ខ្មែរប៉ុស្ដិ៍ Close

អ្នកជិះយន្តហោះលើកដំបូងគួរដឹង ៦ ចំនុចសំខាន់ៗទាំងនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 110
អ្នកជិះយន្តហោះលើកដំបូងគួរដឹង ៦ ចំនុចសំខាន់ៗទាំងនេះ អ្នកជិះយន្តហោះលើកដំបូងគួរដឹង ៦ ចំនុចសំខាន់ៗទាំងនេះ

អ្នក​ដែល​​មិន​ធ្លាប់​ជិះ​យន្តហោះ ឬ​ទើប​តែ​ជិះ​យន្តហោះ​លើក​ដំបូង​តែង​​ព្រួយ​បារម្ភ​ទៅ​បញ្ហា​ផ្សេងៗ ជា​ពិសេស​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​។ ​ជា​ការ​ពិត​ណាស់​ នៅ​ពេល​ដែល​អ្នក​ជិះ​យន្តហោះ​តែង​មាន​អាការៈ​វិល​មុខ ​ចង់​ក្អួត​ចង្អោរ​ ឬ​មាន​អារម្មណ៍​មិន​ល្អ​កំពុង​ពេល​ហោះហើរ ដែល​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន​។ ​ខាង​ក្រោម​នេះ ជា​គន្លឹះ​សំខាន់​ៗ ចែករំលែកពី​អ្នក​បើកបរ​យន្តហោះ​​របស់​កម្ពុជា​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​ជិះ​យន្តហោះ ឬ​អ្នក​ដែល​តែងតែ​ពុល​ពេល​ជិះយន្តហោះ ​គួរ​តែ​ដឹង ដើម្បី​កាត់​បន្ថយ​បញ្ហា​ផ្សេងៗ​។

១. ​ញ៉ាំ​ថ្នាំ​កុំ​ឱ្យ​ក្អួត

សម្រាប់​អ្នក​មិន​ដែល​ជិះ​យន្តហោះ ​ហើយ​គិត​ថា​សុខភាព​មិន​សូវ​រឹងមាំ គួរ​លេប​ថ្នាំ​ការពារ​កុំ​ឱ្យ​ក្អួត​។ ​អាការៈ​ពុល​យន្តហោះ ​មិន​ខុស​ពី​ពុល​រថយន្ត​នោះ​ទេ ប៉ុន្តែ​មាន​ថ្នាំ​សម្រាប់​ការពារ​បាន​។ ​ដូច្នេះ​ហើយ​គួរ​រក​ទិញ​ថ្នាំ​ការពារ​ពុល​យន្តហោះ មុន​ហោះ​ហើរ​ដើម្បី​ការពារ​បញ្ហា​ពុល​។ ថ្នាំ​ការពារ​បញ្ហា​ពុល​យន្តហោះ​នេះ អ្នក​អាច​រក​ទិញ​បាន​នៅ​តាម​បណ្ដា​ឱសថ​ស្ថាន​នានា​។

​ ២. ​អង្គុយ​ជិត​បង្អួច​យន្តហោះ​​សម្រាប់​អ្នក​ជិះ​ដំបូង

ចំណុច​សំខាន់​គួរ​ដឹង ចំពោះ​អ្នក​ដែល​ជិះ​យន្តហោះ​លើកដំបូង គួរ​តែ​អង្គុយ​នៅ​ជិត​បង្អួច​យន្តហោះ​។ ​មូលហេតុ​នេះ​ដោយសារ​តែ​នៅ​ពេល​អ្នក​អង្គុយ​ក្បែរ​បង្អួច​យន្តហោះ​ ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​មាន​លំនឹង និង​មាន​អ្វី​ដើម្បី​ទប់​ខ្លួន​។ ​ដូច្នេះ​ហើយ សម្រាប់​ប្រិយមិត្ត​ដែល​មិន​ធ្លាប់​ជិះ​យន្តហោះ​កន្លង​មក​ មិន​គួរ​អង្គុយ​តំបន់​កណ្ដាល​នោះ​ទេ​។

៣. សម្លឹងតាមបង្អួច​យន្តហោះ​មើល​អ្វី​ដែល​នឹង

ត្រង់​ចំណុច​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ​សម្រាប់​អ្នក​ដែល​មាន​អាការៈ​ពុល​យន្តហោះ អំឡុង​​ពេល​ហោះ​ហើរ​។ ​ប្រសិន​បើ​អ្នក​ពុល​ ពេល​កំពុង​ហោះហើរ អ្នក​អាច​មើលទៅផ្នែកខាងក្រៅតាមបង្អួច​យន្តហោះ​ ហើយ​សម្លឹង​ទៅ​មើល​អ្វី​ដែល​នឹង​​តាម​កញ្ចក់។ មូលហេតុ​ដែល​បណ្ដាល​ឱ្យ​អ្នក​ពុល​ ព្រោះ​អារម្មណ៍​ និង​ខ្លួន​របស់​អ្នក​មិន​នៅ​ជាមួយ​គ្នា មិន​ដឹង​ថា​ខ្លួន​ឯង​កំពុង​មាន​ចលនា​អ្វី ហើយ​អារម្មណ៍​កំពុង​គិត​ពី​អ្វី​។ ​ដូច្នេះ​នៅ​ពេល​អ្នក​មើល​អ្វី​ដែល​មាន​លំនឹង ដូចជា​ពពក​ជា​ដើម ​ធ្វើ​ឱ្យ​អ្នក​ដឹង​ថា​យន្តហោះ​កំពុង​មាន​ចលនា ហើយ​អ្នក​កំពុង​តែ​ជិះ​យន្តហោះ​ គឺ​អាច​កាត់​បន្ថយ​អាការៈ​ពុល​បាន​។​​

