លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បញ្ហាពាក់ព័ន្ធនាវា Westerdam គឺជាវិបត្តិមនុស្សធម៌
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកការបដិសេដនាវាទេសចរណ៍ Westerdam ថាជាវិបត្តិមនុស្សធម៌ ដោយសារតែភ័យខ្លាចការឆ្លងរីករាលដាលនៃជំងឺកូរ៉ូណា។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់កម្ពុជាវិញ ត្រូវបង្ហាញនូវកាយវិការមនុស្សធម៌ គុណធម៌ សីលធម៌ក្នុងការជួយសង្រ្គោះដល់ទេសចរដែលនៅលើនាវា Westerdam នោះ ហើយប្រសិនបើអ្នកទេសចរទាំងនោះមានឆ្លងមេរោគនេះមែន កម្ពុជារឹតតែត្រូវឱ្យចូលចតហើយចូលចតឱ្យបានលឿនបំផុតដើម្បីនាំអ្នកជំងឺមកលើគោកទទួលសេវាព្យាបាលឱ្យបានទាន់ពេលវេលា។
ទោះបីជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ជំងឺពិតប្រាកដរបស់ប្រជាជននោះមិនមែនកូរ៉ូណានោះទេ គឺជំងឺភ័យខ្លាចនេះតែម្តង៕