ខ្មែរប៉ុស្ដិ៍ Close

អង្គការសង្គមស៊ីវិលជាច្រើន ដាក់ញត្តិស្នើសុំឱ្យតុលាការកំពូលពិនិត្យសំណុំរឿងក្តី លោក រ៉ុង ឈុន ដើម្បីដកសិទ្ធិនយោបាយ ពីព្រោះបុគ្គលនេះបង្កគ្រោះថ្នាក់បំផុតចំពោះសន្តិភាពកម្ពុជា

ដោយ៖Sreyleak | ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1504
អង្គការសង្គមស៊ីវិលជាច្រើន ដាក់ញត្តិស្នើសុំឱ្យតុលាការកំពូលពិនិត្យសំណុំរឿងក្តី លោក រ៉ុង ឈុន ដើម្បីដកសិទ្ធិនយោបាយ ពីព្រោះបុគ្គលនេះបង្កគ្រោះថ្នាក់បំផុតចំពោះសន្តិភាពកម្ពុជា អង្គការសង្គមស៊ីវិលជាច្រើន ដាក់ញត្តិស្នើសុំឱ្យតុលាការកំពូលពិនិត្យសំណុំរឿងក្តី លោក រ៉ុង ឈុន ដើម្បីដកសិទ្ធិនយោបាយ ពីព្រោះបុគ្គលនេះបង្កគ្រោះថ្នាក់បំផុតចំពោះសន្តិភាពកម្ពុជា

តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជនរាប់ពាន់នាក់ ដែលជាសមាជិកសហភាព អង្គការសង្គមស៊ីវិលចំនួន ៥០ អង្គភាពបានស្នើសុំឱ្យតុលាការកំពូលពិនិត្យមើលសំណុំរឿងក្តីលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដើម្បីដកសិទ្ធិមិនឱ្យធ្វើនយោបាយបន្តទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការកំពូល ចុះថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥ ។

