ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើន៦,៦% ក្នុងឆ្នាំ២០២៤

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 31

ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ដោយបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្មក្នុងសេដ្ឋកិច្ចសកល ហើយសេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជា រក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមលើសពី៧% ក្នុងមួយឆ្នាំ សម្រាប់ រយៈពេល២ទសវត្សរ៍។ ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ សេដ្ឋកិច្ចកម្ពុជា ក៏បានស្ទុះងើបឡើងវិញជាមួយនឹងអត្រាកំណើន៥,៦% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថា នឹងមានកំណើន៦,៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រលប់ទៅរកកំណើនមុនជំងឺរាតត្បាត ក្នុងរង្វង់ ៧% ក្នុងឆ្នាំ២០២៨ ដែលការណ៍នេះ បង្ហាញអំពី អនាគតសេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏រស់រវើកនិងដ៏ទាក់ទាញក្នុងសហគមន៍អាស៊ាន។ ទីតាំងប្រកបដោយឧត្តមភាពរបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃកិច្ចសហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញ-ទៅមក និងសុខុមាលភាពរួមក្នុងតំបន់៕

អត្ថបទទាក់ទង