ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព គឺត្រូវបង្កើនលក្ខណៈអោយប្រជាជនអាចមានសមត្ថភាពរស់ដោយខ្លួនឯងបាន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 42

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនីមួយៗគឺត្រូវបង្កើតវប្បធម៌ និងបង្កើនលក្ខណៈអោយប្រជាជនអាចមានសមត្ថភាពរស់បានដោយខ្លួនឯង ពោលគឺចិញ្ចឹមខ្លួនឯងបាន ទើបចិញ្ចឹមរដ្ឋបាន មិនអាចអោយរដ្ឋចិញ្ចឹមនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលមិនមែនមានតែកម្មវិធីគាំពារសង្គម និងកម្មវិធីមនុស្សធម៌ទេ ពោលគឺយើងបាលវិនិយោគច្រើនណាស់ទៅលើវិស័យអប់រំ វិស័យសុខាភិបាលដើម្បីកសាងមូលធនមនុស្ស ដើម្បីអោយប្រជាពលរដ្ឋមានសមត្ថភាព និងមានសុខភាពតាំងពីក្មេង។ សូម្បីតែកម្មវិធីជំនួយសង្គមក៏ផ្តោតលើស្រ្តីមានផៃ្ទពោះនិងកុមារក្រោម២ឆ្នាំ វិនិយោគទៅលើហេដ្ឋរចនាសម្ព័ន្ធ អគ្គិសនីដែរ ដែលទាំងនោះហើយគឺជាគោលនយោបាយនៅក្នុងការជួយផ្តល់ត្រីអោយប្រជាពលរដ្ឋ។

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណើនសេដ្ឋកិច្ចដែលយើងកើន ៧% ក្រោយការបញ្ចប់សង្រ្គាម មិនមែនដោយសាររដ្ឋរកលុយយកទៅចែកប្រជាពលរដ្ឋនោះទេ គឺបានមកតាមរយៈការបង្កើតលទ្ធភាព ការបង្កើតបរិស្ថានសុខសន្តិភាព តាមរយៈការដាក់ចេញគោលនយោបាយជំរុញវិស័យឯកជនឱ្យរីកចម្រើន បណ្តុះបណ្តាលមនុស្ស រកការងារ បង្កើតវិនិយោគផ្សេងៗទាំងក្នុងនិងក្រៅប្រទេសដើម្បីបង្កើតការងារ និងជំរុញបរិស្ថានការងារឱ្យកាន់តែល្អ៕

អត្ថបទទាក់ទង