ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិន

ដោយ៖ Sreyleak ​​ | ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 244
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិន

ក្រុងណាននីង៖ ឆ្លៀតក្នុងឱកាសនៃការចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបពិភាក្សាការងារនេះ មានការចូលរួមផងដែរពីថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នមួយចំនួននៃប្រទេសទាំងពីរ។

ឯកឧត្តម Ding Xuexiang បានលើកឡើងថា កម្ពុជា និងចិន គឺជាមិត្តដែកថែបដែលមិនអាចបំបែកបំបាក់បាន ហើយរដ្ឋាភិបាលចិនតែងតែចាត់ទុកកម្ពុជាជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយក៏បានត្រៀមខ្លួនសម្រាប់បន្តគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម Ding Xuexiang បានបញ្ជាក់ថា​ ឯកឧត្តម វង្សី វិស្សុត គឺជាមិត្តចាស់របស់ប្រជាជនចិន និងបានថ្លែងអំណរគុណដល់ឯកឧត្តម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមិត្តភាពកម្ពុជា-ចិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត  បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងបានយកចិត្តទុក្ខចំពោះការពិនិត្យសុខភាពថ្វាយព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែ និងតែងបានទទួលស្វាគមន៍ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅថ្វាយព្រះអង្គទាំងទ្វេ ក្នុងអំឡុងពេលព្រះអង្គយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន។ ឯកឧត្តម វង្សី វិស្សុត បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំនៃរដ្ឋាភិបាលចិន និងបានវាយតម្លៃខ្ពស់ដល់រដ្ឋាភិបាលចិន ដែលបានរៀបចំពិព័រណ៍ចិន-អាស៊ានជាប្រចាំចាប់តាំងពីឆ្នាំ២០០៤ ដែលកម្មវិធីនេះបានក្លាយជាវេទិកាយ៉ាងសំខាន់ សម្រាប់ជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសមាហរណកម្មក្នុងតំបន់ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព ស្ថិរភាព និងសន្តិភាពក្នុងតំបន់ ក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបប្រឈមនឹងបញ្ហា និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងផងដែរថា ចំណងទាក់ទងរវាងកម្ពុជា-ចិន មានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ហើយប្រវត្តិសាស្រ្តក៏បានគូសបញ្ជាក់ផងដែរ ចិននិងកម្ពុជាមាននិស្ស័យជាមួយនឹងគ្នា និងជាមិត្តដែលកម្ពុជាអាចពឹងពាក់បាន។ ឯកឧត្តមបានបន្តថា ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ និងថ្នាក់ដឹកនាំនៃប្រទេសចិនគឺ លោក ម៉ៅ សេទុង និង លោក ជូ អេនឡាយ ដែលបានជំរុញ និងបង្កើតឱ្យមានទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងចិន ឆ្នាំ១៩៥៨។ ទំនាក់ទំនងនេះ ត្រូវបានពូនជ្រុំ និងបានបន្ដរីកលូតលាស់យ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានប្រែក្លាយទំនាក់ទំនងរវាងប្រទេសទាំងពីរឈានទៅជាភាពដៃគូសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ហើយបានបង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពី សមេ្តចតេជោ ហ៊ុន សែន, ទំនាក់ទំនងនេះ កាន់តែត្រូវពង្រឹង និងពង្រីកដល់កម្រិតខ្ពស់ថ្មីមួយទៀត គឺកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរួមក្នុងតំបន់ និងបានជំរុញកិច្ចសហប្រតិបត្តិការលើការកសាង ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងមច្ឆា និងអង្ករ ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម ដើម្បីនាំមកនូវភាពសុខដុមកាន់តែល្អប្រសើរសម្រាប់ប្រជាជនទាំងពីរកម្ពុជា-ចិន និងបន្ដសម្រេចបាននូវសមិទ្ធផលថ្មីៗសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីចិន បានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយក្នុងនោះរួមមាន វិស័យនយោបាយ សេដ្ឋកិច្ច កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ លើការលើកកម្ពស់ សហប្រតិបត្តិការសេដ្ឋកិច្ច ដោយលើកកម្ពស់ការនាំចេញផលិតផលមួយចំនួនពីកម្ពុជាទៅចិន ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងថាមពលកកើតឡើងវិញក្នុងប្រទេសកម្ពុជា និងការពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសរវាងយុវជននៃប្រទេសទាំងពីរ សម្រាប់ជាការរួមចំណែកពង្រឹងចំណងមិត្តភាពយូរអង្វែងនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបានជួយទ្រទ្រង់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ថាមពល, សុខាភិបាល, ប្រព័ន្ធស្រោចស្រព, អបរំ, កសិកម្ម ។ល។

 

 

អត្ថបទទាក់ទង