៤. ​កុំ​ញ៉ាំ​ច្រើន​ពេក​មុន​ពេល​ហោះហើរ

មូលហេតុ​មួយ​ទៀត​ដែល​បណ្ដាល​ឱ្យ​អ្នក​ពុល​យន្តហោះ​នោះ គឺ​ការ​ញ៉ាំ​អាហារ​ច្រើន​ពេក​មុន​ពេល​ពេល​ហោះ​ហើរ​។ ​ដូច្នេះ​ហើយ​​មុន​ពេល​ឡើង​យន្តហោះ គួរ​ញ៉ាំ​អី​បន្តិចបន្តួច​បាន​ហើយ កុំ​ញ៉ាំ​រហូត​ដល់​ឆ្អែត​ខ្លាំង ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​ពុល​កំឡុង​ពេល​យន្តហោះ​កំពុង​ហោះហើរ​។

​​៥. ​កុំ​គិត​ទៅ​លើ​បញ្ហា​អ្វី​ដែល​មិន​ល្អ

មុន​ពេល​ឡើង​យន្តហោះ ​ឬ​កំឡុង​ពេល​ជិះ​យន្តហោះ ដើម្បី​កុំ​ឱ្យ​ពុល​ ឬ​មាន​អារម្មណ៍​មិន​ល្អ​ អ្នក​មិន​ត្រូវ​គិត​អ្វី​ផ្ដេសផ្ដាស​នោះ​ទេ​។ ​អ្នក​ជិះ​យន្តហោះ​ដែល​បណ្ដាល​ឱ្យ​ពុល ឬ​នៅ​មិន​សុខ​ក្នុង​អារម្មណ៍​ មក​ពី​គិត​ទៅ​លើ​សុវត្ថិភាព​ខ្លាំង ដូចជា​គិត​​ថា ខ្លាច​យន្តហោះ​មាន​បញ្ហា ព្រួយ​បារម្ភ​ទៅ​លើ​អ្នក​បើក​យន្តហោះ ឬ​ភ័យ​ក្នុង​ចិត្ត​​ជា​ដើម​។ ​ដូច្នេះ​ហើយ​ដើម្បី​ឱ្យ​មាន​អារម្មណ៍​ល្អ ឬ​ផាសុកភាព​ក្នុង​ពេល​ហោះ​ហើរ អ្នក​ត្រូវ​ធ្វើ​អារម្មណ៍​ល្អ គិត​អ្វី​ដែល​វិជ្ជមាន​៕​

៦. ​ត្រូវ​ដឹង​ខ្លះៗ​ពី​ប្រព័ន្ធ​ការពារ​របស់​យន្តហោះ

​មុន​នឹង​ជ្រើស​រើស​ជើង​ហោះហើរ​ណា​មួយ​ ដើម្បី​ធ្វើ​ដំណើរ​ អ្នក​គួរ​តែ​សិក្សា​ខ្លះ​ៗ ​ពី​លក្ខណៈ​បច្ចេកទេស​​​ របស់​យន្តហោះ​នោះ​។ ​​អ្នក​ត្រូវ​ដឹង​ថា តើ​យន្តហោះ​នោះ​មាន​ប្រព័ន្ធ​ការពារ​ដែរ​ឬទេ​? នៅ​ពេល​ដែល​យន្តហោះ​មាន​បញ្ហា​។ ​ជាទូទៅ​យន្តហោះ​តែង​មាន​ប្រព័ន្ធ​ជាច្រើន​ ដើម្បី​អាច​ហោះហើរ​បាន​តែ​នៅ​ពេល​ដែល​ប្រព័ន្ធ​មួយ​មាន​បញ្ហា​ គឺ​មាន​ប្រព័ន្ធ​មួយ​ទៀត​ដើម្បី​ជំនួស​។ ដូច្នេះ​ហើយ​នៅ​ពេល​ដែល​អ្នក​បើក​យន្តហោះ​ដឹង​ថា ប្រព័ន្ធ​ណា​មួយ​បញ្ចេញ​សញ្ញាណ​មិន​ល្អ​ គេ​តែង​ចុះចត​ជា​បន្ទាន់​ដើម្បី​ធ្វើ​ការ​ដោះ​ដូរ​៕