ខ្មែរប៉ុស្ដិ៍ Close

តើលទ្ធិប្រជាធិបតេយ្យអាចយកឈ្នះលើពហុវិបត្តិ (Polycrisis) បាន ដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 73
តើលទ្ធិប្រជាធិបតេយ្យអាចយកឈ្នះលើពហុវិបត្តិ (Polycrisis) បាន ដែរឬទេ? តើលទ្ធិប្រជាធិបតេយ្យអាចយកឈ្នះលើពហុវិបត្តិ (Polycrisis) បាន ដែរឬទេ?

យើងកំពុងរស់នៅក្នុងពេលវេលាដ៏ចលាចល។ បញ្ហាជាច្រើនបានកើតឡើងយ៉ាងឆាប់រហ័ស។ មនុស្សកំពុងមានអារម្មណ៍ច្របូកច្របល់។ ប្រវត្តិវិទូសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Columbia University លោក Adam Tooze បានប្រើពាក្យមួយដ៏មានប្រជាប្រិយសម្រាប់ស្ថានភាពនេះ ដោយក្នុងនោះលោកបានហៅវាថា «ពហុវិបត្តិ – Polycrisis»។

ពហុវិបត្តិមានប្រភពច្រើន ហើយប្រភពចម្បងមួយដែលកំពុងញាំញីពិភពលោកបច្ចុប្បន្នគឺ «បញ្ញាសិប្បនិម្មិត» ខណៈបម្រែបម្រួលអាកាសធាតុស្ថិតក្នុងលំដាប់ទី២ ហើយការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន អាចចាត់ក្នុងលំដាប់ទី៣។ បញ្ជីឈ្មោះវិបត្តិទាំងអស់អាចវែងណាស់ ក៏ប៉ុន្តែយើងនឹងផ្តោតលើតែវិបត្តិទាំង៣ នេះប៉ុណ្ណោះ។ វាអាចជួយកាត់បន្ថយការភាន់ច្រឡំបានខ្លះ។

បញ្ញាសិប្បនិម្មិត

វាបានបង្កនូវការភ្ញាក់ផ្អើលចំពោះពិភពលោកនៅពេលដែលក្រុមហ៊ុន Microsoft បានធ្វើឱ្យកម្មវិធី ChatGPT អាចប្រើប្រាស់បានដោយសេរី តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធមួយឈ្មោះ OpenAI។ រឿងនេះបានកើតឡើងនៅខែវិច្ឆិកា ឆ្នាំ ២០២២។ ChatGPT បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុន Google ហើយក្រុមហ៊ុន Google ក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតផលិតផលប្រកួតប្រជែងមួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្រោយមក លោក Geoffrey Hinton ដែលតែងតែត្រូវបានគេចាត់ទុកជា «បិតាស្ថាបនិកបញ្ញាសិប្បនិម្មិត» បានលាឈប់ពីក្រុមហ៊ុន Google ដើម្បីអាចផ្តល់ឱកាសឱ្យលោកនិយាយដោយបើកចំហអំពីហានិភ័យ ដែលបង្កឡើងដោយបច្ចេកវិទ្យាថ្មីនេះ។ លោកបាននិយាយថា «វាអាចបំផ្លាញអរិយធម៌របស់យើង»។

លោក Hinton បានចាប់ផ្តើមអភិវឌ្ឍបណ្តាញរួមមួយ ដែលអាចយល់និងបង្កើតភាសា និងរៀនសូត្រជំនាញនានា តាមរយៈការវិភាគទិន្នន័យ។ នៅពេលទិន្នន័យកើនឡើង «សមត្ថភាពភាសារបស់បញ្ញាសិប្បនិម្មិតក៏នឹងកើតឡើងដូចគ្នាដែរ»។

លោកបាននិយាយថា «អ្វីដែលកំពុងបន្តកើតមាននៅក្នុងប្រព័ន្ធទាំងនេះអាចមានភាពល្អប្រសើរខ្លាំងជាងខួរក្បាលរបស់មនុស្សទៅទៀត។ នៅពេលវាកាន់តែមានអំណាច វាក៏នឹងកាន់តែគ្រោះថ្នាក់ផងដែរ»។ លោកបានព្រមានអំពីប្រព័ន្ធសព្វាវុធស្វ័យប្រវត្តិដែលលោកហៅថា «រ៉ូបូតពិឃាត – Killer Robots»។

