ខ្មែរប៉ុស្ដិ៍ Close

អ្វីទៅជាអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO)?

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 486
អ្វីទៅជាអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO)? អ្វីទៅជាអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO)?

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទ ទី១ ខែកញ្ញា បានបើកកិច្ចប្រជុំកំពូលមួយដែលមានការចូលរួមពីបណ្ដាមេដឹកនាំមកពី២០ប្រទេស នៅក្នុងទីក្រុង Tianjin។ មេដឹកនាំ មកពីប្រទេសជាសមាជិកទាំង១០ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ឬហៅកាត់ថា SCO បានថតរូបជុំគ្នានៅលើកម្រាលព្រំក្រហម។ ដូច្នេះអ្វីទៅជា SCO?

SCO គឺជាអង្គការមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយចិន រុស្ស៉ី និងប្រទេស៤ផ្សេងទៀតក្នុងតំបន់អាស៊ីកណ្ដាល។ តាមក្រុមអ្នកជំនាញ SCO ត្រូវបានបង្កើតឡើងដើម្បីប្រជែងនឹង សណ្ដាប់ធ្នាប់ពិភពលោកដឹកនាំដោយសហរដ្ឋអាមេរិក។ អង្គការនេះមានសមាជិកពេញសិទ្ធិចំនួន១០ រួមមានចិន រុស្ស៉ី កាហ្សាក់ស្ថាន កៀហ្ស៉ីស៊ីស្ថាន តាហ្ស៉ីគីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌា ប៉ាគីស្ថាន អ៉ីរ៉ង់ និងបេឡារុស។

តាមពិតទៅ SCO បានលេចចេញជារូបរាងតាំងតែពីឆ្នាំ១៩៩៦ម្ល៉េះ ក្នុងនាមជាប្លុកសន្តិសុខមួយមានឈ្មោះថា «Shanghai Five» ដែលត្រូវបានបង្កើតឡើងដោយចិន រុស្ស៉ី កាហ្សាក់ស្ថាន កៀហ្ស៉ីស៊ីស្ថាន និងតាហ្ស៉ីគីស្ថាន ដើម្បីផ្សះផ្សាជម្លោះព្រំដែនរបស់បណ្ដាប្រទេសទាំងនេះ បន្ទាប់ពីសង្រ្គាមត្រជាក់បិទបញ្ចប់ជាមួយការដួលរលំសហភាពសូវៀត។ រហូតដល់ខែមិថុនា ឆ្នាំ២០០១ ទើបអង្គការនេះបានប្ដូរឈ្មោះមកជាអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ឬហៅកាត់ថា SCO ដោយបន្ថែមអ៊ូសបេគីស្ថានជាសមាជិក និងមានទីស្នាក់ការក្នុងទីក្រុងប៉េកាំង។ នៅឆ្នាំ២០១៧ SCO បានបញ្ចូលសមាជិកបន្ថែមដូចជាឥណ្ឌា និងប៉ាគីស្ថាន។ អ៉ីរ៉ង់បានចូលជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ២០២៣ និងបេឡារុសនៅឆ្នាំ២០២៤។ លើសពីនេះទៅទៀត SCO ក៏មានដៃគូសន្ទនាចំនួន១៤ ផងដែររួមមានអារ៉ាប៊សាអូឌីត អេហ្ស៉ីប តួកគីយ៉េ មីយ៉ាន់ម៉ា ស្រីលង្កា និងកម្ពុជា។

រដ្ឋជាសមាជិក SCO មានប្រជាជនសរុបស្មើនឹង ៤៣ភាគរយនៃប្រជាជនពិភពលោក និងតំណាង២៣ភាគរយ ឬជិតស្មើនឹង១ភាគ៤ នៃសេដ្ឋកិច្ចពិភពលោក៕

អត្ថបទទាក់ទង