ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈ​មិត្ត​អ្នក​អាន៖​ តើ​​តម្លៃ​​ពិត​របស់​លោក រ៉ុង​ ឈុន គឺ​ជាអ្វី​?​

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1623
    ទស្សនៈ​មិត្ត​អ្នក​អាន៖​ តើ​​តម្លៃ​​ពិត​របស់​លោក រ៉ុង​ ឈុន គឺ​ជាអ្វី​?​ទស្សនៈ​មិត្ត​អ្នក​អាន៖​ តើ​​តម្លៃ​​ពិត​របស់​លោក រ៉ុង​ ឈុន គឺ​ជាអ្វី​?​

    ដោយ​​តាំង​​ខ្លួន​​ឯង​​ថា​​ជាតំ​ណាង​​សង្គម​​ស៊ីវិល​​ឯករាជ្យ​ លោក​ រ៉ុង​ ឈុន ម្តង​ហើយ​ម្តង​ទៀត​បាន​ព្យា​យាម​​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់ស្តីពី​ការគ្រប់​គ្រង​សមាគម​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​យ៉ាង​ងងើល​។​ មាត្រា​២៤​នៃ​ច្បាប់​​នេះ​ចែង​ថា​ «អង្គការ​មិនមែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស​ ឬ​សមា​គម​​បរទេស​​ ត្រូវ​​ប្រកាន់​​ជំហរ​​អព្យា​ក្រឹត​​ចំពោះ​​គ្រប់​​គណបក្ស​​នយោបាយ​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​​»​។​ ផ្ទុយ​ទៅ​វិញ​ ក្នុង​នាម​ខ្លួន​ជាប្រធាន​អង្គការ​សហភាព​សហជីព​កម្ពុជា (CCU)​ លោក រ៉ុង ឈុន​ បែរ​ជា​បាន​ធ្វើ​សកម្មភាព​ និង​ប្រព្រឹត្តិ​ផ្ទុយពី​ច្បាប់​ដែល​បាន​ចែង​ទៅ​វិញ​។​ មិន​តែប៉ុណ្ណោះ​ ក្នុង​​នាម​​ខ្លួន​ជាសង្គម​ស៊ីវិល ឬ​ជា​សមាគមមិនមែន​រដ្ឋាភិបាល លោក​ រ៉ុង​ ឈុន​ បែរ​ជាបាន​និង​កំពុងធ្វើ​សកម្មភាព​ និង​​លូក​​ដៃ​​ចូល​​យ៉ាង​​ជ្រៅ​​ជាមួយអតី​ត​​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​នោះ​ថែម​ទៀត​។

