អ្នកវិភាគ ៖ គោលនយោបាយរូបិយវត្ថុរបស់ចិនអាចនឹងត្រូវបានបន្ធូរបន្ថយបន្ថែមទៀតនៅឆ្នាំ ២០២៣ បន្ទាប់ពីធនាគារកណ្តាលកាត់បន្ថយសមាមាត្រនៃទុនបម្រុង
ក្រុមអ្នកវិភាគចិនបាននិយាយថា «សម្ពាធដែលបណ្ដាលមកពីការធ្លាក់ចុះជាបន្តបន្ទាប់នៃសេដ្ឋកិច្ច បានផ្តល់ឱកាសដល់ប្រទេសចិនក្នុងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនៅឆ្នាំក្រោយ»។ សេដ្ឋវិទូ Lian Ping បាននិយាយថា «ឱកាសសម្រាប់ការបន្ធូរបន្ថយនេះនឹងកើនឡើងនៅពេលដែលបញ្ហាប្រឈម ដែលបង្កឡើងដោយការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិក បញ្ចប់ទៅនៅឆ្នាំ ២០២៣ ខាងមុខ»។
សហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់ចំនួន ៦ ដងនៅឆ្នាំនេះ ដើម្បីទប់ស្កាត់អត្រាអតិផរណាក្នុងស្រុក ដោយក្នុងនោះ ការដំឡើងក្នុងអត្រា ០,៧៥% បានកើតមានចំនួន ៤ ដង។ លោក Lian ដែលជាប្រធានវិទ្យាស្ថានស្រាវជ្រាវការវិនិយោគ «Zhixin» បាននិយាយនៅឯសន្និសីទសេដ្ឋកិច្ចនៅទីក្រុងសៀងហៃកាលពីចុងសប្តាហ៍មុនថា «សេដ្ឋកិច្ចសកលនឹងបន្តរងនូវភាពរអាក់រអួលនៅឆ្នាំក្រោយ ដោយសារអឺរ៉ុប, ជប៉ុន និងបណ្ដាប្រទេសកំពុងអភិវឌ្ឍមួយចំនួនកំពុងឈានឆ្ពោះទៅរកកំណើនអវិជ្ជមាន។ ស្ថានភាពនេះនឹងបង្កផលប៉ះពាល់ដល់ការនាំចេញរបស់ចិន»។
លោក Lian បានបន្តថា «តម្រូវការក្នុងការបង្កើតឱ្យមានកំណើនដ៏ល្អនៅក្នុងសសរស្តម្ភសេដ្ឋកិច្ចសំខាន់ៗរបស់ចិន ដូចជាការនាំចេញ, អចលនទ្រព្យ និងទំនិញប្រើប្រាស់ មានន័យស្មើនឹងការដកចេញនូវការរឹតត្បិត លើគោលនយោបាយរូបិយវត្ថុ បូករួមនឹងការផ្តល់ការគាំទ្រផ្នែកសារពើពន្ធឱ្យបានកាន់តែច្រើន»។
ការពង្រីកគោលនយោបាយរូបិយវត្ថុសំដៅលើការជំរុញការផ្គត់ផ្គង់សាច់ប្រាក់ឬការបញ្ចុះអត្រាការប្រាក់រយៈពេលខ្លី ដើម្បីជំរុញការចំណាយរបស់អតិថិជន និងរបស់អាជីវកម្ម។ ជាលើកទី២ ក្នុងឆ្នាំនេះ ធនាគារកណ្តាលរបស់ប្រទេសចិនកាលពីថ្ងៃសុក្រសប្តាហ៍មុន បានកាត់បន្ថយចំនួនសាច់ប្រាក់ដែលធនាគារត្រូវរក្សាទុកក្នុងគោលបំណងជំរុញកំណើន។
ចំណាត់ការនេះបានកើតឡើង នៅពេលដែលវិធានការទប់ស្កាត់វីរុសកូវីដ-១៩ ដ៏តឹងរ៉ឹង និងការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យបានបន្តបង្កផលប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកប្រើប្រាស់ និងបន្តបង្កើនសម្ពាធលើប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ របស់ពិភពលោក។ ធនាគារកណ្ដាលចិនបានឱ្យដឹងថា «ការកាត់បន្ថយទុនបម្រុងចំនួន ០,២៥% នៅក្នុងសមាមាត្រតម្រូវការទុនបម្រុង (RRR) មកនៅត្រឹម ៧,៨% នឹងចូលជាធរមាននៅថ្ងៃទី ៥ ខែធ្នូ ខាងមុខ»។ វានឹងនាំមកនូវការចាក់បញ្ចូលសាច់ប្រាក់ប្រមាណ ៥០០ ពាន់លានយ័ន (៧០ ពាន់លានដុល្លារ) ទៅក្នុងសាច់ប្រាក់ងាយស្រួលរយៈពេលវែង។
