ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាមានបំណងស្នើឱ្យជប៉ុនជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ប្រកបដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ

ដោយ៖Sreyleak | ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 453
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាមានបំណងស្នើឱ្យជប៉ុនជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ប្រកបដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាមានបំណងស្នើឱ្យជប៉ុនជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ប្រកបដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានបំណងចង់ស្នើឲ្យជប៉ុនជួយដោះស្រាយជម្លោះនៃប្រទេសទាំងពីរប្រកបដោយសន្តិវិធី ហើយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ ជំរុញឲ្យភាគីដែលមានវិវាទជាមួយកម្ពុជាគឺ ភាគីថៃដោះស្រាយដោយសន្តិវិធី និងគោរពទៅតាមនិយាម ឬច្បាប់អន្តរជាតិ ដែលជាជំហររបស់កម្ពុជាដែលចង់បាន និងចង់ឃើញការដោះស្រាយដោយតុលាការអន្តរជាតិ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយជំនួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅវិមានសន្តិភាព ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៥។

នៅក្នុងជំនួបនោះដែរ ឯកឧត្តមមេបញ្ជាការទ័ពជើងគោកជប៉ុន ក៏បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានបញ្ជាក់អំពី មូកហេតុ ស្ថានភាពពិត និងបញ្ហាព្រំដែនរបស់ប្រទេសកម្ពុជា ដែលមានជាមួយប្រទេសថៃ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា អ្វីដែលជប៉ុនចង់បានគឺការដោះស្រាយដោយសន្តិវិធីក្នុងបញ្ហាព្រំដែននេះ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់អំពីរឿងរ៉ាវនៃវិវាទដែលចាប់ផ្ដើមដោយមានទាហ៊ានថៃឆ្លងដែនមកបាញ់សម្លាប់យុទ្ធជនកម្ពុជា បន្ទាប់មកថៃសម្រេចបិទច្រកព្រំដែនជាឯកតោភាគីជាដើម និងសកម្មភាពជាច្រើនទៀតដែលថៃបានរំលោភមកកាន់កម្ពុជាបន្ថែមទៀត ដែលជាផ្នែកមួយកម្ពុជាត្រូវតែមានវិធានការក្នុងការទប់ស្កាត់ឆ្លើយតបត្រឡប់ទៅវិញ។ យ៉ាងណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ចំពោះឯកឧត្តមមេបញ្ជាការទ័ពជើងគោកជប៉ុន ដោយច្បាស់ថា ជំហររបស់កម្ពុជាគឺ ការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការនៃការចរចាទ្វេភាគី និងការដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺការដោះស្រាយដោយយកតុលាការអន្តរជាតិ (ICJ) ក្នុងការដោះស្រាយបញ្ហានេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា សម្តេចមិននឹកស្មានថា មានរឿងបែបនេះ ចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរទាល់តែសោះ ហើយអ្វីដែលសម្តេចចង់បានគឺ ព្រំដែនមួយដែលមានកិច្ចសហប្រតិបត្តិការល្អ មិត្តភាព ព្រំដែនដែលមានការសហការរួមគ្នា សម្តេចមិនចង់ឃើញមានការផ្ទុះអាវុធ ឬសង្រ្គាមជាមួយគ្នាឡើយ គឺចង់ឃើញតែសន្តិភាពដែលបានកើតឡើង សម្រាប់ព្រំដែនប្រទេសកម្ពុជា៕

អត្ថបទទាក់ទង