    ការ​ដាក់​លិខិត​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រកាល​ពីថ្ងៃ​ទី​៥ ខែ​កញ្ញា កន្លង​ទៅ​នេះ​ របស់​​​លោក រ៉ុង​ ឈុន​ និង​សមាគម​៣​ផ្សេង​ទៀត​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ខ្លួនដោយ​លើក​ឡើង​ថា​ ប្រទេស​​កម្ពុជា​​កំពុង​​មាន​​វិបត្តិ​​នយោបាយ​​ ក្នុង​បំណង​​ស្នើ​ឱ្យ​មាន​ការ​សម្រប​សម្រួល​​នយោបាយពី​ព្រះ​មហាក្ស​ត្រ​​​​រវាង​​ភាគី​​គណ​បក្ស​​ប្រជាជន​​កម្ពុជា​ និង​​អតីត​គណ​បក្ស​​​ប្រឆាំង​ដែល​​ត្រូវ​​បាន​រំលាយ​​បាត់​ទៅ​ហើយ​ដោយតុលាការ​កំពូល​​នៅពេល​នោះ​​ គឺជា​រឿង​ដែល​​មិន​សមស្រប​ទាល់​តែ​សោះ ព្រោះសំណើ​នេះ​បាន​បង្កប់​​នូវ​ឧបាយ​កល​ដែល​មាន​​ចរិត​ចាត់​ទុក​អង្គ​ព្រះ​មហា​ក្សត្រ​​ជា​ចំណាប់​​ខ្មាំង​​ខាង​នយោបាយ​​​ និង​​ជា​ការ​​ដាក់​​សម្ពាធ​​ចំពោះព្រះ​អង្គ​​​​យ៉ាង​​ពិត​ប្រាកដ​ ដោយ​ហេតុ​ថា​​ ព្រះ​មហា​ក្សត្រ​ព្រះអង្គ​​ទ្រង់​គ្រង​រាជ្យ​​​ តែ​​ទ្រង់​មិន​​កាន់​អំណាច​ និង​ពាក់​ព័ន្ធ​ក្នុង​រឿង​នយោបាយ​ឡើយ​។​​
    ជាការពិត​ នៅកម្ពុជា​ពុំ​មាន​វិបត្តិ​នយោបាយ​ដូច​ការ​ចោទប្រកាន់​របស់លោក​ រ៉ុង ឈុន​ និង​​ក្រុម​ដែល​​មាន​និន្នាការ​ប្រឆាំង​​មួយចំនួន​តូច​នោះ​ទេ។ ការ​លើក​ឡើង​បែប​នេះ​គឺ​ជាការប្រមាថ​ និង​​បោក​ប្រាស់​ចំពោះ​ព្រះអង្គ​​យ៉ាង​ធ្ងន់​ធ្ងរ​។ គឺ​មាន​តែ​អ្នក​នយោបាយដែល​កំពុង​រត់​ចោល​ស្រុក​ទេ​​​​ដែល​កំពុង​មាន​​វិបត្តិ​នៅផ្ទៃ​​ក្នុង​ក្រុម​របស់​ខ្លួន​​។ ចេត​នា​នៃ​​លិខិត​ស្នើសុំ​របស់​លោក​ រ៉ុង​ ឈុន​ គឺ​ចង់​ទម្លាក់​បន្ទុក​នៃបទ​ល្មើស​សន្ទិដ្ឋិភាព​ជាមួយបរទេស​ដែល​ជា​​ទោស​ក្បត់​​ជាតិ​ របស់​អតីត​គណបក្ស​ប្រឆាំង​មក​លើ​អង្គព្រះ​មហាក្សត្រឱ្យ​មក​ពាក់​ព័ន្ធ​​ដើម្បី​ជួយ​​ប្រោះ​អតី​ត​គណបក្ស​ប្រឆាំង​ឱ្យ​​រស់​ឡើង​វិញ​។​ ក្នុង​ន័យ​នេះ​ ប្រសិន​បើ​ព្រះ​មហាក្សត្រ​ទ្រង់​ទទួល​យក​សំណើ​​​នេះ​ទៅ​ដោះ​ស្រាយ​ គឺ​ពួក​គេ​នឹង​រុញ​ព្រះ​មហាក្សត្រ​ឱ្យ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ដែល​ជាច្បាប់​កំពូល​របស់​ជាតិ​។ ប៉ុន្តែ​ ប្រសិន​បើ​​ព្រះ​មហាក្សត្រ​ទ្រង់​មិន​ដោះ​ស្រាយ​​ពួក​​គេ​​នឹង​​ចោទ​ព្រះអង្គ​ថា​អសមត្ថភាព​គ្រប់​គ្រង​នគរ​ ដូច្នេះ រឿង​នេះ​គឺ​ចេតនា​អាក្រក់​ដែលសមត្ថកិច្ច​​មិន​​គួរ​អត់​​​ឱន​​ឱ្យ​​លោក​ រ៉ុង​ ឈុន និង​បក្ខ​ពួក​រួច​ខ្លួន​នោះឡើយ​។

