ខ្មែរប៉ុស្ដិ៍ Close

គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 79

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបង្ហាញជំនឿថា ឯកសារគោលនយោបាយដំឡូងមីនឹងប្រែក្លាយកម្ពុជាឲ្យទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោកដោយសារឯកសារនេះផ្តល់នូវចក្ខុវិស័យច្បាស់លាស់ និងវិធីសាស្ត្ររៀបចំខ្សែសង្វាក់តម្លៃសំខាន់ៗដើម្បីធ្វើឲ្យដំណាំដំឡូងមីទទួលបានទិន្នផលច្រើន និងមានតម្លៃខ្ពស់អាចឆ្លើយតបតម្រូវការនៃទីផ្សារទាំងក្នុង និងក្រៅប្រទេស។

លោកបានបង្ហាញជំនឿចិត្តដូចនេះនាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ និងទទួលឯកសារគោលនយោបាយដំឡូងមី ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីអន្តរក្រសួងតំណាងវិស័យឯកជន និងអង្គការ UNDP ដែលជាសមាជិកនៃគណៈកម្មការរៀបចំគោលនយោបាយជាតិដំឡូងមីប្រមាណ៥០នាក់។

នៅក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណដល់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ដែលបានប្រឹងប្រែងសហការជាមួយអង្គការ UNDP និងស្ថាប័នពាក់ព័ន្ធធ្វើការចងក្រងឯកសារដ៏មានសារៈសំខាន់នេះឡើង ដើម្បីបម្រើការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជាដែលជាដំណាំសក្តានុពលទី២ បន្ទាប់ពីដំណាំស្រូវ និងជាផលិតផលអាហារប្រចាំសតវត្សរ៍ទី២១។

លោក រីឆាត ម៉ាស្ហល សេដ្ឋវិទូនៃអង្គការ UNDP ប្រចាំប្រទេសកម្ពុជាបានគូសបញ្ជាក់ថា គោលនយោបាយដំឡូងមីនឹងប្រែក្លាយដំឡូងមីទៅជាដំណាំដែលផ្តល់ទិន្នផល និងប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាកសិករក្រីក្រ និងជាផលិតផលដែលបម្រើការអភិវឌ្ឍឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។

លោកបានបន្តទៀតថាដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តគោលនយោបាយរចនាសម្ព័ន្ធអភិបាលកិច្ចត្រូវបានបង្កើតឡើងហើយខ្សែសង្វាក់តម្លៃដំឡូងមីត្រូវបានបែងចែកជាផ្នែកៗដើម្បីតភ្ជាប់ជាមួយវិស័យអទិភាពផ្សេងទៀត។

សូមជម្រាបថាកាលពីឆ្នាំ២០១៧ កម្ពុជាបានក្លាយជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗទាំង១០នៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមីត្រូវបានពង្រីកពី ៤០០ពាន់ហិកតា ដល់ ៥៧៤ពាន់ហិកតានៅក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុបជាង ១៣លានតោន។

កន្លងមកយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្ម (CTIS) បានដាក់បញ្ចូលដំណាំដំឡូងមីទៅជាផលិតផលអទិភាពមួយដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ និងធ្វើពិពិធកម្មការនាំចេញ។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម បានកំពុងប្រឹងប្រែងជំរុញការនាំចេញផលិតផលដំឡូងមីទៅកាន់ប្រទេសចិនដោយសារតែប្រទេសទាំងពីរបានចុះហត្ថលេខាលើពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យ និងអនាម័យហើយបានកំពុងសិក្សាពីលទ្ធភាពកែច្នៃពីដំឡូងមី និងធ្វើពិពិធកម្មទីផ្សារនាំចេញ៕

អត្ថបទទាក់ទង