ខ្លឹមសារនៅក្នុងញ្ញត្តិនេះ បានបញ្ជាក់អំពីមូលហេតុនៃការស្នើសុំដែលមានខ្លឹមសារថា បន្ទាប់ពីលោក រ៉ុង ឈុន ធ្វើការញុះញង់ពាក់ព័ន្ធនឹងករណីព្រំដែន សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោកដោយដកសិទ្ធិនយោបាយ ប៉ុន្តែរហូតដល់បច្ចុប្បន្ន លោក រ៉ុង ឈុន មិនត្រឹមតែមិនព្រមអនុវត្តតាមនោះទេ ថែមទាំងធ្វើសកម្មភាពនយោបាយជាបន្តបន្ទាប់ មិនរាងចាលដោយមិនគោរពសេចក្ដីសម្រេចរបស់តុលាការឡើយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះផងដែរ បានបញ្ជាក់ថា ទង្វើដែលមើលស្រាលច្បាប់បែបនេះ ជាការព្រួយបារម្ភពីសុខសន្តិភាព និងស្ថិរភាពនយោបាយដែលប្រជាជនកម្ពុជា កំពុងមាននាពេលបច្ចុប្បន្នដែលបានមកដោយលំបាកបំផុត ប៉ុន្តែបែរជាត្រូវបាន និងកំពុងបន្តគំរាម កំហែងដោយក្រុមនយោបាយជ្រុលនិយមរបស់លោក សម រង្ស៊ី ។ ទោះបីជាក្រុមនេះមានទីតាំងនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែក្រុមនេះបន្តសាបព្រោះមនោគមវិជ្ជាមកលើប្រជាពលរដ្ឋខ្មែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសក្រុមមនុស្សរបស់ខ្លួនដែលកំពុងធ្វើនយោបាយក្នុងប្រទេសកម្ពុជា ពិតជាបង្កគ្រោះថ្នាក់បំផុតចំពោះសន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា។ គណបក្សកម្លាំងជាតិដែលបង្កើតឡើងដោយលោក សម រង្ស៊ី និងលោក អេង ឆៃអ៊ាង ដោយមានលោក រ៉ុង ឈុន និងលោក ជា មុនី ជាមនុស្សសំខាន់បំផុតដែលបានចូលរួមជួយលោក សម រង្ស៊ី តែងតែធ្វើឱ្យមានចលាចលក្នុងរឿងគណបក្សនយោបាយដោយដឹកនាំកម្មករ គ្រូបង្រៀន ឱ្យចូលរួមបាតុកម្មគាំទ្រនយោបាយលោកសម រង្ស៊ី ចាប់តាំងពីឆ្នាំ១៩៩៨ មក។ លោក រ៉ុង ឈុន និងលោក ជា មុនី បានបោកបញ្ឆោតកម្មករគ្រូបង្រៀន ឱ្យចូលរួមបាតុកម្មដោយឃោសនាថាបាតុកម្ម ដើម្បីដំឡើងប្រាក់ខែ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានបន្តថា ទោះបីកម្ពុជាទទួលបានសន្តិភាព ដោយបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាង ៤០ ឆ្នាំក៏ដោយ ប៉ុន្តែតាមរយៈក្រុមនយោបាយ លោក សម រង្ស៊ី នេះបានបន្តរំខានដល់ស្ថិរភាពនយោបាយជាបន្តបន្ទាប់។ នៅពេលធ្វើបាតុកម្មម្តងៗបានធ្វើឱ្យអ្នកវិនិយោគព្រួយបារម្ភ និងមិនហ៊ានមកវិនិយោគ នេះមិនទាន់និយាយអំពីការធ្វើបាតុកម្ម ដើម្បីប្រឆាំងផលប្រយោជន៍ជាតិ ឬការទាមទារឱ្យបរទេសដាក់ទណ្ឌកម្មមកលើកម្ពុជាផង។ ម្យ៉ាងវិញទៀត អំពើរបស់បុគ្គលជ្រុលនិយមទាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស មានការព្រួយបារម្ភយ៉ាងខ្លាំងថា អាចធ្វើឱ្យកម្ពុជាឈានទៅរកសង្គ្រាមស៊ីវិលសាជាថ្មីទៀត ដូចកាលឆ្នាំ២០១៣-២០១៤។

ទន្ទឹមនោះផងដែរ ខ្លឹមសារប្រកាសព័ត៌មានបានសង្កត់ធ្ងន់ថា ដើម្បីចៀសវាងបញ្ហាទាំងនេះកើតឡើងទៀតនៅកម្ពុជា យើងត្រូវតែទប់ស្កាត់ក្រុមជ្រុលនិយមទាំងនេះឱ្យបាន។ ឥឡូវនេះលោក រ៉ុង ឈុន និងលោក ជា មុនី បានដឹកនាំគណបក្សកម្លាំងជាតិរបស់លោក សម រង្ស៊ី ប្រសិនបើគ្មានវិធានការចំពោះបុគ្គលដែលមានចរិតនយោបាយជ្រុលនិយមដូចលោកសម រង្ស៊ី នោះទេ ពួកគេនឹងប្រើល្បិចកលនយោបាយបន្តិចម្ដងៗដែលយកនយោបាយចាស់មកអនុវត្តគឺការញុះញង់ឱ្យមានបាតុកម្ម ដើម្បីទាញយកផលប្រយោជន៍នយោបាយ ដោយមិនគិតគូរពីស្ថិរភាពនយោបាយ ការវិនិយោគ សេដ្ឋកិច្ច និងសន្តិភាពនោះឡើយ។ មូលហេតុចម្បងមួយទៀតដែលត្រូវបិទនយោបាយលោក រ៉ុង ឈុន នោះគឺការប្រព្រឹត្តបទល្មើស និងការបំពានច្បាប់ម្តងហើយ ម្តងទៀត ដែលនាំឱ្យជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិទាំងមូល៕