ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារទស្សនទានស្តីពីក្របខណ្ឌផែនការយុទ្ធសាស្រ្ត សម្រាប់ការងាររាជកិច្ច និងបណ្ណសារឆ្នាំ២០២៤-២០២៨
ព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារទស្សនទានស្តីពីក្របខណ្ឌផែនការយុទ្ធសាស្រ្ត សម្រាប់ការងាររាជកិច្ច និងបណ្ណសារឆ្នាំ២០២៤-២០២៨ សំដៅពង្រីកការផ្សព្វផ្សាយសៀវភៅរាជកិច្ចឱ្យបានទូលំទូលាយ ពិសេសការធ្វើបរិវត្តកម្មឌីជីថលរាជកិច្ចឱ្យកាន់តែទំនើប ដើម្បីកាត់បន្ថយចំណាយផង និងបង្កើនប្រសិទ្ធភាពផ្សព្វផ្សាយផង និងពង្រឹងការគ្រប់គ្រង និងការថែរក្សាបណ្ណសារ ពិសេសការថែរក្សាឯកសារជាតិទាំងឡាយ ដែលមានតម្លៃជាប្រវត្តិសាស្រ្តមហាសាលមិនអាចកាត់ថ្លៃបាន កុំឱ្យខូច ឬបាត់បង់ សម្រាប់ជាភស្តុតាងជាការចង់ចាំទូទៅរបស់ជាតិ និងពិភពលោក និង សម្រាប់បម្រើឱ្យការស្រាវជ្រាវនាពេលបច្ចុប្បន្ន និងអនាគត។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តល់នូវទស្សនៈ គោលគំនិត ធាតុចូល និងគោលការណ៍ណែនាំសំខាន់ៗ ពិសេសអំពីសារៈសំខាន់នៃកិច្ចការងាររាជកិច្ចនិងបណ្ណសារ ដើម្បីជាមូលដ្ឋានក្នុងការកែសម្រួលសេចក្តីព្រាងឯកសារទស្សនទានស្តីពីក្របខណ្ឌផែនការយុទ្ធសាស្រ្ត សម្រាប់ការងាររាជកិច្ច និងបណ្ណសារឆ្នាំ២០២៤-២០២៨ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីអាចដោះស្រាយបញ្ហាប្រឈមចំពោះមុខផង ក៏ដូចជាដើម្បីពង្រឹងការងាររាជកិច្ច និងបណ្ណសារនាពេលខាងមុខផង ដោយរួមទាំងការអភិវឌ្ឍស្ថាប័ន សមត្ថភាពធនធានមនុស្ស និងក្របខណ្ឌគតិយុត្ត ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។