ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ប្រវត្តិសាស្ត្រថ្មីនៅលើទឹកដីភាគឦសាន

ដោយ៖ Sreyleak ​​ | ថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានទូទៅ ទស្សនៈ - នយោបាយ 138
លិខិតមិត្តអ្នកអាន៖ ប្រវត្តិសាស្ត្រថ្មីនៅលើទឹកដីភាគឦសាន លិខិតមិត្តអ្នកអាន៖ ប្រវត្តិសាស្ត្រថ្មីនៅលើទឹកដីភាគឦសាន

ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដំណើរកម្សាន្តទៅទិសឦសានជើងទី១ តាមផ្លូវក្រវ៉ាត់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី កាលពីថ្ងៃសៅរ៍ទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យនិងបានបន្សល់ទុកអនុស្សាវរីយនិងភាពសប្បាយរីករាយសម្រាប់អ្នកចូលរួមក្នុងដំណើរកម្សាន្តដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះដែលពុំធ្លាប់មានពីមុនមក។  តើដំណើរទស្សនកិច្ចនេះមានអត្ថន័យបែបណា?

ទី១- បញ្ជាក់ថាកម្ពុជាមានបង្គោលព្រំដែនរឹងមាំ៖
តាមរយៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះ ប្រជាពលរដ្ឋខ្មែរ បានមើលឃើញពីភាពរឹងមាំ និច្បាស់លាស់របស់បង្គោលព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងរឹងមាំច្បាស់លាស់ ខុសពីការប្រឌិតបំភ្លៃរបស់អ្នកនយោបាយ និងអ្នកវិភាគឡប់ឡែមួយចំនួន ដែលតែងតែចោទប្រកាន់ថា បង្គោលព្រំដែនត្រូវបានរំកិល ឬបង្គោលព្រំដែនចេះដើរជាដើម ពោលគឺប្រភេទបង្គោលដែលបានបោះតាមខ្សែព្រំដែនកម្ពុជា-វៀតណាមរួមមាន៖ បង្គោលមេ (ច្រកអន្តរជាតិ) បង្គោលមេធម្មតា បង្គោលបំពេញបន្ថែម និងបង្គោលតម្រុយជាដើម។

ទី២- កម្ពុជា បាននិងកំពុងការពារទឹកដី និងអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ៖
នៅក្នុងដំណើរទស្សនកិច្ចទៅតំបន់ព្រំដែននេះ ប្រជាពលរដ្ឋ យុវជន ព្រះសង្ឃ បានឃើញផ្ទាល់ភ្នែកថា មិនមានការបាត់បង់ទឹកដីនៅតំបន់ព្រំដែននោះទេ ហើយរាជរដ្ឋាភិបាល ប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍន៍តំបន់ព្រំដែន និងការបោះបង្គោលព្រំដែនរឹងមាំ ស្ថាពរ ដែលមានការទទួលស្គាល់ពីភាគីពាក់ព័ន្ធទៅវិញទៅមក។ លើសពីនេះ រាជរដ្ឋាភិបាល ធ្លាប់បានគូសបញ្ជាក់ថា នឹងមិនធ្វើឱ្យបាត់បង់ទឹកដីកម្ពុជាសូម្បី១មីល្លីម៉ែត្រ ហើយក៏មិនចង់បានទឹកដីរបស់ប្រទេសជិតខាងនោះដែរ។ ផ្ទុយទៅវិញ អ្នកចូលរួមទាំងអស់ បានសម្តែងក្តីសប្បាយរីករាយដោយបង្ហាញនូវស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីកាន់តែខ្លាំង ជាពិសេស គឺជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ព្រោះពួកគេ បានឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលដ៏ធំធេងដែលកើតចេញពីការលះបង់ និងកិច្ចខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុជាតិមាតុភូមិ។

ទី៣- កម្ពុជា កសាងផ្លូវយុទ្ធសាស្រ្តតាមក្រវាត់ព្រំដែន៖
តាមរយៈដំណើរទស្សនកិច្ចនេះដែរ ប្រជាពលរដ្ឋ បានធ្វើដំណើរយ៉ាងសប្បាយរីករាយប្រកបដោយសុវត្ថិភាពនៅតាមបណ្តោយព្រំដែនខេត្តក្រចេះ និងខេត្តមណ្ឌលគិរី និងបានស្រូបយកខ្យល់អាកាសបរិសុទ្ធ ទេសភាពបៃតងខ្ចីនារដូវវស្សា នៅលើផ្លូវគ្រួសក្រហម កសាងដោយកម្លាំងវិស្វករ អគ្គបញ្ជាការដ្ឋាន។ ការកសាងផ្លូវតាមក្រវាត់ព្រំដែននេះដែរ ក៏ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរ បានទៅដល់តំបន់ក្រវាត់ព្រំដែនដើម្បីមើលឃើញជាក់ស្តែងពីអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ លើសពីនេះ ប្រជាពលរដ្ឋ ក៏បានទៅដល់ផ្ទាល់នៅតំបន់ព្រំដែនដូចជា ច្រកទ្វារអន្តរជាតិត្រពាំងស្រែ នៅក្នុងឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ព្រំដែនអន្តរជាតិ (ខេត្តក្រចេះ-ប៊ិញភឿក) និងច្រកទ្វេភាគីកម្ពុជា-វៀតណាម (ឡាប៉ាខេ) ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានកសាងផ្លូវគមនាគមន៍យ៉ាងស្រួលដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជិតឆ្ងាយធ្វើដំណើរមកទស្សនា មកមើលភាពជាក់ស្ដែងថាល្អប្រសើរយ៉ាងណា។ ពួកគាត់ ក៏បានស្នើដល់រាជរដ្ឋាភិបាលសូមខិតខំកសាងសមិទ្ធផលជូនជាតិនិងប្រជាជនបន្តទៅទៀត ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែអភិវឌ្ឍរីកចម្រើន ហើយពួកគាត់ ក៏នៅតែគាំទ្រចំពោះរាជរដ្ឋាភិបាល គាំទ្រសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តទៅមុខទៀតផងដែរ។

ទី៤- ការទទួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ៖
តាមរយៈដំណើរទស្សនកិច្ចនេះដែរ បានបង្ហាញឱ្យឃើញពីការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋដោយឥតលាក់លៀម និងមានតម្លាភាពជុំវិញបញ្ហាព្រំដែន និងអធិបតេយ្យភាពជាតិ។ យើងអាចនិយាយបានថា នេះគឺជាដំណើរទស្សនកិច្ចទេសចរណ៍ផ្សារភ្ជាប់នឹងអធិបតេយ្យ បូរណភាពទឺកដី ដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរទៅដល់ទឹកដីនៃខេត្តនៃតំបន់ភូមិភាគឦសានដោយផ្ទាល់ ក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវដោយផ្ទាល់ ឃើញផ្ទាល់ និងឈ្វេងយល់ដោយផ្ទាល់ អំពីទិដ្ឋភាពជាក់ស្ដែងនៅតាមបណ្តោយព្រំដែន ជាពិសេស ផ្លូវក្រវាត់ព្រំដែន សក្តានុពលគ្រប់វិស័យ និងជីវភាពរស់នៅប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ជាពិសេសដើម្បីឈ្វេងយល់ការពិតអំពីបញ្ហាព្រំដែន និងក៏បានបង្ហាញពីមោទនភាពជាតិ និងមានសាមគ្គីភាពរឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីជាមួយរាជរដ្ឋាភិបាល។ លើសពីនេះ អ្នកដំណើរទាំងអស់ ក៏ទទួលបានចំណេះដឹងថ្មីៗជាច្រើនពាក់ព័ន្ធនឹងកិច្ចការព្រំដែនដែលពួកគេមិនធ្លាប់មានពីមុន ដោយមានការបកស្រាយយ៉ាងច្បាស់លាស់អំពីទិដ្ឋភាពបច្ចេកទេសក្នុងការងារបោះបង្គោលព្រំដែន ទិដ្ឋភាពច្បាប់ ទិដ្ឋភាពសេដ្ឋកិច្ច និងការងារកសាងផ្លូវក្រវាត់ព្រំដែន ពីអភិបាលខេត្តត្បូងឃ្មុំ អភិបាលខេត្តក្រចេះ និងអភិបាលខេត្តមណ្ឌលគិរី ពីអ្នកជំនាញខាងព្រំដែន

និងពីតំណាងបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការស្តីពីដំណើរការស្ថាបនាសំណង់តាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរីជាដើម។

ជារួម ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តលើកដំបូងទៅកាន់ទឹកដីភាគឦសានក្រោមគំនិតផ្តួចផ្តើមប្រក បដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺជាដំណើរទស្សនកិច្ចដែលមានតម្លៃជាប្រវត្តិសាស្រ្ត ហើយក៏ជាសារមួយបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងសាកលលោកថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តថែរក្សាការពារអធិបតេយ្យ បូរភាពភាពទឹកដី និងកសាងព្រំដែនមួយដែលរឹងមាំ ស្ថាពរគង់វង្សសម្រាប់ជាមរតកដល់កូនចៅខ្មែរតទៅអនាគត៕

ដោយ៖ តាំង ករុណា

អត្ថបទទាក់ទង