សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំថ្នាលឌីជីថល មិនមែនដើម្បីក្រសួងស្ថាប័ន យកសិទ្ធិមកក្តោបនៅខាងលើទេ ប៉ុន្តែការបំពាក់ទំនើបកម្មបម្រើដល់ការធ្វើវិមជ្ឈការ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នឹងបន្តធ្វើកំណែទម្រង់ ដោយផ្តោតសំខាន់ទៅលើការផ្ដល់សេវា និងលទ្ធផលនៅថ្នាក់មូលដ្ឋាន។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំថ្នាលឌីជីថលនៅកម្ពុជា មិនមែនដើម្បីក្រសួងស្ថាប័ន យកសិទ្ធិអំណាចមកក្តោបនៅខាងលើទេ ប៉ុន្តែការបំពាក់ទំនើបកម្មបម្រើដល់ការធ្វើវិមជ្ឈការ។
«ទោះបីជាថ្ងៃក្រោយយើងមានថ្នាលឌីជីថលក៏ដោយ ខ្ញុំបញ្ជាក់ ការរៀបចំថ្នាលបច្ចេកវិទ្យាមិនមែនត្រូវធ្វើបញ្ច្រាស់ទិសមកវិញទេ មិនមែនដើម្បីក្រសួងស្ថាប័ន យកសិទ្ធិមកក្តោបនៅខាងលើ ប៉ុន្តែការបំពាក់ទំនើបកម្មគឺដើម្បីបម្រើវិមជ្ឈការរបស់យើង»។
នេះជាការបញ្ជាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសថ្លែងសុន្ទរកថា ពេលអញ្ជើញ ជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងពិធីនេះ សម្ដេចអធិបតី បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ គឺជាដំណាក់កាល ដែលត្រូវពង្រឹងជាជាងពង្រីក ហើយការពង្រឹងនេះទៀតសោត គឺផ្ដោតសំខាន់ទៅលើសេវា និងលទ្ធផលផ្តោតទៅលើថ្នាក់មូលដ្ឋាន ក្នុងនោះរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ គោលនយោបាយអាទិភាពបន្ទាន់ ៦ចំណុច ក្នុងនោះក៏បូកបន្ថែមនឹងវិធានគន្លឹះ ៥ចំណុច បន្ថែមលើគោលនយោបាយផ្សេងៗ នៅក្នុងយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទីមួយ។
សម្តេចបញ្ជាក់ថា «ដូច្នេះគឺទាមទារនូវការបង្កើន លទ្ធភាពរបស់មូលដ្ឋាននៅក្នុងការដោះស្រាយ អញ្ចឹងវិមជ្ឈការ និងវិសហមជ្ឈការនេះ យើងបានធ្វើជាច្រើនអណត្តិមក គឺត្រូវតែបន្ត និងត្រូវបន្តសម្រួចធ្វើយ៉ាងណា ឱ្យកាន់តែមានប្រសិទ្ធភាព»។
ជាយ៉ាងនេះក្តី សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានទទួលស្គាល់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានធ្វើច្រើនហើយ ដែលកិច្ចការជាច្រើនធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយចិត្ត ដែលថាការដោះស្រាយបានកៀកជាមួយគាត់ ហើយបានលឿនទាន់ពេលវេលា ទោះជាយ៉ាងនេះក្តីកិច្ចការងារនេះ ពុំទាន់ចប់នោះទេ ដែលត្រូវបន្តធ្វើថែមទៀត៕
អត្ថបទ: Fresh News