ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប ប្រកាសថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជាង ៥ សែន ត្រូវបានចែកដល់ប្រជាពលរដ្ឋ គិតត្រឹមថ្ងៃ ០៧ មិថុនា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 61

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ត្រឹមរយៈពេលមួយថ្ងៃ ក្នុងថ្ងៃទី០៦ ខែមិថុនា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតចំនួន ៥៦៩,៧០៤សន្លឹក ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋអ្នកបោះឆ្នោតចំនួន៥៦៩.៧០៤នាក់ ដល់ក្នុងភូមិឋានផ្ទាល់ (ចំនួនប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ស្មើនឹងចំនួនអ្នកបោះឆ្នោត)។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងចំណោមប័ណ្ណព័ត៌មានអ្នកបោះឆ្នោតសរុប ៨,៣៨០,២១៧សន្លឹក គ.ជ.ប បានចែកដល់ដៃអ្នកបោះឆ្នោតនៅទូទាំងប្រទេសបានចំនួន ៥៦៩,៧០៤នាក់ហើយ ស្មើនឹង ៦.៨% នៃចំនួនប័ណ្ណព័ត៌មានអ្នកបោះឆ្នោតសរុប។

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្ដិចថា ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមបណ្ដាភូមិប្រជាពលរដ្ឋ ធ្វើឡើងចាប់ពីថ្ងៃទី០៦ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧។

លោកបន្តថា ប្រសិនបើចែកមិនទាល់អស់ទេ ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ នឹងបន្តចែករហូតដល់ថ្ងៃទី២៧ ខែកក្កដា ប៉ុន្តែប្រជាពលរដ្ឋអ្នកបោះឆ្នោតត្រូវទៅទទួលនៅ សាលាឃុំ-សង្កាត់ដែលខ្លួនរស់នៅរៀងៗខ្លួន។ ទោះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតមិនទាន់អស់ក៏ដោយ ក៏ដំណើរការនៃការចែកប័ណ្ណព័ត៌មាននេះ ត្រូវតែបិទបញ្ចប់ត្រឹមថ្ងៃទី២៧ ខែកក្កដានោះតែម្ដង។ តែលោក ហង្ស ពុទ្ធា បានបង្ហាញការរំពឹងទុកថា យ៉ាងហោចណាស់ក៏បានច្រើនជាង ៨០% ដែរ។

លោកបញ្ជាក់ថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកបោះឆ្នោត ក្នុងការដឹងពីព័ត៌មាននានាពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ ប៉ុន្តែប្រជាពលរដ្ឋអ្នកបោះឆ្នោតមិនអាចយកប័ណ្ណព័ត៌មាននេះ ទៅបោះឆ្នោតបានឡើយ ពោលមានតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបម្រើដល់ការបោះឆ្នោតប៉ុណ្ណោះ ដែលប្រជាពលរដ្ឋអ្នកបោះឆ្នោតអាចយកទៅបោះឆ្នោតបាន៕

អត្ថបទទាក់ទង