ខ្មែរប៉ុស្ដិ៍ Close

ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 51
ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកថ្មី ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកថ្មី

លោក Richard D. Wolff ដែលជាសេដ្ឋវិទូជនជាតិអាមេរិកបានសរសេរថា «ការវិវឌ្ឍសំខាន់ៗចំនួន ៤ អាចបង្ហាញអំពីភាពខុសប្លែកពីគេនៃសេដ្ឋកិច្ចពិភពលោកថ្មីដែលកំពុងលេចរូបរាងឡើង បូករួមនឹងការសង្កត់ធ្ងន់លើទំនាក់ទំនងរបស់វា»។

ទី១ «គំរូសកលភាវូបនីយកម្មសេរីនិយមថ្មី ឥឡូវនេះបានក្លាយជារឿងចាស់ហួសសម័យ» ខណៈសេដ្ឋកិច្ចជាតិនិយម គឺជាការវិវឌ្ឍថ្មី។

ដោយត្រូវបានជំរុញដោយការអាចទទួលបាននូវប្រាក់ចំណេញ មូលធននិយមនៅក្នុងទីតាំងចាស់ (អឺរ៉ុបខាងលិច, អាមេរិកខាងជើង និងជប៉ុន) បានបង្កើនការបណ្តាក់ទុនកាន់តែច្រើនឡើងៗនៅកន្លែងផ្សេងទៀត ដែលជាកន្លែងដែលកម្លាំងពលកម្មនៅមានតម្លៃថោក។ ទីផ្សារបានរីកចម្រើនលឿនជាងមុន ហើយឧបសគ្គផ្នែកអេកូឡូស៊ីក៏មានកម្រិតទាប ឬអវត្តមានទាំងស្រុង ខណៈរដ្ឋាភិបាលបានជួយសម្រួលដល់ការបង្កើនមូលធនយ៉ាងឆាប់រហ័ស។

ការវិនិយោគបាននាំមកនូវប្រាក់ចំណេញដ៏ធំត្រឡប់ទៅកាន់ទីតាំងចាស់របស់មូលធននិយមវិញ ដែលជាទីកន្លែងដែលទីផ្សារភាគហ៊ុនបានកើនឡើងយ៉ាងគំហ៊ុក ហើយប្រាក់ចំណូលនិងវិសមភាពទ្រព្យសម្បត្តិក៏បានរីកកាន់តែធំស្របពេលគ្នា។ អ្វីដែលមានល្បឿនលឿនជាងនេះគឺ «កំណើនសេដ្ឋកិច្ច» ដែលបានលេចឡើងបន្ទាប់ពីទសវត្សរ៍ឆ្នាំ ១៩៦០ ដោយបាននាំមកនូវការកើតមានយ៉ាងឆាប់រហ័សនូវទីតាំងថ្មីរបស់មូលធននិយម (ចិន, ឥណ្ឌា និងប្រេស៊ីល)។

កំណើននោះត្រូវបានពង្រីកបន្ថែមទៀត ដោយការមកដល់នៃមូលធន ដែលបានផ្លាស់ប្តូរចេញពីទីតាំងចាស់។ ថាមវន្តរបស់មូលធននិយមបានផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួន ពីប្រទេសអង់គ្លេសទៅកាន់ទ្វីបអឺរ៉ុប បន្ទាប់មកទៅកាន់អាមេរិកខាងជើង និងជប៉ុន។ ថាមវន្តដែលត្រូវបានជំរុញដោយប្រាក់ចំណេញដូចគ្នានេះ បានបន្តដំណើរទៅកាន់អាស៊ីដីគោក និងតំបន់ផ្សេងទៀតនៅក្នុងអំឡុងចុងសតវត្សរ៍ទី ២០ និងដើមសតវត្សទី២១។

ទោះជាយ៉ាងណាក៏ដោយ សកលភាវូបនីយកម្មសេរីនិយមថ្មី បានបង្ហាញអំពីមហន្តរាយសម្រាប់កម្មករភាគច្រើននៅក្នុងទីតាំងមូលធននិយមចាស់។ ក្រុមនិយោជកមិនត្រឹមតែទទួលបានប្រាក់ចំណេញកាន់តែច្រើនប៉ុណ្ណោះទេ តែថែមទាំងបានកាត់បន្ថយការចំណាយ ដែលបង្កឡើងដោយការដួលរលំនៃទីតាំងចាស់របស់ពួកគេទៀតផង។

