ខ្មែរប៉ុស្ដិ៍ Close

    ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពត

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 413
    ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពតប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពត

    នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១។

    ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នាល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល) រហូតដល់ផ្លូវជាតិលេខ៣ ក្នុងស្រុកជុំគិរី ខេត្តកំពត។ ផ្លូវជាតិមួយខ្សែនេះ បានសាងសង់រួចម្តងមកហើយកាលពីឆ្នាំ២០១១ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរប្រទាប់ (DBST) មានទទឹងតួផ្លូវពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ។ ជាទូទៅប្រភេទផ្លូវនេះមានអាយុកាលជាមធ្យមពី ០៥ឆ្នាំ ទៅ ០៨ឆ្នាំ ប្រសិនបើមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

    ខាងក្រោមជាខ្លឹមសារប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

    1. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ឥណទានសម្រាប់លើកកម្ពស់គុណភាពផ្លូវជាតិលេខ៤១។
    2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយកម្ពុជាពីមុន លុយតិច ធ្វើផ្លូវឱ្យបានវែង តែបច្ចុប្បន្នត្រូវផ្តោតលើគុណភាព និងសោភ័ណភាព។
    3. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ផ្លូវជាតិលេខ៤១ ជាតម្រាយផ្លូវ ដែលត្រូវបានប្រើប្រាស់តាំងពីសម័យព្រះបាទអង្គឌួង ក្នុងសតវត្សរ៍ទី១៩ ក្នុងការតភ្ជាប់រាជធានីនៅឧត្តុង្គ ទៅកាន់សមុទ្រខេត្តកំពត។
    4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៤១ គឺជាការតភ្ជាប់ផ្លូវដ៏មានសារៈសំខាន់សម្រាប់វិស័យដឹកជញ្ជូន និងទេសចរណ៍។
    5. សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវជាតិលេខ៤១ ដែលនឹងជួបការលំបាកក្នុងកំលុងពេលសាងសង់ផ្លូវ។
    6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៤១ មិនមែនជាសមិទ្ធផលធ្លាក់ទេ តែកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
    7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ មិត្តចិនជួយសាងសង់ផ្លូវ ៣០ខ្សែ ប្រវែងជាង៣ពាន់គីឡូម៉ែត្រ ដោយចំណាយជិត ២ពាន់លានដុល្លារ។ ក្នុងនោះមានផ្លូវកំពុងសាងសង់ជាច្រើនខ្សែទៀត តម្លៃប្រមាណ៥០០លានដុល្លារ។ ដោយឡែកស្ពាន ដែលបានសាងសង់ និងកំពុងសាងសង់ចំនួន៩ខ្សែទៀត។
    8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិន ជាទីផ្សារដ៏ធំសម្រាប់កសិផលរបស់កម្ពុជា។
    9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីទសវត្សរ៍៨០ កម្ពុជាមានអតុល្យភាពចំនួន៤ រួមមាន៖អតុល្យភាព៤យ៉ាង៖ ទី១ អតុល្យភាព រវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង, ទី២ អតុល្យភាពរវាងចំណាយ និងចំណូល, ទី៣ អតុល្យភាពរវាងការនាំចេញ និងនាំចូល, ទី៤ អតុល្យភាពប្រាក់ចំណូល និងការទិញ។
    10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន គឺជាឱកាសដ៏ធំសម្រាប់ទីផ្សារកសិផលរបស់កម្ពុជា។
    11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផលលំបាករបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺការរកទីផ្សារសម្រាប់ផលិតផលរបស់ប្រជាពលរដ្ឋ។
