ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធី​អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 38
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធី​អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធី​អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២

នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធ ពិធីអបអរសាទរទិវានារី​អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។

ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើង​ជារៀង​រាល់​ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  1. សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ ដែលបានរួមចំណែកគាំទ្រ លើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈតួនាទី សុខុមាលភាពស្រ្តីនៅកម្ពុជា ក៏ដូចជានៅលើឆាកអន្តរជាតិ។
  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រលើមូលបទ «ស្រ្តីរួមគ្នារក្សា សុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ដែលពិតជាមានអត្ថន័យ និងសារៈសំខាន់ ក្នុងបរិការណ៍កម្ពុជា ចាំបាច់ត្រូវការការថែរក្សាឱ្យបាននូវសន្តិភាពនិង ស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានាសុខុមាលភាព និងការរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនា។
  3. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សប្បុរសជនចូលរួមជួយ​សាង​សង់​អន្តេវាសិកដ្ឋានសម្រាប់សិស្សស្ត្រីនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហិង្សាកម្រកើតចេញពីស្ត្រីណាស់ ផ្ទុយទៅវិញ គឺកើតចេញពីបុរស។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្វាមី-ភរិយា ចាំបាច់អីត្រូវប្រើហិង្សាដាក់គ្នា។
  6. សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា បន្ទាប់ពីការអំពាវនាវរបស់សម្តេច ការហែកកេរ្តិ៍គ្នារវាងស្វាមី ភរិយា ដែលបែកបាក់គ្នាលើបណ្តាញសង្គមមានការធ្លាក់ចុះ។
  7. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ស្វាមី ភរិយា ដែលបែកបាក់គ្នាកុំហែកកេរ្តិ៍គ្នាតាមបណ្តាញសង្គម ត្រូវទុកកិត្តិយសឱ្យគ្នា ជាពិសេសកូនៗ។
  8. សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅឯកអគ្គរាជទូត និងរដ្ឋទូតបរទេសដែលចូលរួមកម្មវិធីនាព្រឹកនេះ បានដឹងទេថា ក្រុមប្រឆាំងបានវាយប្រហារលើភរិយាសម្តេច និងប្អូនស្រីទាំងគាត់ទទួលមរណភាពទៅហើយ។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា បើពួកគាត់ជាសម្តេច និងជាភរិយាសម្តេច តើមានអារម្មណ៍បែបណា?
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រមាថរបស់ក្រុមប្រឆាំង គឺជូរជាតិណាស់។ សម្តេចនឹងមិនប្រើប៊ិចចុះហត្ថលេខាសុំលើកលែងទោសឱ្យជនណាម្នាក់នោះឡើយ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនបរទេសមួយចំនួនមិននិយាយដល់រឿងគេប្រមាថលើសម្តេច និងភរិយា តែបែរជាការពារក្រុមជនប្រមាថទៅវិញ។ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យជនបរទេសគោរពសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ។
  11. សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ កម្មការិនីប្រមាណ ៣២,០០០នាក់ ក្នុងពេលរោងចក្រត្រូវបានព្យួរ ទទួលបានការឧបត្ថម្ភដូចសម័យកូវីដ១៩។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាណត្តិថ្មីមិនមានការប្តូរបេក្ខរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌នោះឡើយ។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្រាវជ្រាវមួយរកឃើញថា ស្ត្រីមានការគាំទ្រសម្តេចខ្ពស់ជាងបុរស។
  14. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ស្ត្រី ដែលបានគាំទ្រការដឹកនាំសម្តេច។
  15. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានអះអាងថា អ្វីដែលសម្តេចមាននៅថ្ងៃនេះ មិនអាចខ្វះពីការចូលរួមរបស់ភរិយានោះឡើយ។
  16. សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យគ្រប់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ព្រមទាំងប្រជាជនគ្រប់រូបចូលរួមគាំទ្រ និងអនុវត្តការងារបញ្រ្ជាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីលើកិច្ចការអាទិភាពចំនួន៨ចំណុច។

Fresh News

អត្ថបទទាក់ទង