ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលដៅសំខាន់២នៅឆ្នាំ២០២៤

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 70

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤-Special Programme to Promote Investment in Preah Sihanouk Province 2024» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលដៅសំខាន់២ដែលក្នុងនោះរួមមាន៖ ទី១- កម្មវិធីទស្សនាសៀមរាប ២០២៤ និង ទី២- កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់គោលដៅខេត្តសៀមរាប រាជរដ្ឋាភិបាល បានរៀបចំកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤» ចំណែកនៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាល បានដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា គ្រប់វិស័យទាំងអស់ សុទ្ធតែជាចលករជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែ រាជរដ្ឋាភិបាល ក៏ត្រូវគិតពីកន្លែងដែលជាចំណុចគន្លឹះខ្លាំងមួយចំនួនផងដែរដែលយើងត្រូវយកចិត្តទុកដាក់ខ្លាំង។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្នុងចំណោមប៉ូលទាំង៥ រាជរដ្ឋាភិបាល បានកំណត់យកប៉ូលទី២ និងប៉ូលទី៣ គឺខេត្តសៀមរាប និងខេត្តព្រះសីហនុនេះ ជាគោលដៅសម្រាប់ជំរុញបន្ថែមដើម្បីអភិវឌ្ឍសេដ្ឋកិច្ច៕

អត្ថបទទាក់ទង