ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុន Sailun Group បង្ហាញបំណងពង្រីការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 203
ក្រុមហ៊ុន Sailun Group បង្ហាញបំណងពង្រីការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់ ក្រុមហ៊ុន Sailun Group បង្ហាញបំណងពង្រីការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់

 

នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួប លោកប្រធានកិត្តិយសក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសមួយចំនួន និងវឌ្ឍនភាពនៃការវិនិយោគ​ ក៏ដូចជាកិច្ចសហការរបស់ក្រុមហ៊ុនជាមួយនឹងស្ថានប័នមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ លោកប្រធានកិត្តិយសក្រុមហ៊ុនក៏បានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងព្រះរាជាណាក្រកម្ពុជា ដោយផ្ដោតទៅលើ (១). ការកែច្នៃផលិតផលកៅស៊ូ ដើម្បីផលិតចេញជាផលិតផលផ្សេងៗ ដែលមានដូចជាសំបកកង់រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ, និង (២). ការបង្កើតសួនឧស្សាហកម្មសម្រាប់​ខ្សែ​ច្រវាក់​ផលិតកម្ម​នៃ​ឧស្សាហកម្ម​កែច្នៃ​កៅស៊ូ​ ក៏ដូចជាសមត្ថភាពផលិតរបស់ក្រុមហ៊ុននៅក្នុងតំបន់ផងដែរ។ 

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងទីផ្សារពិភពលោក ក៏ដូចជាការរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។  សម្ដេចបវរធិបតីក៏បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួន​ ក្នុងការបង្កើតឱ្យមាននូវប្រព័ន្ធអេកូស៊ីស្ទឹមពេញលេញនៅក្នុងការផលិតសំបកកង់រថយន្តនៅក្នុង​សួន​ឧស្សាហកម្ម​នេះ គឺជាចំណុចមួយដ៏ល្អ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យគិតគូរទៅដល់ការបង្កើតនូវខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក ក៏ដូជាទីផ្សារអន្តរជាតិផងដែរ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការ និងពិភាក្សាបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយគោលបំណងពង្រីកការវិនិយោគនេះឱ្យទៅជាសកម្មភាពជាក់ស្ដែងផងដែរ ៕

អត្ថបទទាក់ទង