ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅខេត្តកំពង់ធំ

ដោយ៖ Sreyleak ​​ | ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 81
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅខេត្តកំពង់ធំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅខេត្តកំពង់ធំ

នៅព្រឹកថ្ងៃអាទិត្យ ០៨ រោច ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែ
កក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ
គណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ រួមមានៈអង្ករ មី ទឹកក្រូច ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងបច្ច័យសម្រាប់កសាងវត្ត និងប្រគេនជូនព្រះសង្ឈ និងបច្ច័យមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីជួយទំនុកបំរុង និងបង្កលក្ខណៈងាយស្រួលសម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ។ ពិធីនេះ ក៏មានវត្តមានចូលផងដែរពីសំណាក់ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃអគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងពុទ្ធបរិស័ទ។

ក្នុងពិធីបុណ្យប្រកបដោយសទ្ធាជ្រះថ្លានេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានបូជាទៀន ធូប កម្រងផ្កា នមស្ការសមាទានសីល និងការវេរប្រគេនទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគបរិភោគថ្វាយព្រះមេគណទាំងពីរគណៈនៃខេត្តកំពង់ធំ គឺព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណខេត្ត គណៈមហានិកាយ គង់នៅវត្តឥន្រ្ទីយ៍សំវរៈ ហៅវត្តកំពង់ធំ និងព្រះមហាធម្មពង្សា សួន ដារ៉ាហេព្ហី ព្រះមេគណ គណៈធម្មយុត្តិកនិកាយ គង់នៅវត្តព្រះពុទ្ធជិនរាជ ព្រមទាំងព្រះថេរានុត្ថេរៈចំនួន ១៩៧ អង្គ។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់អំណោយជាថវិកាមួយចំនួនដល់ចាស់សីលវ័ន្តសីលវត្តី និងពុទ្ធបរិស័ទដែលចូលរួមផងដែរ។

គួរបញ្ជាក់ដែរថា ពិធីបុណ្យចូលព្រះវស្សា តែងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ ហើយប្រជាពុទ្ធបរិស័ទខ្មែរដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនាតែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងរយៈពេល​ប្រមាណជា៣ខែនេះ សម្រាប់ជា​ចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្ត​បិណ្ឌ​បាត្រ​៕

អត្ថបទទាក់ទង