សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងអធិការកិច្ចត្រូវរៀបចំទទួលពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ ដែលបង្កភាពងាយស្រួល ទាន់ពេល និងឆាប់រហ័ស
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងអធិការកិច្ចត្រូវរៀបចំទទួលពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ ដែលបង្កភាពងាយស្រួលដល់ការដាក់ពាក្យបណ្តឹងឱ្យបានទាន់ពេល និងឆាប់រហ័ស សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទឱ្យកាន់តែកៀកទៅនឹងប្រជាជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងទស្សនៈ «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ» គ្រប់ក្រសួងស្ថាប័នថ្នាក់ក្រោមជាតិ និងអង្គភាពសាធារណៈទាំងអស់ ត្រូវចូលរួមសហការឱ្យបានល្អនៅក្នុងការងារអធិការកិច្ច ស្របតាមពាក្យស្លោករបស់សម្តេចតេជោ «អធិការកិច្ចជាភ្នែកជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ល្អជិតស្និទ្ធិរបស់ថ្នាក់ក្រោម»។
នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច» នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យស្លោកនេះត្រូវបានប្រើប្រាស់ជាបេសកកម្មរបស់ក្រសួងអធិការកិច្ច ក៏ដូចជាបេសសកម្មរបស់អង្គភាពអធិការកិច្ចថ្នាក់ក្រោម ដើម្បីជួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានឃើញ និងបានឮសម្រាប់យកមកពិចារណា និងស្តាប់អោយបានច្បាស់ សំលឹងមើលបានឆ្ងាយ និងវិនិច្ឆ័យឱ្យបានត្រឹមត្រូវ៕