    ក្នុង​នាម​ជាអង្គការ​ក្រៅ​រដ្ឋាភិបាល​ លោក រ៉ុង ឈុន គឺ​ត្រូវ​មាន​ឯករាជ្យ​ភាព​ ដោយ​មិន​ត្រូវ​ពាក់​ព័ន្ធជា​មួយ​​បញ្ហា​នយោបាយដូច​ការ​ស្នើ​សុំ​របស់​ខ្លួន​ឱ្យ​មាន​ការ​ដោះ​លែង​ទណ្ឌិត​ ឬ​លើក​លែង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​កំពូល​ក្នុង​ការ​រំលាយ​អតី​ត​គណបក្ស​ប្រឆាំង​ឡើយ​។ ជា​​ការ​សង្កេត​នូវ​សកម្ម​ភាព​​​របស់​​លោក​ រ៉ុង ឈុន ទាំង​អតី​ត​ភាព​​ និងបច្ចុ​ប្ប​ន្ន​ភាព​គឺ​​បាន​បង្ហាញ​កាន់​តែ​ច្បាស់​ថា​ បុគ្គល​រូប​នេះ​គឺ​ជាមន្ត្រី​របស់​អតី​ត​គណបក្ស​ប្រឆាំង​យ៉ាង​ពិត​ប្រាកដ​ ប៉ុន្តែ​ គាត់​ធ្វើ​សកម្មភាព​លាក់កំបាំង​​មុខ​ជា​អង្គការ​​ក្រៅ​​រដ្ឋា​ភិ​បាល​​ទៅ​​វិញ​​។​ គេ​នៅចាំ​បាន​ថា លោក រ៉ុង ឈុន គឺ​ជាសមាជិក​ គ.ជ.ប ដែល​ជ្រើស​រើស​​ចេញ​ពី​អតីត​បក្ស​ប្រឆាំង​​​ ហើយ​ក្រោយ​ពេល​ដែល​តុលាការ​កំពូល​​សម្រេច​រំលាយ​អតីត​គណបក្ស​ប្រឆាំង​មក​ លោក​ រ៉ុង​ ឈុន​ ក៏​បាន​លាលែង​តំណែង​ផង​ដែរ​ ដែល​ចំណុច​នេះ​បញ្ជា​ក់​យ៉ាង​ច្បាស់​​ថា​ លោក រ៉ុង​ ឈុន មិន​មែន​ជាបុគ្គល​ឯក​រាជ្យ​នោះ​ទេ​។ ជាង​នេះ​ទៀត​ តាម​ប្រភព​ផ្ទៃ​ក្នុង​​ពីមន្ត្រី​ គ.ជ.ប បាន​​ឱ្យ​​ដឹង​ថា​ ក្រោយ​ពី​ការ​លាលែង​របស់​លោក រ៉ុង ឈុន នៅ​ក្នុង​ម៉ាស៊ីន​កុំ​ព្យូទ័រ​របស់​គាត់​ដែល​បាន​ប្រើ​ប្រាស់​​នៅក្នុង​ការិយាល័យ​ គ.ជ.ប គឺ​មាន​ផ្ទុក​សុទ្ធតែ​ឯក​សារ​កិច្ច​ការ​របស់អតីត​​គណ​បក្ស​ប្រ​ឆាំង​​ ដែល​បង្ហាញ​ពី​ផែន​​ការ​ការងារ​របស់​គណបក្សនេះ​។​ ​​ឯកសារ​ថ្មីៗ​នេះ​ទៀត​ គេ​ឃើញ​វត្តមាន​របស់​លោក រ៉ុង ឈុន បាន​ចូល​រួម​នៅក្នុង​វេទិកា​​ជាច្រើន​របស់​មេឧទ្ទាម​ក្រៅ​ច្បាប់​នៅ​ឯបរទេស​ ដែល​ចំណុច​នេះ​បាន​ឆ្លុះ​បញ្ចាំង​កាន់​តែ​ច្បាស់​ថា ​គឺ​ជាអង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បម្រើ​ឱ្យ​គណបក្ស​នយោបាយ​ ដែល​​ផ្ទុយ​ពី​ច្បាប់​ទាំង​ស្រុង​​។​​​

