ព្រះចៅអធិការវត្តភ្នំបាក់លើ ដេកជាមួយស្រី ប្រកាសសុំទោសញោមៗ ថាអាត្មាក្បត់ព្រះពុទ្ធសាសនា លែងវិលចូលវត្តវិញហើយ
ខេត្តបន្ទាយមានជ័យ៖ ក្រោយបែកធ្លាយនៅលើបណ្តាញសង្គម Facebook មានការចែកចាយយ៉ាងព្រោងព្រាតករណី ព្រះសង្ឃមួយអង្គ ជាព្រះចៅអធិការវត្តភ្នំបាក់លើ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ព្រះនាម ព្រះគ្រូសោទរ ស្រិល វណ្ណា បានបញ្ចេញរូបភាពដេកជាមួយនារីម្នាក់ និងអង្គុយធ្វើជាមេខ្លាឃ្លោកទៀតផងនោះ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បរវ ក៏បានអះអាងថា លោកបានចាត់ឱ្យមន្ទីរធម្មការ និងសាសនាខេត្ត បើកប្រជុំគណៈសង្ឃជាបន្ទាន់ ដើម្បីចាត់វិធានការណ៍លើករណីនេះ យ៉ាងម៉ឺងម៉ាត់ជាទីបំផុតផងដែរ។
នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះដែរ តាមរយៈទំព័រហ្វេសប៊ុកមួយ ដែលមានទំនាក់ទំនងជាមួយព្រះគ្រូសោទរ ស្រិល វណ្ណា បានសរសេរសារបង្ហោះថា ខ្ញុំព្រះករុណា សុំទោសញោមៗផង ដោយអាត្មាមិនបាននៅវត្តទេ មួយខែជាងមកនេះ។ អាត្មាក្បត់ព្រះពុទ្ធសាសនា រត់តាមស្រី ដេកជាមួយស្រី លេងល្បែងស៊ីសង។ឥឡូវអាត្មាកំពុងភៀសខ្លួន ដោយមានគេស៊ើបដឹងថាអាត្មារត់តាមស្រី។ ចឹងអាត្មាមិនបានចូលវត្តវិញទេ។ សូមញោមៗទាំងអស់ឈប់ជឿជាក់និងឈប់តាមរកអាត្មាទៀតទៅ។ សូមជួយប្រាប់តៗគ្នាដោយក្ដីមេត្តាផង។
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅលើបណ្តាញសង្គម Facebook មានការចែកចាយយ៉ាងព្រោងព្រាតករណី ព្រះសង្ឃមួយអង្គ បានបញ្ចេញរូបភាពដេកជាមួយនារីម្នាក់ និងអង្គុយធ្វើជាមេខ្លាឃ្លោកទៀតផង។ ករណីនេះបានធ្វើឱ្យផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ ជាពិសេសនោះ អ្នកដែលធ្លាប់បានយកចង្ហាន់ទៅប្រគេន ព្រះសង្ឃតែម្តង ដល់ក្នុងវត្តក៏ដូចូជា ធ្លាប់បានឱ្យព្រះសង្ឃស្រោចទឹកលើកជាតារាសីទៀតផង។
ពាក់ព័ន្ធទង្វើរអសីលធម៌ និងខុសវិន័យធម៌របស់ព្រះចៅអធិការវត្តភ្នំបាក់លើនេះ ត្រូវបានក្រសួងធម្មការ និងថ្នាក់ដឹកនាំសង្ឃ ប្រកាសចេញវិធានការណ៍យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គលសង្ឃអង្គនេះ។
នៅរសៀលថ្ងៃទី៤ ខែមិថុនាដដែល អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានបញ្ជាក់ថា ក្រោមការណែនាំផ្ទាល់ពីសំណាក់ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រួចមកលោកបានពិភាក្សាជាមួយគណៈសង្ឃ លើវិធានការមិនលើកលែងឱ្យនោះឡើយ ដែលជាការប៉ះពាល់មុខមាត់យ៉ាងធ្ងន់ធ្ងរ ទៅលើវិស័យសាសនា នៅកម្ពុជា ដែលជាសាសនារបស់រដ្ឋ និងជាការទប់ស្កាត់សកម្មភាពទាំងឡាយរបស់បុគ្គលសង្ឃមួយចំនួន ដែលបានរុញច្រានសាសនារបស់ជាតិកាន់តែធ្លាក់ចុះ៕