លោកបាននិយាយថា «យើងបានឈានចូលដល់ដំណាក់កាលដែលយើងមិនដែលស្គាល់ទាល់តែសោះ។ យើងមានសមត្ថភាពបង្កើតម៉ាស៊ីនដែលមានកម្លាំងខ្លាំងជាងខ្លួនយើង ក៏ប៉ុន្តែយើងនៅអាចគ្រប់គ្រងវាបាន។ ប៉ុន្តែតើវានឹងមានអ្វីកើតឡើង ប្រសិនបើយើងអភិវឌ្ឍម៉ាស៊ីនដែលឆ្លាតជាងយើង? បញ្ញាសិប្បនិម្មិតអាចនឹងវ៉ាដាច់បញ្ញារបស់មនុស្សនៅចន្លោះពី ៥ ទៅ ២០ ឆ្នាំ»។

ក្នុងនាមជាមនុស្ស យើងគឺជាអ្នកចូលរួមនិងជាអ្នកសង្កេតការណ៌នៅក្នុងពិភពលោកដែលយើងកំពុងរស់នៅ។ ក្នុងនាមជាអ្នកចូលរួម យើងចង់ផ្លាស់ប្តូរពិភពលោកតាមការចង់បានរបស់យើង ហើយក្នុងនាមជាអ្នកសង្កេតការណ៌ យើងចង់យល់ដឹងអំពីការពិត។ កម្មវត្ថុទាំង២ នេះមានភាពប្រទាក់ក្រឡាគ្នា។ ប៉ុន្តែបញ្ញាសិប្បនិម្មិតបានបំផ្លាញភាពសាមញ្ញនេះ។

បញ្ញាសិប្បនិម្មិតបានបង្កើតតថភាពពិតផ្ទាល់ខ្លួនវា ហើយនៅពេលតថភាពពិតសិប្បនិម្មិតនេះដើរផ្ទុយពីពិភពលោកជាក់ស្តែង នោះវានឹងត្រូវបានគេចាត់ទុកជា «ការបំភាន់ភ្នែក – Hallucination»។ បញ្ញាសិប្បនិម្មិតចាំបាច់ត្រូវតែទទួលបានការត្រួតពិនិត្យឡើងវិញនៅទូទាំងសកលលោក។ ប៉ុន្តែការត្រួតពិនិត្យជាសកលមិនអាចអនុវត្តបានទេ ដោយហេតុតែពិភពលោកត្រូវបានគ្របដណ្តប់ដោយជម្លោះរវាងប្រព័ន្ធអភិបាលកិច្ច ២ ដែលប្រឆាំងគ្នាទៅវិញទៅមក។

ប្រព័ន្ធទាំង២ មានទស្សនៈខុសគ្នាខ្លាំង ហើយវាអាចត្រូវបានគេហៅថា «សង្គមបើកទូលាយ – Open Society» និង «សង្គមបិទជិត – Closed Society» ដោយក្នុងនោះ សង្គមបើកទូលាយគឺជាសង្គមដែលតួនាទីរបស់រដ្ឋគឺជាអ្នកការពារសេរីភាពបុគ្គល ហើយសង្គមបិទជិតគឺជាសង្គមដែលតួនាទីរបស់បុគ្គលគឺជាអ្នកបម្រើផលប្រយោជន៍របស់អ្នកកាន់អំណាច។

បញ្ញាសិប្បនិម្មិតកំពុងវិវឌ្ឍខ្លួនយ៉ាងលឿន ហើយបញ្ញារបស់មនុស្សធម្មតាមិនអាចយល់ពីវាបានទាំងស្រុងនោះទេ។ គ្មាននរណាអាចព្យាករបានទេថា «តើវានឹងនាំយកយើងទៅដល់ទីណា» ក៏ប៉ុន្តែយើងអាចប្រាកដលើរឿងមួយ ដែលនោះគឺ «បញ្ញាសិប្បនិម្មិតនឹងជួយសង្គមបិទជិត ហើយនឹងបង្កការគំរាមកំហែងចំពោះសង្គមបើកទូលាយ»។ នេះក៏ដោយហេតុតែបញ្ញាសិប្បនិម្មិតពូកែខ្លាំងខាងបង្កើតយន្តការគ្រប់គ្រង ដែលអាចជួយសង្គមបិទជិតឱ្យតាមដានជននៅក្រោមបង្គាប់របស់ពួកគេ។

