ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាកំពុងព្យាយាមដោះស្រាយវិបត្តិមួយចំនួនដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 140

បម្រែបម្រួលអាកាសធាតុ, វីរុសកូវីដ-១៩ និងជម្លោះភូមិសាស្ត្រនយោបាយ បានបង្កឱ្យមានការរំខានយ៉ាងខ្លាំងចំពោះទីផ្សារថាមពលនិងស្បៀងអាហារ បូករួមនឹងការជំរុញឱ្យតម្លៃកើនឡើងដល់កម្រិតខ្ពស់បំផុត ដែលជាហេតុបង្កការលំបាកយ៉ាងធ្ងន់ធ្ងរបំផុតដល់ជនក្រីក្រ។ នៅកម្ពុជា ផលចំណេញនៃការអភិវឌ្ឍដែលរកបានដោយលំបាក បានរងនូវការធ្លាក់ចុះ ដោយក្នុងនោះសន្ទស្សន៍អភិវឌ្ឍធនធានមនុស្ស (Human Development Index) របស់ប្រទេសកម្ពុជានេះ បានធ្លាក់ចុះដល់កម្រិតដែលខ្លួនធ្លាប់ទទួលបានក្នុងឆ្នាំ ២០១៨។

វិបត្ដិថាមពល, ស្បៀងអាហារ និងហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរទាំងនេះ បានជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ច, អប់រំ, ការងារ និងសុខាភិបាល ជាពិសេសដល់ក្រុមមនុស្សដែលងាយរងគ្រោះបំផុត។ នៅពេលវីរុសរាតត្បាតចាប់ផ្តើមនៅឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាបានបង្កើនជំនួយសង្គមរបស់ខ្លួន ដោយក្នុងនោះគ្រួសារក្រីក្រនិងងាយរងគ្រោះជាង ៧០ម៉ឺនគ្រួសារ បានទទួលជំនួយជាសាច់ប្រាក់ ដើម្បីទូទាត់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចសង្គម ដែលបង្កឡើងដោយវីរុសរាតត្បាតនេះ។

នៅឆ្នាំ ២០២២ គ្រួសារក្រីក្របន្ថែមប្រហែល ៥០ម៉ឺនគ្រួសារ ត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់ជំនួយដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ពួកគេពីផលប៉ះពាល់នៃទឹកជំនន់ និងអតិផរណា។ វិធានការទាំងនេះ បានជួយកាត់បន្ថយការទាញទម្លាក់គ្រួសារដែលងាយរងគ្រោះចូលទៅក្នុងភាពក្រីក្រ។ ប៉ុន្តែសម្ពាធដ៏ធំធេងនេះ ជាពិសេសមកលើហិរញ្ញវត្ថុសាធារណៈនិងធនធានហិរញ្ញវត្ថុដែលមានស្រាប់ ដែលមានភាពចាំបាច់ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព (SDGs) ទាមទារឱ្យមានការគិតគូរ និងកែសម្រួលឡើងវិញ។

សូម្បីតែមុនពេលកើតមានវីរុសរាតត្បាត ការសម្រេចបាននូវ SDG បានពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគប្រកបដោយនិរន្តរភាព, ការអនុម័តនូវគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពក្នុងការអនុវត្តវាឱ្យបានទាន់ពេលវេលា។ បើទោះបីជាការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចនៅកម្ពុជាកំពុងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសក៏ដោយ ក៏ការពង្រឹងក្បាលម៉ាស៊ីនសេដ្ឋកិច្ច និងការបង្កើតការងារនៅតែងាយរងគ្រោះ ដោយសារតែផលប៉ះពាល់និងភាពមិនច្បាស់លាស់ពីខាងក្រៅ។

បើទោះបីជាតម្លៃប្រេងឥន្ធនៈនិងទំនិញបានធ្លាក់ចុះបន្តិចនៅទូទាំងពិភពលោកក្នុងកម្រិតខុសៗគ្នាក៏ដោយ ក៏ក្តីបារម្ភនៅតែមាន ពីព្រោះវានៅតែស្ថិតនៅក្នុងកម្រិតខ្ពស់ជាងមធ្យមភាគ។ ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលកំពុងនាំមកនូវឱនភាពគណនីចរន្តនៅកម្ពុជា។ ក្នុងឆ្នាំ ២០២១ ថវិកាប្រមាណ ៥៧ លានដុល្លារអាមេរិកត្រូវបានចំណាយលើការឧបត្ថម្ភធនប្រេងឥន្ធនៈនៅក្នុងប្រទេសនេះ ហើយនៅខែមករានិងកុម្ភៈ ឆ្នាំ ២០២២ ការឧបត្ថម្ភធនមានចំនួនរហូតដល់ ៣១ លានដុល្លារដែលជាធនធានដែលគួរតែត្រូវបានយកទៅវិនិយោគលើការអភិវឌ្ឍ។