ការកើនឡើងនៃកម្លាំងប្រឆាំងនៅទូទាំងអាមេរិកដូចជាការបះបោរទ្រង់ទ្រាយធំនៅបារាំងនិងក្រិក និងការផ្លាស់ប្តូរងាកទៅរកនយោបាយឆ្វេងនិយមនៅទូទាំងតំបន់ Global South បាននាំឱ្យមានការច្រានចោលនៃសកលភាវូបនីយកម្មសេរីនិយមថ្មី ក៏ដូចជាមេដឹកនាំនយោបាយ និងមនោគមវិជ្ជា។ ក្រៅពីនេះ មូលធននិយមក៏កំពុងរងនូវការរង្គោះរង្គើ, ការសង្ស័យ និងបញ្ហាប្រឈមផងដែរ។

ទី២ «នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ បញ្ហាកាន់តែខ្លាំងឡើងនៃសកលភាវូបនីយកម្មសេរីនិយមថ្មី បានបង្ខំឱ្យមូលធននិយមធ្វើការកែតម្រូវមួយចំនួន»។ នៅពេលដែលសកលភាវូបនីយកម្មសេរីនិយមថ្មី បានបាត់បង់ការគាំទ្រដ៏ធំនៅក្នុងទីតាំងចាស់ រដ្ឋាភិបាលបានបង្កើនការក្តោបក្តាប់អំណាច និងបានធ្វើអន្តរាគមន៍លើសេដ្ឋកិច្ចកាន់តែខ្លាំង ដើម្បីទ្រទ្រង់ប្រព័ន្ធមូលធននិយម។ សរុបមក សេដ្ឋកិច្ចជាតិនិយមបានឡើងមកជំនួសសកលភាវូបនីយកម្មសេរីនិយមថ្មី។

ជំនួសឱ្យមនោគមវិជ្ជា និងគោលនយោបាយបែបចាស់ទុំ មូលធននិយមជាតិនិយមបានជួយធ្វើឱ្យការពង្រីកអំណាចរបស់រដ្ឋក្លាយជារឿងសមហេតុផល។ នៅទីតាំងថ្មីនៃមូលធននិយម ការពង្រឹងអំណាចរដ្ឋបាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងគួរឱ្យកត់សម្គាល់។ រូបមន្តរបស់មជ្ឈមណ្ឌលថ្មីគឺ «ការបង្កើតប្រព័ន្ធមួយដែលសហគ្រាសឯកជនធំមួយ (គ្រប់គ្រង និងដំណើរការដោយបុគ្គលឯកជន) នឹងរួមរស់ជាមួយវិស័យដ៏ធំរបស់សហគ្រាសរដ្ឋដែលគ្រប់គ្រងដោយរដ្ឋ និងដែលដំណើរការដោយមន្ត្រីរបស់រដ្ឋ»។

ជំនួសឱ្យប្រព័ន្ធមូលធននិយមឯកជន ភាគច្រើន (ដូចជាអាមេរិក ឬចក្រភពអង់គ្លេស) ឬប្រព័ន្ធមូលធននិយមរដ្ឋភាគច្រើន (ដូចសហភាពសូវៀត) ប្រទេសដូចជាចិននិងឥណ្ឌាបានបង្កើតឡើងនូវប្រព័ន្ធកូនកាត់។ រដ្ឋាភិបាលជាតិដ៏រឹងមាំបានទទួលខុសត្រូវលើការសហការជាមួយវិស័យឯកជននិងវិស័យរដ្ឋធំៗដើម្បីបង្កើនកំណើនសេដ្ឋកិច្ចជាអតិបរមា។

ប្រព័ន្ធកូនកាត់រដ្ឋ-ឯកជននៅក្នុងប្រទេសចិនអាចសម្រេចបាននូវ GDP ដ៏ខ្ពស់និងយូរអង្វែង បូករួមនឹងអត្រាកំណើនប្រាក់ឈ្នួលពិតប្រាកដ ដែលបានកើតមានបន្តអស់រយៈពេល ៣០ ឆ្នាំកន្លងមកនេះ។ ជោគជ័យនេះពិតជាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចជាតិនិយម នៅគ្រប់ទីកន្លែង និងបានជំរុញឱ្យពួកគេយកគម្រូតាមប្រព័ន្ធកូនកាត់នេះ។ សូម្បីតែនៅអាមេរិក ការប្រកួតប្រជែងជាមួយចិនក៏ត្រូវបានប្រើជាលេសសម្រាប់រដ្ឋាភិបាលក្នុងការធ្វើអន្តរាគមន៍ដ៏ធំផងដែរ។

