ខ្មែរប៉ុស្ដិ៍ Close

សម្តេចក្រឡាហោម ស ខេង រំលឹកអំពីវិធានការទប់ស្កាត់រាល់ឧបាយកល ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬរាំងស្ទះដល់ដំណើរការបោះឆ្នោត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 40
សម្តេចក្រឡាហោម ស ខេង រំលឹកអំពីវិធានការទប់ស្កាត់រាល់ឧបាយកល ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬរាំងស្ទះដល់ដំណើរការបោះឆ្នោត សម្តេចក្រឡាហោម ស ខេង រំលឹកអំពីវិធានការទប់ស្កាត់រាល់ឧបាយកល ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬរាំងស្ទះដល់ដំណើរការបោះឆ្នោត

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានបញ្ជាក់ឡើងវិញអំពីវិធានការផ្សេងៗ ក្នុងការទប់ស្កាត់រាល់ឧបាយកល ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬរាំងស្ទះដល់ដំណើរការបោះឆ្នោត។

ថ្លែងក្នុងប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្ដីពីកិច្ចការងារពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ តាមប្រព័ន្ធបញ្ជូនសំឡេង និងរូបភាព នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់ គ.ស.អ ដោយបញ្ជាក់ថា៖ «គោលបំណងរបស់ គ.ស.អ រួមមាន ចាត់វិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ឧបាយកល ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតតាមគ្រប់រូបភាព»។

សម្តេចបានបញ្ជាក់បន្ថែមលើតួនាទីទៀតថា គ.ស.អ ធានាឲ្យបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រឹត្យ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ គ្មានការគំរាមកំហែង ការបំភិតបំភ័យ គ្មានអំពើហិង្សាផ្សេងៗ និងធានាឲ្យបាននូវសុវត្ថិភាពទាំងស្រុង និងផ្តល់នូវសេវាសន្តិសុខដោយស្មើភាពគ្នាជាដើម។

គ.ស.អ ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ២០២១ ដោយមានសមាសភាព សម្ដេចក្រឡាហោម ស ខេង ជាប្រធាន អមដោយអនុប្រធាន៣រូប រួមមានសម្ដេចពិជ័យសេនា ទៀត បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ត្រូវធានាឲ្យបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រឹត្យ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ គ្មានការគំរាមកំហែង ការបំភិតបំភ័យ គ្មានអំពើហិង្សាផ្សេងៗ និងធានាឲ្យបាននូវសុវត្ថិភាពទាំងស្រុង និងផ្តល់នូវសេវាសន្តិសុខដោយស្មើភាពគ្នាជាដើម។

សម្ដេចបានអះអាងថា គោលដៅការពារក្នុងដំណើរការបោះឆ្នោតនេះមានច្រើនទីតាំង ក្នុងនោះបន្ថែមលើកម្លាំងនគរបាល និងកងរាជអាវុធហត្ថ សម្ដេចបានឯកភាពឲ្យប្រើកម្លាំងប្រជាការពារ ដើម្បីជួយគាំទ្រក្នុងការរក្សាសន្តិសុខសម្រាប់ការបោះឆ្នោត ដោយមានការបណ្ដុះបណ្ដាលអំពីគោលការណ៍សំខាន់មួយចំនួន។ សម្ដេចបន្តថាគ្រប់កម្លាំង និងមន្រ្តីមុខងារសាធារណៈទាំងអស់ ត្រូវតែប្រកាន់អព្យាក្រឹត្យភាព ការពារគ្រប់សកម្មភាពរបស់គណបក្សនយោបាយ ហើយមន្រ្តីនយោបាយទាំងអស់ក៏មិនត្រូវប្រើធនធានរបស់រដ្ឋដើម្បីបំរើសកម្មភាពនយោបាយដែរ។

បើតាមការបញ្ជាក់របស់សម្ដេច ស ខេង ការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនលើកច្រើនសារនាពេលកន្លងមក និងអនាគត ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងប្រកបដោយមោទកភាព ព្រមទាំងជាការបង្ហាញឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឱ្យមានអភិបាលកិច្ចល្អ បន្តអនុវត្តនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់មូលដ្ឋាន ពង្រឹងលទ្ធិប្រជាធិបតេ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទទាក់ទង