេចបាននូវមហិច្ឆិតាវាតទីទឹកដីតាមការចង់បានដោយឈរលើផែនទីចោរខ្នាត១/៥០០០០របស់ខ្លួនតែប៉ុណ្ណោះ។

 

កម្ពុជាជាប្រទេសដែលជឿជាក់ថាសន្តិភាព មិនធ្វើឲ្យប៉ះពាល់និងនាំឲ្យអាប់ឱនដល់មុខមាត់របស់ប្រទេស​ជាតិនោះឡើយ។រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ច្បាស់ថា មិនមានកិច្ចព្រមព្រៀងណាមួយ រួមទាំង​បទ​ឈប់បាញ់ និងសន្តិភាពណាដែលនឹងនាំឲ្យបាត់បង់អធិបតេយ្យភាព ឬបូរណភាពទឹកដីស្រប​ច្បាប់របស់​កម្ពុជានោះឡើយ។

 

ដូច្នេះ ការស្ងប់ស្ងាត់ក្នុងបរិបទនៃបទឈប់បាញ់ មិនមែនជាការស្ងៀមមិនការពារទឹកដីទេ។ ការបញ្ចៀស​សង្គ្រាមគឺជាវិធានសន្តិភាព ដែលអាចបង្ហាញពីភាពឆ្លាតវៃ និងទំនួលខុសត្រូវលើនយោបាយរបស់ជាតិ។ កម្ពុជាកំពុងមានសុខសន្តិភាពក្នុងផ្ទៃប្រទេសរួចជាស្រេចទៅហើយ ប៉ុន្តែសន្តិភាពជាមួយប្រទេសជិតខាង​ជា​ពិសេសជាមួយថៃនេះ កម្ពុជាកំពុងខិតខំចរចាដើម្បីស្វែងរកឲ្យខាងតែបាន តែក៏មិនមែនចង់​បាន​សន្តិភាពដោយដោះដូរនិងការកាត់ឬដោយដូរទឹកដីណាមួយនោះទេ ប៉ុន្តែជាសន្តិភាពដែលកសាងឡើង​ដោយ​ឈរ​លើ​គោល​ការណ៍នៃអធិបតេយ្យភាព បូរណភាព និងកិត្តិយសជាតិកម្ពុជា។

សម្រាប់គោលជំហររបស់មេដឹកនាំកម្ពុជា៖ «ស្ងាត់ តែមិនស្ងៀម បញ្ចៀសសង្គ្រាម បង្កើតសន្តិភាព!!!» ៕

 

ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

 

 

 

អត្ថបទទាក់ទង