ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការ នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 44
រដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការ នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃ រដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការ នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃ

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ ហ្វាន វ៉ន់ហុង រដ្ឋមន្ត្រីក្រសួងការពារ ប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើ ទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ។

គោលបំណងនៃដំណើរទស្សនៈកិច្ចនេះ គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ឱ្យបានរឹងមាំ និង រីកចម្រើន ធានាបាននូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៃប្រទេសទាំងពីរ ក៏ដូច ជាសម្រាប់តំបន់ទាំងមូល។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ លើកទី ១ ទៅសាធារណរដ្ឋសង្គម និយមវៀតណាម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ ខ្ពស់ ប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសបញ្ចប់ដំណើរទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ លោក ប្រាមូទូ ស៊ូប៊ីនតូ រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ទៀ សីហា នឹងបន្តដំណើរ ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៧ (17th ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី១០ (10 ADMM-Plus) និងកិច្ចប្រជុំ ពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៣ នៅប្រទេស ឥណ្ឌូនេស៊ី ក្រោមមូលបទ «សន្តិភាព វិបុលភាព និងសន្តិសុខ» នឹងផ្តោតលើកិច្ចពិភាក្សាស្តីពីការបង្កើន កិច្ចសហប្រតិបត្តិការការពារជាតិ ការពង្រឹងជំនឿទុកចិត្ត និងការលើកកម្ពស់សមត្ថភាពនិងភាពធន់របស់ តំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមផ្នែកសន្តិសុខ។ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារ ជាតិនៃបណ្តាប្រទេសបូក ក៏នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។

ក្នុងឱកាសចូលរួមកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន និងជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ថៃ អូស្ត្រាលី និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេស ADMM បូក មួយចំនួនទៀត ដើម្បីពិគ្រោះយោបល់ជំរុញកិច្ចសហ ប្រតិបត្តិការការពារជាតិរវាងកម្ពុជា ជាមួយបណ្ដាប្រទេសក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ ៕

Credit: Fresh News

 

អត្ថបទទាក់ទង