ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទទួលស្វាគមន៍ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃដើម្បីមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 91

នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានផ្តល់គោលការណ៍ទៅឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបណ្តាខេត្តនៅជាប់ព្រំដែន ដើម្បីទទួលស្វាគមន៍ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះដើម្បីផ្តល់នូវភាពកក់ក្តៅដល់ពួកគេទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចក៏បានចរចាជាមួយរាជរដ្ឋាភិបាលថៃនាពេលកន្លងមករួចហើយ ដើម្បីស្នើសុំឱ្យមានការលើកលែងថ្លៃសេវាធ្វើដំណើរចូលប្រទេសថៃរយៈពេល១ខែ សម្រាប់ពលករខ្មែរដែលមកលេងស្រុកកំណើតផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ដោយមានបម្រើជូននូវទឹកសុទ្ធបន្ថែមពីលើសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ៕

អត្ថបទទាក់ទង