ខ្មែរប៉ុស្ដិ៍ Close

លោក Lee Jae-myung ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង

ដោយ៖ Sreyleak ​​ | ថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ 1353
លោក Lee Jae-myung ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក Lee Jae-myung ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង

លោក Lee Jae-myung បានទទួលជ័យជម្នះលើគូប្រជែងរបស់លោក គឺលោក Kim Moon-soo មកពីគណបក្សអំណាចប្រជាជនដែលជាអតីតបក្សអភិរក្សនិយមរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង លោក Lee ទទួលបានសំឡេងគាំទ្រ ៤៩.៤២ភាគរយ រីឯលោក Kim ទទួលបានសំឡេងគាំទ្រ ៤១.១៥ភាគរយ។ ជាធម្មតា នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង បេក្ខជនជ័យលាភីត្រូវរង់ចាំជាច្រើនខែទើបអាចស្បថចូលកាន់តំណែង។ ប៉ុន្តែដោយសារតែជ័យជម្នះរបស់លោក Lee កើតមានឡើងនៅក្នុង ការបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីលោក Yoon ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង នេះមានន័យថាអាណត្តិរបស់លោកនឹងត្រូវចាប់ផ្ដើមភ្លាមៗ ក្រោយគណៈកម្មការរៀបចំការបោះឆ្នោត ផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតជាផ្លូវការនៅព្រឹកថ្ងៃពុធនេះ។

«គណៈកម្មការរៀបចំការបោះឆ្នោតសូមបញ្ជាក់ថាលោក​ Lee Jae-myung នៃគណបក្សប្រជាធិបតេយ្យបានជាប់ឆ្នោតជាប្រធានាធិបតី»។ នេះជាការគូសបញ្ជាក់របស់ប្រធានគណៈកម្មការរៀបចំ ការបោះឆ្នោតកូរ៉េខាងត្បូង លោក Roh Tae-ak។

ក្រោយការប្រកាសលទ្ធផលផ្លូវការ លោក Kim Moon-soo ក៏បានទទួលស្គាល់បរាជ័យ និងលទ្ធផលបោះឆ្នោតផងដែរ៕