ទី៣ «ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ចក្រភពអាមេរិកបានឡើងដល់កំពូល ហើយក៏បានចាប់ផ្តើមការធ្លាក់ចុះមកវិញដែរ»។ ចក្រភពអាមេរិកបានកើតចេញពី និងជំនួសចក្រភពអង់គ្លេសនៅក្នុងសតវត្សរ៍ចុងក្រោយនេះ និងជាពិសេសបន្ទាប់ពីសង្គ្រាមលោកលើកទី២។ នៅឆ្នាំ ១៧៧៦ និងម្តងទៀតនៅឆ្នាំ ១៨១២ ចក្រភពអង់គ្លេសបានព្យាយាម តែបរាជ័យផ្នែកយោធាក្នុងការការពារ ឬបញ្ឈប់មូលធននិយមឯករាជ្យរបស់អាមេរិកពីការវិវឌ្ឍ។

បន្ទាប់ពីការបរាជ័យ ចក្រភពអង់គ្លេសបានដើរតាមផ្លូវផ្សេងនៅក្នុងការធ្វើទំនាក់ទំនងជាមួយអាមេរិក។ បន្ទាប់ពីសង្រ្គាមជាច្រើននៅក្នុងអាណានិគមរបស់ខ្លួន និងជាមួយនឹងការប្រកួតប្រជែងដាក់អាណានិគមនិយមនៅទូទាំងសតវត្សរ៍ទី១៩ និងទី២០ ចក្រភពអង់គ្លេសក៏បានរលាយបាត់ហើយនៅពេលឥឡូវនេះ។

សំណួរសំខាន់គឺ «តើអាមេរិកបានរៀន ឬអាចស្វែងយល់នូវមេរៀនសំខាន់នៃការធ្លាក់ចុះរបស់ចក្រភពអង់គ្លេសដែរឬទេ» ឬ «អាមេរិកនឹងបន្តព្យាយាមអនុវត្តមធ្យោបាយយោធា ដើម្បីរក្សាជំហរអនុត្តរភាពសកលរបស់ខ្លួនដែលកំពុងធ្លាក់ចុះឥតឈប់ឈរ?» ពេលវេលារបស់ប្រាក់ដុល្លារអាមេរិក ក្នុងនាមជារូបិយបណ្ណសកល កំពូលបានមកដល់ទីបញ្ចប់ហើយ។

ទី៤ «ការធ្លាក់ចុះរបស់ចក្រភពអាមេរិកបានចោទជាសំណួរថា តើវានឹងមានអ្វីកើតឡើងបន្ទាប់ទៀតនៅពេលដែលការធ្លាក់ចុះកាន់តែវិវឌ្ឍស៊ីជម្រៅ»។ តើចិននឹងក្លាយជាមហាអំណាចថ្មីឬ? តើចិននឹងទទួលមរតកអំណាចបន្តពីអាមេរិកពិតមែនដែរឬទេ? ឬសណ្តាប់ធ្នាប់ពិភពលោកថ្មីចម្រុះជាតិសាសន៍នឹងលេចចេញជារូបរាង ហើយនឹងបង្កើតបានជាសេដ្ឋកិច្ចពិភពលោកថ្មីមួយ?

លទ្ធភាពដែលគួរឱ្យចាប់អារម្មណ៍បំផុត និងដែលអាចទំនងបំផុតនោះគឺថា «ចិននិងក្រុមប្រទេស BRICS ទាំងមូល (ប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន និងអាហ្វ្រិកខាងត្បូង) នឹងធ្វើការកសាង និងពង្រឹងសេដ្ឋកិច្ចពិភពលោកថ្មីមួយ។ សង្គ្រាមនៅអ៊ុយក្រែនបានបង្កើនការរំពឹងទុកស្តីពីលទ្ធផលបែបនេះរួចហើយ។

ប្រទេសជាច្រើនទៀតបានស្នើ ឬអាចនឹងស្នើសុំចូលរួមនៅក្នុងក្របខណ្ឌ BRICS ក្នុងពេលឆាប់ៗនេះ។ រួមគ្នា វានឹងមានប្រជាជន, ធនធាន, សមត្ថភាពផលិតភាព, ការតភ្ជាប់ និងសាមគ្គីភាព ដែលអាចនឹងក្លាយជាប៉ូលថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក នេះបើយោងតាមការអះអាងរបស់លោក Richard D. Wolff៕

Modern Diplomacy

អត្ថបទទាក់ទង