ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យ «យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤» ធានាបាននូវការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 49

នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិតណាស់ថា ឆ្នាំ២០២៤ ត្រូវបានកំណត់ថាជាឆ្នាំទស្សនាសៀមរាប ប៉ុន្តែមិនមែនមានន័យថាឆ្នាំក្រោយយើងឈប់មកសៀមរាបនោះទេ គឺមានន័យថា ឆ្នាំ២០២៤នេះជាឆ្នាំមួយដើម្បីទាញអារម្មណ៍មកខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល ប៉ុន្តែក៏មិនមែនហាមឃាត់មិនឱ្យទៅខេត្តផ្សេងៗនោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដាក់ចេញយុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤នេះ ក៏មិនមែនមានន័យថា យើងធ្វើតែសម្រាប់ឆ្នាំនេះនោះទេ គឺយើងនឹងធ្វើប្រកបដោយនិរន្តរភាព សម្រាប់ចីរភាព និងភាពធន់នៃវិស័យទេសចរណ៍នៅខេត្តសៀមរាប និងនៅតាមបណ្តាខេត្តផ្សេងៗរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា យើងមិនបានធ្វើអ្វីមួយដូចភ្លើងចំបើងនោះទេ គឺយើងត្រូវគិតគូរអំពីអ្វីដែលមានចីរភាព បើទោះបីជាយើងដើរយឺតបន្តិច ប៉ុន្តែដើរដោយមានគោលដៅច្បាស់លាស់ គិតគូរគ្រប់ជ្រុងជ្រោយ៕

អត្ថបទទាក់ទង