លោក Sheng Songcheng ដែលជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅសាលាធុរកិច្ចអន្តរជាតិ «China Europe International» នៅក្នុងទីក្រុងសៀងហៃបាននិយាយថា «ការកែតម្រូវសមាមាត្រ RRR ចុងក្រោយបំផុតនេះ គឺជាចំនួនដ៏តិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងចំនួន ០,៥% កាលពីពេលមុន។ សមាមាត្រ RRR ត្រូវបានបន្ទាបនៅពេលនេះ ដោយសារតែក្តីកង្វល់អំពីបញ្ហាសាច់ប្រាក់ងាយស្រួល (Liquidity)»។
ការកើនឡើងនៃសម្ពាធសេដ្ឋកិច្ចបានធ្វើឱ្យរដ្ឋាភិបាលក្នុងតំបន់មួយចំនួននៅក្នុងប្រទេសចិន ព្យាយាមស្វែងរកប្រភពចំណូលថ្មីៗ បូករួមនឹងការកាត់បន្ថយការចំណាយ។ ព័ត៌មានចុងក្រោយពីការិយាល័យស្ថិតិជាតិបានបង្ហាញថា «ក្រុមហ៊ុនឧស្សាហកម្មនានាកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង ដោយសារករណីឆ្លងវីរុសកូវីដ-១៩ កំពុងមានការកើនឡើងនៅទូទាំងប្រទេស បូករួមនឹងហានិភ័យនៃការអាចកើតមានវិបត្តិសេដ្ឋកិច្ចសកល»។
លោក Zhu Hong ដែលជាមន្ត្រីការិយាល័យម្នាក់ ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍រដ្ឋ CCTV ថា «គេចាំបាច់ត្រូវតែថ្លឹងថ្លែងរវាងវិធានការរឹតត្បិតលើវីរុសកូវីដ-១៩ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច»។ សេដ្ឋកិច្ចរបស់ប្រទេសចិនបានបន្តស្ថិតនៅក្រោមសម្ពាធចាប់តាំងពីខែតុលា មក ដោយសារការនាំចេញ និងការលក់រាយនៅតែបន្តធ្លាក់ចុះ ខណៈពេលដែលសកម្មភាពអាជីវកម្ម និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ក៏បាននិងកំពុងធ្លាក់ចុះខ្សោយ។
លោក Lian បានព្រមានថា «ស្ថានភាពវីរុសកូវីដ-១៩ នឹងនាំមកនូវភាពមិនច្បាស់លាស់ជាច្រើនទៀត ដែលជាហេតុនឹងបង្កការលំបាកក្នុងការអាចឈានទៅសម្រេចបាននូវការស្ទុះងើបឡើងវិញយ៉ាងពេញលេញ និងយ៉ាងរឹងមាំនៅក្នុងការប្រើប្រាស់»។ លោក He Xiaobing ដែលជាប្រធានសេដ្ឋវិទូ នៃក្រុមហ៊ុន China Fortune Securities ក៏បាននិយាយផងដែរថា «បញ្ហាប្រឈមបន្ទាន់បំផុតសម្រាប់សេដ្ឋកិច្ចចិនគឺកង្វះស្ថិរភាព»។
លោកបានបន្តថា «វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតឱ្យមានវិធីសាស្ត្រជាក់ស្តែង ដើម្បីបង្កើនទំនុកចិត្ត និងដើម្បីធានាសុវត្ថិភាពចំពោះការវិនិយោគ ហើយវាក៏មានសារៈសំខាន់ខ្លាំងផងដែរក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ជាមួយនឹងការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវផែនការរយៈពេល ៥ ឆ្នាំលើកទី ១៤ និងគោលដៅឆ្នាំ ២០៣៥ ស្តីពីការអភិវឌ្ឍបច្ចេកវិទ្យាកម្រិតខ្ពស់ តាមរយៈការរក្សាអ្នកមានទេពកោសល្យឱ្យស្ថិតនៅក្នុងប្រទេស»៕
South China Morning Post