ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា៖ «ភាពជឿទុកចិត្តចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ត្រូវបានបាត់បង់យូរណាស់មកហើយ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 25
អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា៖ «ភាពជឿទុកចិត្តចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ត្រូវបានបាត់បង់យូរណាស់មកហើយ» លោក Brad Adams នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការរឃ្លាំមើលសិទ្ធិមនុស្ស

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា «ភាពជឿទុកចិត្តចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ត្រូវបានបាត់បង់យូរណាស់មកហើយ»

តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺនៅចំពោះមុខនៃការអត្ថាធិប្បាយមិនត្រឹមត្រូវ លម្អៀង និងបង្កឱ្យមានការភាន់ច្រឡំ ដែលបានផ្សព្វផ្សាយថ្មីៗនេះដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានភាពចាំបាច់ក្នុងការបង្ហាញអំពីព័ត៌មានពិតមួយចំនួន ដូចខាងក្រោម៖

១៖ ការអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ គឺជាការអះអាងគ្មានលក្ខណៈថ្លឹងថ្លែង សត្យានុម័ត ឬសមាមាត្រ។ ការសង្កត់ធ្ងន់របស់អង្គការ HRW លើសិទ្ធិពលរដ្ឋ និងនយោបាយ ដោយបំពានដល់សិទ្ធិជាមូលដ្ឋានផ្សេងទៀត រួមទាំងសិទ្ធិរស់រានមានជីវិត សុខុមាលភាព អាហារូបត្ថម្ភ ការអប់រំ និងការអភិវឌ្ឍ គឺជាការប្រព្រឹត្តដែលផ្ទុយពីស្តង់ដារបស់អង្គការសហប្រជាជាតិ (អ.ស.ប)។ គោលការណ៍របស់អ.ស.ប ដែលត្រូវអនុវត្តចំពោះសិទ្ធិមនុស្សទាំងអស់ ដោយស្មើៗគ្នា ឈរលើជំហរតែមួយ និងមានទម្ងន់ដូចគ្នា ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់។

២៖ ការបំភ្លេចចោលដោយចេតនាចំពោះសមិទ្ធផលជាច្រើនរបស់កម្ពុជា គឺជាឧទាហរណ៍នៃការអត្ថាធិប្បាយប្រកបដោយភាពលម្អៀងរបស់អង្គការHRW។ ជោគជ័យរបស់កម្ពុជាជាច្រើន រួមមានកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ ការពង្រីកនូវវិធានការគាំពារសង្គមសម្រាប់ក្រុមពលរដ្ឋងាយរងគ្រោះ កម្មវិធីជាគំរូក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ ភាពប្រសើរឡើងនៃអត្រាអក្ខរកម្ម ការលុបបំបាត់ជំងឺគ្រុនចាញ់ និងការរីកចម្រើនក្នុងកំណែទម្រង់ប្រព័ន្ធច្បាប់និងយុត្តិធម៌ ត្រូវបានមើលរំលងជាប្រព័ន្ធដោយអង្គការមួយនេះ។

៣៖ វឌ្ឍនភាពគួរឱ្យកោតសរសើររបស់កម្ពុជាក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) របស់ខ្លួន ត្រូវបានស្តែងឡើង តាមរយៈអត្រា ៧២,៥% នៃសូចនាករ និងអនុសូចនាករ SDGs របស់កម្ពុជា ដែលកំពុងស្ថិតក្នុងមាគ៌ាសម្រេចបានតាមគោលដៅកំណត់។ គួរឱ្យកត់សម្គាល់ដែរថា ឯកអគ្គរដ្ឋទូតលោកខាងលិចមួយរូបប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ បានលើកសរសើរកម្ពុជាថា ជាប្រទេសនៃ «អព្ភូតហេតុសេដ្ឋកិច្ច»

៤៖ ការថ្លែងថា ការបោះឆ្នោតទូទៅឆ្នាំ២០២៣ ត្រូវបានធ្វើឡើងក្រោមការរឹតត្បិតលំហយ៉ាងធ្ងន់ធ្ងរនោះ គឺមិនមែនជាការពិតទាល់តែសោះ។ ការពិត ការបោះឆ្នោតនេះ ដែលមានគណបក្សចំនួន១៨ប្រកួតប្រជែងគ្នា ជាមួយនឹងអត្រានៃអ្នកទៅចូលរួមបោះឆ្នោតដ៏គួរឱ្យកត់សម្គាល់រហូតដល់ជិត៨៥% បានគូសបញ្ជាក់ពីភាពចាស់ទុំខាងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាទៅវិញទេ។ កំណត់ត្រានៃចំនួនអ្នកទៅបោះឆ្នោតដ៏ខ្ពស់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់របស់ប្រជាពលរដ្ឋចំពោះដំណើរការបោះឆ្នោត និងបញ្ជាក់ពីការបដិសេធរបស់ពួកគាត់ ចំពោះការអំពាវនាវឱ្យធ្វើពហិការចំពោះការបោះឆ្នោតពីសំណាក់អ្នកនយោបាយជ្រុលនិយម។ សេចក្តីថ្លែងការណ៍នានារបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលតំណាងឱ្យ ៦៥ប្រទេស បានសបញ្ជាក់ឱ្យឃើញថា ការបោះឆ្នោតទូទៅនេះបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ តម្លាភាព សន្តិភាព និងប្រកបដោយបរិយាប័ន្ន ព្រមទាំងបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់ជាធរមាន។

៥៖ អង្គការ HRW តែងតែធ្វើមិនដឹងមិនឮម្តងហើយម្តងទៀត ចំពោះវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន។ ក្រុមនោះបានផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្ខូចមិនរើសមុខ ញុះញង់ឱ្យមានអំពើហិង្សានិងស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងអំពាវនាវដោយចំហឱ្យមានការបះបោរប្រឆាំងរាជរដ្ឋាភិបាលផងដែរ។ សកម្មភាពបែបនេះគឺផ្ទុយទៅនឹងគោលការណ៍នៃការបញ្ចេញមតិប្រកបដោយភាពទទួលខុសត្រូវ និងតាមបែបលទ្ធិប្រជាធិបតេយ្យ។

៦៖ ភាពជឿទុកចិត្តចំពោះអង្គការ HRW ត្រូវបានបាត់បង់យូរណាស់មកហើយ ពោលគឺតាំងពីឆ្នាំ ២០១៤ នៅពេលដែលអតីតឧបការីនៃអគ្គលេខាធិការអ.ស.បចំនួន ១រូប ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពចំនួន ២រូប និងក្រុមបញ្ញវ័ន្តប្រមាណជាង ១០០រូបផ្សេងទៀត បានធ្វើការរិះគន់ជាសាធារណៈចំពោះភាពលំអៀង និងស្តង់ដាពីរដែលអង្គការមួយនេះបានប្រកាន់យក៕

Fresh News

អត្ថបទទាក់ទង