ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលទាំងឡាយរបស់ប្រទេសជាតិយើង គឺជានិមិត្តរូបនៃការរីកចម្រើនដែលកើតចេញពីសមត្ថភាព និងការខិតខំរបស់កូនខ្មែរ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 58

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនត្រឹមតែមានសមត្ថភាពកសាងនូវអ្វីដែលកាន់តែធំ កាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា បានផលិតនូវផលិតផលជាច្រើនដោយខ្លួនឯងថែមទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ រាល់កម្មវិធីនិងគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺសរសេរឡើងដោយកូនខ្មែរ ដោយមន្រ្តីរបស់ខ្មែរ ដែលយើងអាចដឹកនាំប្រទេសក្រោយពីបញ្ចប់សង្រ្គាមឆ្នាំ១៩៩៨ រហូតដល់សម័យកូវីដ-១៩ ដែលកម្ពុជាមានកំណើនសេដ្ឋកិច្ចជាង៧% ធ្វើឱ្យយើងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ កត្តាទាំងនេះកើតឡើងដោយសារការខិតខំ និងដោយសារសមត្ថភាពក្នុងការកសាងផែនការ ការដឹកនាំអនុវត្តផែនការរបស់មន្រ្តីខ្មែរ របស់កូនខ្មែរយើងដែលភាគច្រើនគឺឆ្លងកាត់ការបណ្តុះបណ្តាលនៅក្នុងប្រទេសរបស់យើងផ្ទាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការសម្រេចបានដោយខ្លួនឯងទាំងអស់នេះហើយ គឺជានិមិត្តរូបនៃការរីកចម្រើន ដែលបានបង្ហាញពីសមត្ថភាពរបស់កម្ពុជាយើង ដែលមិនត្រឹមតែអាចកសាងអ្វីដែលកាន់តែធំនិងកាន់តែល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងដោយទឹកដៃកូនខ្មែរទៀតផង៕

អត្ថបទទាក់ទង