ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា គឺជាទីកន្លែងស្នាក់អាស្រ័យអប់រំព្រះធម៌ និងជាប្រភពទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 57

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្ពោធមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅថ្ងៃនេះគឺមិនត្រឹមតែជួយផ្ដល់ទីតាំងសម្រាប់ពុទ្ធបរិស័ទ ដែលជាឧបាសក ឧបាសិកា សីលវ័ន្ត សីលវតី ប្រើប្រាស់នោះទេ ប៉ុន្តែវាក៏ជាប្រភពទាក់ទាញក្នុងវិស័យទេសចរណ៍ ទាំងជាតិនិងអន្តរជាតិផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»​ ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី បានថ្លែងបន្តថា លើសពីនេះមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាកម្ពុជា អាចចាត់ទុកថាជាផ្នែកសំខាន់មួយ ក្នុងការអនុវត្តគោលនយោបាយខាងជំនឿ ព្រមទាំងបានចូលរួមចំណែកការអភិវឌ្ឍចំណេះដឹងផ្នែកផ្លូវលោក ផ្លូវធម៌ សំដៅពង្រឹងវប្បធម៌ និងប្រពៃណីជាតិ។ ជាពិសេសគឺការពង្រឹងសមត្ថភាពដឹកនាំមាគ៌ាជីវិតក្នុងផ្លូវត្រូវ ហើយមជ្ឈមណ្ឌលវប្បធម៌នេះ នឹងក្លាយទៅជាជម្រកសុវត្ថិភាពមួយសម្រាប់លោកយាយ លោកតា ស្នាក់នៅ និងសមាទានសីល ក៏ដូចជានឹងក្លាយទៅជាទីជម្រកសម្រាប់សិក្សានុសិស្សមួយចំនួនផងដែរដែលខ្វះលទ្ធភាព ជាពិសេសសិស្សនិស្សិតដែលមកពីតំបន់ដាច់ស្រយាលដើម្បីបន្តការសិក្សា។

នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា មជ្ឈមណ្ឌលវប្បធម៌នេះ ជាទីតាំងមួយប្រកបដោយបរិយាកាសធម្មជាតិ និងជាតំបន់ព្រៃភ្នំដែលជាធនធានល្អផូរផង់ អាចផ្តល់ខ្យល់ល្អបរិសុទ្ធដែលអនុគ្រោះដល់ការរស់នៅ និងការប្រតិបត្តិធម៌ ធ្វើសមាធិអប់រំចិត្ត ការចម្រើនសមាធិរបស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទទូទៅ។ ប្រការនេះមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់ប្រជាជន ដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសមុំទី៥ នៃបញ្ចកោណទី១ ពោលគឺការពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន៕

អត្ថបទទាក់ទង