ខ្មែរប៉ុស្ដិ៍ Close

បទវិភាគ៖ ការកាត់ទោសមេក្លោងបដិវត្តន៍ពណ៌ កឹម សុខា បញ្ជាក់ថា សុខសន្តិភាពនិងការអភិវឌ្ឍ នឹងត្រូវបានបន្តពូនជ្រំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 17
បទវិភាគ៖ ការកាត់ទោសមេក្លោងបដិវត្តន៍ពណ៌ កឹម សុខា បញ្ជាក់ថា សុខសន្តិភាពនិងការអភិវឌ្ឍ នឹងត្រូវបានបន្តពូនជ្រំ បទវិភាគ៖ ការកាត់ទោសមេក្លោងបដិវត្តន៍ពណ៌ កឹម សុខា បញ្ជាក់ថា សុខសន្តិភាពនិងការអភិវឌ្ឍ នឹងត្រូវបានបន្តពូនជ្រំ

នៅទីបំផុតទៅ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស និងឱ្យលោកស្ថិតនៅក្នុងផ្ទះ មិនអនុញ្ញាតឱ្យជួបអ្នកណាទាំងអស់ ទាំងខ្មែរនិងបរទេស លើកលែងតែក្រុមគ្រួសារ ឬជនដែលសមត្ថកិច្ចតុលាការអនុញ្ញាត។ លោក កឹម សុខា ក៏ត្រូវបានដកសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិនយោបាយអស់មួយជីវិត។

ការសម្រេចរបស់តុលាការដាក់ទោសមេក្លោងបដិវត្តន៍ពណ៌ កឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ គឺជាការផ្តល់នូវយុត្តិធម៌ដ៏ស័ក្តិសមជាទីបំផុត ដោយផ្អែកលើហេតុផលមួយចំនួនដូចជា៖
ទី១-លោក កឹម សុខា បានចិញ្ចឹមចិត្តជាយូរមកហើយ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើអំណាចប្រជាជន ពោលគឺចលនាបដិវត្តន៍ពណ៌ ចាប់តាំងពីគាត់នៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារហូតមក តាមរយៈការប្រើសារញុះញង់បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យងើបបះបោរ។

ទី២-លោក កឹម សុខា បានសារភាពចេញពីមាត់ខ្លួនឯងថា គាត់បានទទួលការបណ្តុះបណ្តាលពីបរទេស ដើម្បីរៀបចំផែនការធ្វើការផ្លាស់ប្តូរកម្ពុជាតាមរបៀបប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ផែនការនេះ គឺមិនខុសពីផែនការនានានៃការធ្វើបដិវត្តន៍ពណ៌ដែលបានកើតឡើងក្នុងពិភពលោក ពិសេសចុងក្រោយនេះ នៅប្រទេសលីប៊ី ប្រទេសស៊ីរី ជាដើម ដែលបានបង្កជាសង្រ្គាមបំផ្លិចបំផ្លាញនៅក្នុងប្រទេសទាំងនេះរហូតមកដល់បច្ចុប្បន្ន។

ទី៣-នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ អតីតគណបក្សសង្រ្គោះជាតិ បានចាញ់ការបោះឆ្នោត ក៏ស្រាប់តែឡាំប៉ា ហើយកៀរគរអ្នកគាំទ្ររបស់ខ្លួនចូលរួមធ្វើបាតុកម្ម និងឈានដល់កុប្បកម្មហិង្សាដោយពួកគេបានវាយកំទេច ដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើន បង្កភាពអនាធិបតេយ្យ បង្ករបួសស្នាមដល់សមត្ថកិច្ច បង្កអសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក្រោមលេសថា មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ប៉ុន្តែផ្ទុយទៅវិញ សារជាតិពិតនៃបាតុកម្មនោះ គឺទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីអំណាច ដោយប្រើពាក្យថា «ហ៊ុន សែន អើយចុះចេញទៅ»។

ទី៤-ការកាត់ទោសលោក កឹម សុខា នៅពេលនេះ ក៏ជាការផ្តល់នូវយុត្តិធម៌ដល់ជនរងគ្រោះ និងប្រជាជនស្លូតត្រង់ដែលបានចាញ់បោកមនោគមវិជ្ជាពិសពុលរបស់អតីតគណបក្សសង្រ្គោះជាតិ ចូលរួមក្នុងសកម្មភាពបាតុកម្មនេះ រហូតដល់មានអ្នកខ្លះបានជាប់គុក អ្នកខ្លះបានរត់ចោលស្រុក និងអ្នកខ្លះទៀតរងរបួសស្នាម ដោយសារតែការញុះញង់បោកប្រាស់ប្រជាភិថុតិរបស់មេក្លោងបដិវត្តន៍ពណ៌រូបនេះ។ ដើម្បីតែមហិច្ឆិតាអំណាច គេហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ទោះបីជាត្រូវបំផ្លិចបំផ្លាញជាតិ និងចំណាយអាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ក៏គេអាចធ្វើទៅរួចដែរ។

ទី៥-ការកាត់ទោសលោក កឹម សុខា នេះដែរ ក៏ជាការផ្តល់នូវយុត្តិធម៌ជូនដល់ប្រជាជនកម្ពុជាទូទៅ ដែលពួកគេចង់រស់នៅក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ មានឱកាសបង្កើនសេដ្ឋកិច្ច និងមុខរបរចិញ្ចឹមជីវិត ប៉ុន្តែមេក្លោងបដិវត្តន៍ពណ៌ កឹម សុខា រូបនេះ បែរជាព្យាយាមប៉ុនប៉ងបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនទៅវិញ។

ជាសរុបមក ការកាត់ទោសមេក្លោងបដិវត្តន៍ពណ៌ កឹម សុខា នៅពេលនេះ គឺជារឿងស័ក្តិសមជាទីបំផុត ហើយក៏ជារឿងត្រឹមត្រូវបំផុត សម្រាប់បុគ្គលដែលព្យាយាមបំផ្លិចបំផ្លាញជាតិ និងបំផ្លាញសេចក្តីសុខរបស់ប្រជាជនទូទាំងប្រទេសដើម្បីតែមហិច្ឆិតាអំណាចរបស់ខ្លួន។ ប្រជាជនកម្ពុជាទូទៅ ចង់បានសុខសន្តិភាព និងការអភិវឌ្ឍ។ ពួកគេមិនចង់បានរបស់ដែលហៅថា បដិវត្តន៍ពណ៌ និងសង្រ្គាមនោះឡើយ ព្រោះថា ខ្មែរយើងបានឆ្លងកាត់អស់ហើយនូវភាពជូរចត់ដោយសារសង្រ្គាម ហើយយើងចំណាយពេលអស់រាប់ទសវត្សដើម្បីស្វែងរកបាននូវសុខសន្តិភាពរហូតមកដល់ពេលនេះ។

ដូចនេះ ការកាត់ទោសចំពោះ មេក្លោងបដិវត្តន៍ពណ៌ កឹម សុខា នេះ គឺជាមេរៀនមួយដែលចង់បញ្ជាក់ថា ជនក្បត់ជាតិ និងមេក្លោងបដិវត្តន៍ពណ៌ មិនអាចអត់ឱន និងមិនអាចលើកលែងឱ្យបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ដើម្បីថែរក្សាសន្តិភាពនិងការអភិវឌ្ឍសម្រាប់ជាតិនិងប្រជាជនកម្ពុជាតរៀងទៅ៕

ដោយ៖ តាំង ករុណា

អត្ថបទទាក់ទង