    សូម​រំឮក​ថា​ ការ​រំលាយ​អតីត​បក្ស​ប្រឆាំង​ដោយ​តុលាការ​កំពូល​ គឺ​ដោយ​សារ​តែ​អតីត​គណបក្ស​ប្រឆាំង​មាន​មេដឹកនាំ និង​កូន​ចៅ​ ​ដែល​ដណ្តើម​អំណាច​គ្នា​នៅ​ផ្ទៃ​ក្នុងបក្ស​ ដែល​រឿង​នេះ​គឺ​ជា​ចំណុច​​ផ្តើម​​នៃ​​ការ​​បែក​​ធ្លាយ​​នូវ​​វីដេអូ​​សារ​ភាព​​អំពី​​​ផែន​​ការ​​ដ៏​អាក្រក់​​របស់​​លោក​ កឹម សុខា​ ក្នុង​ការ​រៀប​ចំ​ផ្តួល​​រំលំ​​រាជ​​​រ​ដ្ឋា​​ភិ​បាល​​ដែល​​កើ​ត​​ចេញ​​ពី​​កា​រ​​​បោះ​​ឆ្នោ​ត​។ ចំណាត់​ការ​នេះ​គឺ​ជាការអនុវត្ត​នូវ​វិធាន​ការ​ច្បាប់​ចំពោះ​គណបក្ស​នយោបាយ​ដែល​បាន​ឃុប​ឃិត​ជាមួយ​បរទេស ​ដែល​ផ្ទុយ​ពី​ច្បាប់​គណបក្ស​នយោបាយ​ ហើយ​អ្នក​ចូល​រួម​ជឿ​តាម​ការញុះញង់​ និង​​អូសទាញមនុស្ស​ឱ្យ​​មក​តវ៉ា​គឺ​​ជាចេតនា​ប្រឆាំង​នឹង​​សាល​​ដី​កា​​រ​បស់​​តុលាការ​​កំពូល អាច​ត្រូវ​មាន​ទោស​។​ដូច្នេះ​ ការ​ដាក់​លិខិត​ស្នើ​សុំ​ព្រះរាជ​​អន្តរាគមន៍​​ពី​​ព្រះមហាក្សត្ររបស់​លោក រ៉ុង ឈុន​ គឺ​គ្មាន​តម្លៃ​សម្រាប់​ការពិចារណា​​នោះ​ទេ​។​
    ​​​​​បច្ចុប្បន្ន​នៅ​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ដូច​ការ​លើក​ឡើង​របស់​ក្រុម​ប្រឆាំង​មួយក្តាប់​តូច​នោះ​ទេ​។​ ប្រជា​ពលរដ្ឋ​ ទាំង​នៅទីក្រុង​ និង​ជន​បទ​ បាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ទាំង​ការងារ​​ធ្វើ​កសិកម្ម​និង​កា​រ​​រក​ស៊ី​ជួញដូរ​គ្រប់​ប្រភេទ​ប្រកប​ដោយ​ក្តី​មោទនៈ​​ និង​រស់​នៅ​ក្នុង​​សុខ​​សន្តិភាព។​​ ចំណែក​​​​មន្ត្រី​រាជការ​​ អាជ្ញាធរ​គ្រប់​​លំដាប់​ថ្នាក់​ កង​​កម្លាំង​​ប្រដាប់​​អាវុធ​​គ្រប់​​ប្រភេទ​​​​នៅតែ​បន្ត​​​រួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍ​ប្រទេស​​ជាតិ​ឱ្យ​កាន់​តែ​រុង​រឿង​។

    ជារួម​ បើ​សកម្មភាព​របស់​លោក រ៉ុង ឈុន និង​សមាគម​ដែល​ជា​បក្ខពួក​មាន​លក្ខណៈ​ជា​កូន​ជឹង​បម្រើ​ឱ្យ​គណបក្ស​នយោបាយ​ប្រឆាំង​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​បែបនេះ​ ហើយ​ការ​ដាក់​លិខិត​ស្នើ​សុំរបស់​ក្រុម​ខ្លួន​បង្កប់​នូវ​ឧបាយកល​ដ៏ពិស​ពុល​ក្នុង​ការ​ចាប់​អង្គព្រះ​មហា​ក្ស ធ្វើ​​ជាចំណាប់​ខ្មាំង​នយោ​បាយ​​​របស់​​ក្រុម​​ខ្លួន​បែបនេះ​ តើ​តម្លៃ​ពិត​របស់​លោក រ៉ុង ឈុន​ ​គួរ​ត្រូវ​បាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​​ក្នុង​​បទ​​ប្រមាថ​​អង្គ​ព្រះ​មហាក្សត្រ​ដែរឬទេ?​

    ដោយ​៖ ពង្ស​ សុក្រឹត្យ​

    អត្ថបទទាក់ទង