អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលទទួលការគាំទ្រលើសលប់ ពីប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំ ដែលទទួលបានការគាំទ្រ លើសលប់ពីប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ប៉ែន បូណា បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំ ដែលទទួលបានការគាំទ្រលើសលប់ ពីប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដោយមានហេតុផលធំៗចំនួន២រួម៖
*ទី១៖ នៅក្នុងប្រទេស៖ មានពលរដ្ឋអ្នកបោះឆ្នោតជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។ នេះជាអត្រានៃការគាំទ្រខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា។
*ទី២៖ នៅឯក្រៅប្រទេស៖ មានពលរដ្ឋខ្មែរភាគច្រើន លើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជានិយាយជារួម និងនិយាយដោយឡែក គាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាក់ស្តែង វត្តមានរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅទីក្រុងញូវយ៉កពេលនេះ មានពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា យ៉ាងច្រើនកុះករចេញមកស្វាគមន៍។
លោក ប៉ែន បូណា បានបញ្ជាក់ថា ទាំងនេះគឺជាទឡ្ហីករណ៍ច្បាស់លាស់ និងជាក់ស្តែងបំផុត ដែលបញ្ជាក់ពីការគាំទ្រយ៉ាងលើសលប់របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។
មូលបទចម្បងសម្រាប់កិច្ចពិភាក្សា ក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាព ក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។
នេះជាការអញ្ជើញបំពេញបេសកកម្មការងារ នៅក្រៅប្រទេសលើកទី៣ហើយ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រដឹកនាំរាជរដ្ឋាភិបាល ក្នុងរយៈពេលមួយខែ៕