ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញការទទួលយកការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គមដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខមាលភាពសង្គម

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 64

ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺជាផែនទីចង្អុលផ្លូវមួយជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះ ជំរុញការទទួលយកការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គមទាំង រដ្ឋ ពលរដ្ឋ ធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខមាលភាពសង្គម៕

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានប្រកាសដាក់ឱ្យប្រើប្រាស់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលក្នុងនោះ បច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយដែលបានកំណត់នៅក្នុងបញ្ចកោណទី៥ គឺការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ២០២២-២០៣៥ គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២៣-២០២៨ ព្រមទាំងបានបង្កើតគណៈកម្មាធិការបច្ចេកទេសចំនួន៣ជាសេនាធិការដឹកនាំសម្របសម្រួលតាមផែននីមួយៗ ដែលក្នុងនោះរួមមាន៖ ទី១- គណៈកម្មាធិការសេដ្ឋកិច្ច ធុរកិច្ចឌីជីថល ទី២- គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងទី៣-គណៈកម្មាធិការសន្តិសុខឌីជីថល៕

អត្ថបទទាក់ទង