    12. សម្តេចតេជោ ហ៊ុន សែ​ន ថ្លែងថា ការសន្យាបែបប្រជាភិថុតិនេះ មានតែបក្សប្រឆាំងទេ ដែលអាចធ្វើទៅបាន រាជរដ្ឋាភិបាលមិនអាចធ្វើបានទេ។
    13. សម្តេចតេជោ ហ៊ុន សែន បានរំលេចពីល្បិចកិច្ចកលរបស់ក្រុមប្រឆាំងក្នុងការធ្វើប្រជាភិថុតិរឿងកសិកម្មថា ពេលចូលផ្សារសន្យាធ្វើឱ្យអង្ករចុះថោក ហើយពេលចុះស្រែសន្យានឹងកសិករធ្វើឱ្យស្រូវឡើងថ្លៃ។
    14. សម្តេចតេជោ ហ៊ុន សែន ប្រកាសធ្វើមិនបានដូចក្រុមប្រឆាំង «ចូលផ្សារសន្យាឱ្យអង្ករចុះថោក ចុះស្រែសន្យាស្រូវឡើងថ្លៃ»។
    15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀង RCEP គឺជាមោទនភាពសម្រាប់កម្ពុជា ព្រោះបានផ្តួចផ្តើមឡើងដោយសម្តេចពេលកម្ពុជា ធ្វើប្រធានអាស៊ាន ហើយចូលជាធរមាន ពេលកម្ពុជាដល់វេនធ្វើប្រធានអាស៊ានវិញនៅឆ្នាំ២០២២។
    16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនពេលកូវីដ-១៩ រាជរដ្ឋាភិបាល មានអតិរេកប្រាក់ (សល់ក្រោយចំណាយ) មិនក្រោម ៥០០លានដុល្លារទេ។ បច្ចុប្បន្នមានប្រមាណ ៣៥០លានដុល្លារ។
    17. សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋសន្សំសំចៃអគ្គិសនី ព្រោះបច្ចុប្បន្នរដ្ឋកំពុងខាតបង់លើថាមពលអគ្គិសនី។
    18. សម្តេចតេជោ ហ៊ុន សែន រំលឹកថា ពេលទៅព្រុចសែល ជើងរមួលសម្រាកមិនបាន ព្រោះតែអាកាសធាតុត្រជាក់ខ្លាំងពេក។
    19. សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ពេលបើកបរ។ សូមកុំខ្លាចនគរបាលចរាចរណ៍ ត្រូវខ្លាចការបាត់បង់ជីវិត ឬរបួសពិការ។
    20. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធ ចាត់ចែងការប្រលងបាក់ឌុបប្រកបដោយជោគជ័យ។
    21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់អ្នកជាប់បាក់ឌុបទាំងអស់ថា ទោះជាប់ក្នុងនិទ្ទេសណាក៏ដោយគួរត្រេកអរ កុំផ្តោតចិត្តទុកដាក់រឿងនិទ្ទេស ខ្លាំងពេក។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សិស្សធ្លាក់បាក់ឌុប ឱ្យបន្តប្រឹងសិក្សា ដើម្បីប្រលងនៅឆ្នាំក្រោយទៀត។
    22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រលងបាក់ឌុបនៅតែបន្តរឹតបន្តឹង គ្មានការបន្ធូបន្ថយទេ។
    23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាធ្វើបានយ៉ាងល្អលើការអប់រំ ហើយត្រូវបន្តជំរុញគុណភាពនៃការសិក្សា។
    24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើមឆ្នាំ២០២៣ នឹងមានការអញ្ជើញទស្សនកិច្ចនៅម៉ាឌីវ និងឡាវ។
    25. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋនៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមថា នឹងបន្តបោះឆ្នោតគាំទ្រជាបន្តទៀត។
    26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលដៅបំផ្លាញចោលគ្រាប់មីនឱ្យអស់នៅឆ្នាំ២០២៥។
    27. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលគណបក្សប្រជាជនដឹកនាំប្រទេស ប្រជាពលរដ្ឋអាចធ្វើដំណើរទៅគ្រប់កន្លែងអស់។
    28. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល មិនរារាំងអ្នកជេររាជរដ្ឋាភិបាល ក្នុងការចូលមកលេងស្រុកនោះទេ។
    29. សម្តេចតេជោ ហ៊ុន សែន បន្តហួសចិត្តចំពោះក្រុមប្រឆាំង ដែលមិនចេះអបអរសាទរចំពោះសមិទ្ធផលជាតិ។ សម្តេចតេជោ បញ្ជាក់ថា សមិទ្ធផលរបស់ជាតិ គឺជារបស់រួម មិនមែនតែជារបស់បក្សប្រជាជននោះឡើយ។
    30. សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំង និងបន្តរួមគ្នាជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា៕

    អត្ថបទទាក់ទង