ពេលនេះ គ្មាននរណាដឹងវិធីបញ្ឈប់បញ្ញាសិប្បនិម្មិតទេ។ មនុស្សភាគច្រើនដែលបង្កើតបញ្ញាសិប្បនិម្មិតបានទទួលស្គាល់ថា «គេពិតជាត្រូវបង្កើនការត្រួតពិនិត្យលើវា»។ ប៉ុន្តែបញ្ញាសិប្បនិម្មិតកំពុងដើរលឿនជាងអាជ្ញាធររដ្ឋទៅទៀត។ រដ្ឋបាល Biden បានចាត់វិធានការខ្លះ ក៏ប៉ុន្តែសភានឹងជួបការលំបាកក្នុងការតាក់តែងច្បាប់ ដូចជាច្បាប់ស្តីពីសិទ្ធិប្រើប្រាស់បញ្ញាសិប្បនិម្មិតជាដើម។

វាមានបញ្ហាមួយដែលយើងមិនអាចរង់ចាំបានទេ។ ការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៤ ហើយក៏អាចរៀបចំនៅចក្រភពអង់គ្លេសផងដែរ។ បញ្ញាសិប្បនិម្មិតច្បាស់ណាស់នឹងដើរតួនាទីសំខាន់ ដែលជាតួនាទីមួយដែលគ្មានអ្វីក្រៅពីរឿងដ៏គ្រោះថ្នាក់នោះទេ។ បញ្ញាសិប្បនិម្មិតគឺពូកែខ្លាំងខាងផលិតព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។

បម្រែបម្រួលអាកាសធាតុ

បញ្ហាទី២ នៅក្នុងពហុវិបត្តិនេះគឺបម្រែបម្រួលអាកាសធាតុ។ ប្រព័ន្ធអាកាសធាតុសកលបានរងនូវការរំខានដោយការធ្វើអន្តរាគមន៍កាន់តែខ្លាំងឡើងរបស់មនុស្ស ជាពិសេសការប្រើប្រាស់ក្នុងកម្រិតដ៏ធំនៃឧស្ម័នផ្ទះកញ្ចក់, កាបូនឌីអុកស៊ីត និងឧស្ម័នមេតាន។ កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ បានកំណត់គោលដៅ ១,៥ អង្សាសេលើសកម្រិតនៅមុនសម័យឧស្សាហកម្ម។

ពេលនេះ គោលដៅនេះកំពុងត្រូវបានបំពាន។ បើទោះជាមានការខិតខំប្រឹងប្រែងគ្រប់យ៉ាងដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុក៏ដោយ ក៏អត្រានៃការកើនឡើងកម្តៅពិភពលោកពិតជាកំពុងបង្កើនល្បឿន។ អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុដ៏គួរឱ្យគោរព ២ រូបគឺលោក David King ដែលជាអតីតប្រធានទីប្រឹក្សាផ្នែកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេស និងលោក Johan Rocstrom នៅវិទ្យាស្ថាន Potsdam Institute បានព្រមានថា «បញ្ហានេះអាចបង្កបញ្ហាធ្ងន់ធ្ងរបំផុត និងអាចឈានដល់ការដួលរលំនៃជីវិតនៅលើភពផែនដី»។

ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីអាកាសធាតុបាននិយាយថា «គោលនយោបាយអាកាសធាតុបច្ចុប្បន្ននឹងធ្វើឱ្យភពផែនដីក្តៅជាងមុនចន្លោះ ២,៥ អង្សាសេដល់ ២,៧ អង្សាសេនៅត្រឹមឆ្នាំ ២១០០»។ នេះគឺជាគ្រោះមហន្តរាយ ហើយវានឹងឈានទៅរកការរលាយផ្ទាំងទឹកកកទាំងស្រុងនៅតំបន់ Greenland, Himalaya, និង West Antarctic ហើយនឹងបង្កើនកម្ពស់ទឹកសមុទ្រដល់ ១០ ម៉ែត្រ។

លោក Rockstrom បាននិយាយថា «ផ្ទៃដីលើភពផែនដីជាង ១/៣ នៅតាមតំបន់អេក្វាទ័រនឹងលែងអាចរស់នៅកើត»។ គួរឱ្យសោកស្តាយ នៅពេលដែលការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅ មនុស្សបែរជាសុខចិត្តជ្រើសរើសការការពារជីវភាពរបស់ពួកគេ។ កសិករនៅអាល្លឺម៉ង់និងហូឡង់ បានរួមគ្នាប្រឆាំងនឹងការធ្វើនិយ័តកម្មលើការបំភាយឧស្ម័នអ៊ីត្រូហ្សែន ដោយហេតុថា «និយ័តកម្មទាំងនេះនឹងរារាំងពួកគេពីការចិញ្ចឹមគោ»។

សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន

ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបានក្លាយជាវិបត្តិដ៏អាក្រក់របស់ពិភពលោក ដោយបានបង្កការរអាក់រអួលដល់ការផ្គត់ផ្គង់ស្បៀង អាហារ និងបង្កឱ្យមានការប្រែប្រួលភូមិសាស្ត្រនយោបាយសំខាន់ៗ។ កងទ័ពអ៊ុយក្រែនបានតស៊ូយ៉ាងស្វិតស្វាញ ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីអាមេរិកនិងអឺរ៉ុប។

កងទ័ពរុស្ស៊ីបានបង្ហាញខ្លួនជា «ខ្លាក្រដាស» ជាមួយការដឹកនាំយ៉ាងអន់ និងពោរពេញដោយអំពើពុករលួយ។ ក្រុមទាហានស៊ីឈ្នួល Wagner Group បានជួយការឈ្លានពាននេះមួយរយៈពេល ក៏ប៉ុន្តែនៅទីបំផុត
ពួកគេបានបរាជ័យ ដោយមិនអាចយកឈ្នះលើអ៊ុយក្រែនបាន។ ជាលទ្ធផល អ៊ុយក្រែននៅពេលនេះកំពុងត្រៀមខ្លួនវាយបកវិញ នៅក្រោយបរិក្ខាយោធារបស់លោកខាងលិចត្រូវបានប្រគល់ឱ្យពួកគេភ្លាម។

សូម្បីតែលោក Biden ក៏បានយល់ស្របដែរថា «អ៊ុយក្រែនគួរតែត្រូវបានផ្តល់ឱ្យនូវយន្តហោះចម្បាំង F-16»។ ការវាយបកវិញអាចនឹងទទួលបានជោគជ័យ ហើយគោលដៅគឺឧបទ្វីប Crimea ដែលជាមូលដ្ឋានទ័ពជើងទឹករបស់រុស្ស៊ី។ តាមរយៈការបំផ្លាញស្ពានតភ្ជាប់ដីគោកជាមួយរុស្ស៊ី អ៊ុយក្រែនអាចធ្វើឱ្យតំបន់ Crimea ក្លាយជាតំបន់គ្មានទឹកប្រើប្រាស់។ បើស្ពានតភ្ជាប់ដីគោកនោះត្រូវបានបំផ្លាញ តំបន់ Crimea នឹងពឹងផ្អែកលើអ៊ុយក្រែនសម្រាប់ប្រភពទឹក។

ផ្នែកជាច្រើនរបស់សហព័ន្ធរុស្ស៊ី កំពុងបាត់បង់ការអត់ធ្មត់នៅក្រោមរបបដ៏ឃោរឃៅរបស់លោក Vladimir Putin ហើយស្ថានភាពវិវឌ្ឍនេះអាចជំរុញឱ្យពួកគេផ្តួលរំលំរបបនេះ។ សុបិនរបស់លោក Putin ក្នុងការបង្កើតចក្រភពរុស្ស៊ីឡើងវិញ អាចរលាយខ្ទេចអស់ និងអាចលែងបង្កការគំរាមកំហែងដល់អឺរ៉ុបនិងពិភពលោកទៀត។ ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននឹងក្លាយជារឿងវិជ្ជមានសម្រាប់ពិភពលោក។

រឿងនេះអាចផ្តល់ឱកាសដល់លោក Biden កាត់បន្ថយភាពតានតឹងរវាងអាមេរិកនិងចិន ខណៈដែលចិនខ្លួនឯងក៏កំពុងប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចដែលអាចធ្វើឱ្យប្រធានាធិបតី Xi Jinping ងាកមកសម្របសម្រួលជាមួយអាមេរិក។ លោក Biden មិនចង់ផ្លាស់ប្តូររបបនៅចិនទេ តែអ្វីដែលលោកចង់បាននោះគឺ «ការបង្កើតឡើងវិញនូវស្ថានភាពដើម (Status Quo) នៅកោះតៃវ៉ាន់»។

បរាជ័យរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការធូរស្រាលនៃភាពតានតឹងរវាងចិននិងអាមេរិក អាចផ្តល់ឱកាសឱ្យមេដឹកនាំពិភពលោកងាកមកផ្តោតលើការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែមាគ៌ាឆ្ពោះទៅកាន់លទ្ធផលនេះមានភាពតូចចង្អៀត និងស្មុគស្មាញណាស់។ ដូច្នេះ វាជារឿងសមហេតុផលក្នុងការលើកឡើងនូវសំណួរថា «តើលទ្ធិប្រជាធិបតេយ្យអាចយកឈ្នះលើពហុវិបត្តិបានដែរឬអត់»?

Project Syndicate