ការសិក្សាឆ្នាំ ២០២០ បានបង្ហាញថា «កម្ពុជាអាចសន្សំប្រាក់បានចំនួន ២៥០ លានដុល្លារនៅត្រឹមឆ្នាំ ២០៤០ ពីការចំណាយលើប្រព័ន្ធថាមពលផ្ទាល់ (Direct Power-system Cost) ប្រសិនបើបណ្តាញថាមពលជាតិរបស់កម្ពុជាចំនួន ១៤% គឺជាផលិតផលសូឡា»។ ផលចំណេញផ្នែកសេដ្ឋកិច្ចសង្គមបែបនេះ មិនអាចមើលស្រាលបានឡើយ។

ដំណើរការនៃវិស័យថាមពលក៏បានជះឥទ្ធិពលដោយផ្ទាល់ទៅលើរបៀបវារៈអាកាសធាតុរបស់ប្រទេសនេះផងដែរ។ កម្ពុជាបានបង្កើនមហិច្ឆិតានៃការកាត់បន្ថយរបស់ខ្លួន ដែលនោះគឺ «គោលដៅកាត់បន្ថយការបំភាយឧស្ម័ន ៤១,៧% នៅត្រឹមឆ្នាំ ២០៣០»។ អត្រានេះរួមបញ្ចូលទាំងគោលដៅជាក់លាក់នៅក្នុងវិស័យមួយចំនួន តួយ៉ាងដូចជាប្រសិទ្ធភាពថាមពលជាដើម។ កម្ពុជានៅតែងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការ ប្រែប្រួលអាកាសធាតុ។

ការកើនឡើងនៃព្រឹត្តិការណ៍អាកាសធាតុដ៏គ្រោះថ្នាក់កាន់តែញឹកញាប់ បាននិងកំពុងបង្កើនភាពមិនច្បាស់លាស់ចំពោះការប្រមូលផល និងបានកាត់បន្ថយផលិតផលដំណាំ, បង្កការគំរាមកំហែងដល់សន្តិសុខស្បៀង និងជីវភាពរបស់កសិករ ដែលនេះមិនទាន់គិតនូវការខាតបង់ និងការខូចខាតផ្សេងៗទៀតនៅឡើយទេ។ នៅឆ្នាំ ២០២០ ការកើនឡើង ៥០% នៃអសន្តិសុខស្បៀងត្រូវបានរាយការណ៍នៅកម្ពុជា។

ការសិក្សារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានវាយតម្លៃថា «GDP ដែលរំពឹងទុករបស់កម្ពុជាអាចធ្លាក់ចុះជិត ១០% នៅត្រឹមឆ្នាំ ២០៥០ ដោយសារការខាតបង់ និងការខូចខាតដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ»។ ប៉ុន្តែឱកាសថ្មីៗក៏អាចកើតចេញពីវិបត្តិនេះផងដែរ។ នវានុវត្ដន៍នឹងមានសារៈសំខាន់ខ្លាំងក្នុងការបន្តសន្ទុះនៃការអភិវឌ្ឍ និងការពង្រឹងភាពធន់។

វានឹងតម្រូវឱ្យមានការប្រកាន់យកនូវបច្ចេកវិទ្យាថ្មីៗ, គំរូអាជីវកម្មថ្មីៗ, ក្របខណ្ឌគោលនយោបាយថ្មីៗ និងបុរេប្រទានសង្គមដែលផ្តល់អាទិភាពដល់វិស័យថាមពល, ស្បៀងអាហារ និងហិរញ្ញវត្ថុ។ ជាឧទាហរណ៍ ការធ្វើកសិកម្មដែលមានកាបូនទាបនឹងផ្តល់ឱកាសដល់ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ជី, បង្កើនទិន្នផលកសិកម្ម និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថាន។

ថាមពលស្អាតនឹងពង្រឹងភាពធន់នៃវិស័យកសិកម្ម និងពន្លឿនការកែលម្អខ្សែច្រវ៉ាក់តម្លៃកសិផល តាមរយៈប្រព័ន្ធធារាសាស្រ្តដ៏រឹងមាំ និងការប្រើប្រាស់សំណល់កសិកម្មសម្រាប់ការចម្អិនអាហារដោយការ ប្រើប្រាស់ថាមពលស្អាត។ ប្រសិទ្ធភាពថាមពលនឹងបន្តដើរតួនាទីយ៉ាងសំខាន់ ដោយនឹងនាំមកនូវប្រាក់ចំណេញនៅក្នុងវិស័យផ្សេងៗនៃសេដ្ឋកិច្ច បូករួមនឹងការកាត់បន្ថយភាពងាយរងគ្រោះនៅក្នុងវិស័យថាមពល និងភាពមិនប្រាកដប្រជានៃថាមពល។

