ដឹងទេថា រូបភ្នំដែលបាត់ក្មេង១៣នាក់នោះកាលពីមុនក៏ធ្លាប់មានមនុស្សបាត់ខ្លួនដែរ
កាលពីពេលថ្មីៗនេះមានព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមែនទែន ដោយក្មេងៗសិស្សសាលាមួយក្រុមមានគ្នា ១៣នាក់រួមជាមួយគ្រូបង្វឹកម្នាក់ បានបាត់ខ្លួនក្នុងរូងភ្នំ Tham Laung ប្រទេសថៃកាលពីថ្ងៃសៅរ៍។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទី ១ទេដែលមានមនុស្សបាត់ខ្លួនក្នុងរូងភ្នំនេះ ដោយកាលពីឆ្នាំ ២០១៦ក៏ធ្លាប់មានបុរសម្នាក់បាត់ខ្លួនយ៉ាងអាថ៌កំបាំងផងដែរ។ យោងតាមកាសែត Sanook ឲ្យដឹងថា កាលពីថ្ងៃទី ១២ សីហា ឆ្នាំ២០១៦ បុរសជាអ្នកទេសចរម្នាក់ឈ្មោះ Sutirod Polyutasat បានផ្ញើកង់របស់ខ្លួនជាមួយអ្នកលក់ដូរក្នុងតំបន់ ដោយប្រាប់ថាលោកចង់រករូងភ្នំដើម្បីសមាធិ ២-៣ថ្ងៃ។
រយៈពេល ៧ថ្ងៃក្រោយមក បុរសរូបនេះមិនបានចេញមកវិញទេទើបធ្វើឲ្យអាជ្ញាធរនាំគ្នាស្វែងរកប៉ុន្តែមិនអាចរកឃើញសូម្បីតែដានរបស់គេនោះទេ។ ជិត ៣ខែក្រោយមកទៀត រហូតដល់ចុងខែតុលា បុរសរូបនេះបានលេចមុខនៅរីសតមួយក្បែរនោះ ដោយបានសុំបន្ទប់ស្នាក់នៅប៉ុន្តែប្រាប់ថាលោកគ្មានលុយនោះទេ។
ក្រោយមកទៀត លោក Sutirod បានពន្យល់ប្រាប់ប៉ូលិសថា “លោកមិនអាចចេញពីរូងភ្នំមកវិញបានដោយសារតែមានទឹកលិចខ្លាំង ប៉ុន្តែលោកមានអាហារគ្រប់គ្រាន់សម្រាប់ញ៉ាំនៅក្នុងនោះ។” លោកបញ្ជាក់ទៀតថា លោកហាក់ដូចជាវង្វេងវង្វាន់ហើយមិនដឹងខ្លួននោះទេ។
ទោះយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចបញ្ជាក់ថាការអះអាងរបស់បុរសរូបនេះជាការពិត ឬយ៉ាងណានោះទេ។ ប៉ុន្តែប្រជាជនក្នុងខេត្តឈៀងរ៉ៃ មិនបដិសេធរឿងនេះទេ ដោយសារពួកគេជឿថាមានបារមីស័ក្ដិសិទ្ធិនៅក្នុងរូងភ្នំនេះ។ ហេតុដូចនេះហើយបានជាប្រជាជនថៃភាគច្រើនតែនិយាយថា “បើមិនជឿ សូមកុំប្រមាថ” ៕