លិខិតមិត្តអ្នកអាន៖ ប្រជាពលរដ្ឋខ្មែរ មិនត្រូវការរបាយការណ៍ណាមួយ ដែលមានចរឹតមួលបង្កាច់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្សឡើយ
ថ្មីៗនេះអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានផ្សព្វផ្សាយការអត្ថាធិប្បាយមួយដែលប្រាសចាកការពិតចំពោះកម្ពុជា និងមានចរឹតជាការមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ និងកិត្យានុភាពប្រទេសកម្ពុជា ដែលស្មើនឹងការប្រមាថដល់ប្រជាពលរដ្ឋកម្ពុជាជាង ១៧ លាននាក់។ តើអង្គការនេះដឹងច្បាស់ឬទេ ពីនិយមន័យដ៏ពិតប្រាដកនៃសិទ្ធិមនុស្សនោះ? បើមើលតាមសាវតាអង្គការនេះ យើងគ្មានភាពចាំបាច់ដើម្បីចំណាយពេលពន្យល់ពីពាក្យថា «សិទ្ធិមនុស្ស» ទៅដល់ពួកគេឡើយ។ ព្រោះថា មានប្រជាជនរាប់លាននាក់ ដែលបានរងគ្រោះក្នុងសង្គ្រាមនៅតាមបណ្តាប្រទេសជាច្រើន ដែលកំពុងតែបាត់បង់សិទ្ធិស្ទើរតែទាំងស្រុង ប៉ុន្តែប្រជាជនទាំងនោះបែរជាត្រូវបានគេមើលរំលងទៅវិញ។
ដោយឡែកប្រជាជនកម្ពុជា ដែលកំពុងតែរស់នៅក្នុងសុខសន្តិភាពនិងការអភិឌ្ឍ កំពុងទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងកែទម្រង់គ្រប់វិស័យ ដើម្បីបម្រើផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ បែរជាត្រូវរិះគន់ ឥតសំចៃទៅវិញ។ បើនិយាយឱ្យចំ អង្គការឃ្លាំមើលសិទ្ធិមនុស្សគ្រាន់តែជាអ្នកក្រៅប៉ុណ្ណោះ ពួកគេមិនមែនជាជនជាតិកម្ពុជានោះទេ ពួកគេមិនស្គាល់កម្ពុជាច្បាស់ឡើយ ប៉ុន្តែដោយសារបេសកកម្មដ៏កខ្វក់របស់ពួកគេ ពួកគេហ៊ានបំភ្លៃការពិតគ្រប់យ៉ាងពីកម្ពុជា។
ជាក់ស្តែង ពួកគេបានការអះអាថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់នេះ គឺជាការអះអាងគ្មានលក្ខណៈថ្លឹងថ្លែងឱ្យបានត្រឹមត្រូវនោះឡើយ។ ការសង្កត់ធ្ងន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សលើសិទ្ធិពលរដ្ឋ និងនយោបាយ ដោយបំពានដល់សិទ្ធិជាមូលដ្ឋានផ្សេងទៀត រួមទាំងសិទ្ធិរស់រានមានជីវិត សុខុមាលភាព អាហាររូបត្ថម្ភ ការអប់រំ និងការអភិវឌ្ឍ គឺជាការប្រព្រឹត្តដែលផ្ទុយពីស្តង់ដារបស់អង្គការសហប្រជាជាតិ។
គោលការណ៍របស់អង្គការសហប្រជាជាតិ ដែលត្រូវអនុវត្តចំពោះសិទ្ធិមនុស្សទាំងអស់ដោយស្មើៗគ្នា ឈរលើជំហរតែមួយ និងមានទម្ងន់ដូចគ្នា ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានបំភ្លេចចោលដោយចេតនាអាក្រក់ចំពោះសមិទ្ធផលជាច្រើនរបស់កម្ពុជា ដូចជាកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ ការពង្រីកនូវវិធានការគាំពារសង្គម សម្រាប់ក្រុមពលរដ្ឋងាយរងគ្រោះជាដើម។ កម្ពុជាខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កម្ពុជាទទួលបានជោគជ័យក្នុងការការពារជីវិតពលរដ្ឋ ១៧ លាននាក់ តាមរយៈការចាក់ស្រោចវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ និងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដើម្បីសង្គ្រោះអាយុជីវិតពលរដ្ឋ រហូតទទួលបានការកោតសរសើរ ពីបណ្តាប្រទេសនានាលើសកលលោក។
លើសពីនេះ យើងមិនអាចទទួលយកបានឡើយ ចំពោះការលើឡើងថា ការបោះឆ្នោតនៅឆ្នាំ២០២៣ ធ្វើឡើងដោយរឹតត្បិតយ៉ាងធ្ងន់ធ្ងរ ដែលវាមិនមែនជាការពិតទាល់តែសោះ។ ជាក់ស្ដែង ការបោះឆ្នោតឆ្នាំ២០២៣ មានគណបក្សចំនួន ១៨ ចូលរួមប្រកួតប្រជែង ជាមួយនិងអត្រានៃអ្នកទៅបោះឆ្នោតយ៉ាងខ្ពស់គួរឱ្យកត់សម្គាល់ ពោលគឺមានជាង ៨៤%។ ចំនួនអ្នកទៅបោះឆ្នោតដ៏ខ្ពស់នេះ បានគូសបញ្ជាក់ពីភាពចាស់ទុំខាងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាយ៉ាងច្បាស់ក្រឡែត។ ជាមួយនិងកំណត់ត្រានៃចំនួនពលរដ្ឋដែលចូលរួមបោះឆ្នោតដ៏ច្រើននេះ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ដែលតំណាងឱ្យ ៦៥ប្រទេស ក៏បានបញ្ជាក់ឱ្យឃើញថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព សន្តិភាព និងប្រកបដោយបរិយាកាសល្អប្រសើរគ្មានអំពើហិង្សានោះឡើយ។
យើងពិតជាគួរឱ្យសោកស្តាយណាស់ ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស តែងតែធ្វើមិនដឹងមិនលឺម្តងហើយម្តងទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខដឹកនាំកម្ពុជា ផ្ទុយទៅវិញ ចំពោះសកម្មភាពក្រុមប្រឆាំងជ្រុលនិយម ដែលតែផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ ញុះញង់ឱ្យមានអំពើហិង្សា និងស្អប់ខ្ពើមជាតិសសាសន៍ ព្រមទាំងអំពាវនាវដោយចំហឱ្យមានការបះបោរប្រឆាំងរាជរដ្ឋាភិបាល បែរជាអង្គការនេះធ្វើជាមិនខ្វល់ទៅវិញ ឬមួយក៏ពួកគេសិ្ថតនៅក្នុងក្រុមតែមួយ?
ដូច្នេះ បើនិយាយពីភាពជឿទុកចិត្តចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្សនេះ គឺត្រូវបានបាត់បង់យូរណាស់មកហើយ។ ប្រជាជនកម្ពុជាគ្មានភាពចាំបាច់ណាមួយដើម្បីស្តាប់របាយការណ៍ ឬការអត្ថាធិប្បាយវាយប្រហារពីកម្ពុជា ដែលប្រកបដោយភាពលម្អៀង គ្មានការពិតរបស់អង្គការនេះឡើយ។ ប្រជាពលរដ្ឋជឿជាក់លើប្រមុខដឹកកម្ពុជា និងស្គាល់ច្បាស់ណាស់ពីស្ថានភាពដែលខ្លួនកំពុងស្ថិតនៅ៕
ដោយ៖ ពៅ ធីតាវណ្ណ