គោលនយោបាយប្រសិទ្ធភាពថាមពលជាតិ (The National Energy Efficiency Policy) បានកំណត់ថា «កម្ពុជាអាចសន្សំថាមពលបាន ១២,៥ តេរ៉ាវ៉ាត់ម៉ោង (ដែលស្មើនឹង ១,០៧ លានតោននៃប្រេង) នៅត្រឹមឆ្នាំ ២០៣០ តាមរយៈការអនុវត្តវិធានការប្រសិទ្ធភាពថាមពល»។ ការសន្សំប្រាក់អាចត្រូវបានកែសម្រួលឡើងវិញដើម្បីគាំទ្រដល់អាទិភាពនៃការអភិវឌ្ឍ និង SDG។

ការគិតគូរឡើងវិញអំពីការគ្រប់គ្រងលើហិរញ្ញវត្ថុសាធារណៈគឺមានសារៈសំខាន់ណាស់ ជាពិសេសតាមរយៈការរួមបញ្ចូល SDG ទៅក្នុងដំណើរការរៀបចំថវិកាដើម្បីស្វែងរកវិធីសាស្រ្តថ្មីៗសម្រាប់ការប្រមែប្រមូលប្រាក់ចំណូល និងការធ្វើកំណែទម្រង់ការឧបត្ថម្ភធនដ៏ខ្ជះខ្ជាយលើផ្នែកកសិកម្ម, ស្បៀងអាហារ និងឥន្ធនៈហ្វូស៊ីល។ កម្ពុជាបានបង្កើតវិធីសាស្រ្តសម្រាប់ត្រួតពិនិត្យនិងតាមដានការចំណាយទាក់ទងនឹង SDG នៅក្នុងប្រព័ន្ធថវិកាជាតិដែលអាចនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។

ជាចុងក្រោយ ក្នុងនាមជាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) កម្ពុជាបានទទួលអត្ថប្រយោជន៍ពីហិរញ្ញប្បទានសម្បទាន ក៏ប៉ុន្តែនៅពេលដែលកម្ពុជាចាកចេញពីស្ថានភាព LDC ផែនការហិរញ្ញវត្ថុរបស់ប្រទេសនេះនឹងត្រូវការការកែសម្រួល។ ការបង្កើនមូលធនឯកជននិងការវិនិយោគនៅក្នុងវិស័យឯកជនគឺជាគន្លឹះក្នុងការពង្រីកការវិនិយោគដែលទាក់ទងនឹង SDG។

វាក៏នឹងតម្រូវឱ្យមានការលុបបំបាត់ឧបសគ្គមួយចំនួនផងដែរ នៅពេលនិយាយដល់ការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ពីស្ថាប័នឯកជន ដូចជាអត្រាការប្រាក់ដ៏ខ្ពស់, រយៈពេលសងត្រឡប់មកវិញដ៏ខ្លី និងលក្ខខណ្ឌដ៏តឹងរ៉ឹងទាក់ទងនឹងការដាក់វត្ថុបញ្ចាំ។ ផ្លូវទៅកាន់ភាពធន់នឹងត្រូវការការផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងរវាងថាមពល, ស្បៀងអាហារ និងហិរញ្ញវត្ថុ។

ហានិភ័យដែលបង្កឡើងដោយភាពជាប់ពាក់ព័ន្ធគ្នានេះ មានសារៈសំខាន់កាន់តែខ្លាំងឡើងដោយសារតែការកើនឡើងនៃតម្រូវការថាមពលនិងស្បៀងអាហារនៅក្នុងបរិបទនៃភាពមិនច្បាស់លាស់ និងការថយចុះនៃធនធានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍទាំងក្នុងស្រុកនិងក្រៅស្រុក។ វិធីសាស្រ្តជាប្រព័ន្ធស្តីពីការបង្កើតគោលនយោបាយនិងការវិនិយោគ ដោយពិចារណាលើភាពជាប់ទាក់ទងគ្នានេះ នឹងក្លាយជាចំណុចដ៏ចាំបាច់ខ្វះមិនបានដើម្បីកម្ចាត់វដ្តដ៏អាក្រក់នៃភាពងាយរងគ្រោះ៕

Asia Times

អត្ថបទទាក់ទង