ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាវីរុសទម្រង់ Omicron នឹងក្លាយទៅជាវីរុសទម្រង់ថ្មីដ៏គួរឱ្យព្រួយបារម្ភចុងក្រោយគេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 68
ហេតុអ្វីបានជាវីរុសទម្រង់ Omicron  នឹងក្លាយទៅជាវីរុសទម្រង់ថ្មីដ៏គួរឱ្យព្រួយបារម្ភចុងក្រោយគេ? ហេតុអ្វីបានជាវីរុសទម្រង់ Omicron នឹងក្លាយទៅជាវីរុសទម្រង់ថ្មីដ៏គួរឱ្យព្រួយបារម្ភចុងក្រោយគេ?

វានៅតែមានភាពចម្រូងចម្រាសនៅឡើយជុំវិញបញ្ហាថា «តើវីរុសមានជីវិតដែរឬក៏អត់»។ ប៉ុន្តែ ដូចគ្នាទៅនឹងភាវៈមានជីវិតដទៃទៀតដែរ វីរុសមានការវិវឌ្ឍខ្លួន ហើយបញ្ហានេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងអំឡុងពេលកើតមានវីរុសរាតត្បាត ដែលនោះគឺការលេចឡើងនៃវីរុសទម្រង់ថ្មីៗនៅរៀងរាល់ ២ឬ៣ខែម្តង។

វីរុសទម្រង់ថ្មីៗមួយចំនួនមានសមត្ថភាពបង្កការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់លឿនរហ័សជាងវីរុសទម្រង់ខ្លះទៀត ហើយចុងក្រោយក៏បានវិវឌ្ឍទៅជាវីរុសទម្រង់ថ្មីដ៏មានឥទ្ធិពលខ្លាំងជាងមេរោគ SARS-CoV-2 ដែលជាមេរោគដំបូងគេដែល បង្កឱ្យមានវីរុសកូវីដ-១៩ ។

ការដែលវីរុសទម្រង់ថ្មីអាចធ្វើការចម្លងបានរហ័សជាងមុន គឺដោយសារតែការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីន Spike ដែលអាចធ្វើឱ្យវីរុស ភ្ជាប់ខ្លួនបានកាន់តែខ្លាំងទៅនឹងកោសិកា ACE2 ដែលជាផ្ទៃខាងលើនៃកោសិកា ដែលវីរុសតែងតែមកទុំភ្ជាប់ដើម្បីធ្វើការចម្លងចូលទៅក្នុងខ្លួនរបស់មនុស្ស។

ការប្រែប្រួលទាំងនេះហើយដែលបានធ្វើឱ្យវីរុសទម្រង់ Alpha និង Delta អាចបង្កការឆ្លងរីករាលដាលនៅពាសពេញពិភពលោក ហើយក្រុមអ្នកវិទ្យាសាស្ត្រក៏បាន រំពឹងទុកផងដែរថា «វីរុសទម្រង់ Omicron ក៏នឹងមានឥទ្ធិពលដូចវីរុសទម្រង់ ទាំងនេះផងដែរ»។

ទោះជាយ៉ាងណាក៏ដោយ វីរុសមិនអាចធ្វើការវិវឌ្ឍខ្លួនជារៀងរហូតនោះទេ។ ច្បាប់ជីវគីមីបានលើកឡើងថា «វីរុសនឹងធ្វើការផ្លាស់ប្តូរប្រូតេអ៊ីន Spike ដើម្បីអាចឱ្យវាភ្ជាប់ខ្លួនទៅនឹងកោសិកា ACE2 ឱ្យបានខ្លាំង
បំផុតតាមដែលអាចធ្វើទៅបាន»។

ប៉ុន្តែសមត្ថភាព របស់មេរោគ SARS-CoV-2 ក្នុងការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតមិនមែនអាស្រ័យតែ ទៅលើសមត្ថភាព របស់វីរុសក្នុងការតោងជាប់កោសិកាខាងក្រៅនោះទេ។

កត្តាផ្សេងៗជាច្រើនទៀតនឹងកំណត់ការឆ្លងរីករាលដាលនៃវីរុស ដោយក្នុងនោះរួមមានល្បឿនចម្លងរបស់ហ្សែនមេរោគ, ល្បឿនរបស់មេរោគក្នុងការចូលទៅក្នុងកោសិកាតាមរយៈប្រូតេអ៊ីន TMPRSS2 និងចំនួនមេរោគដែលអ្នកជំងឺអាចផ្ទុកបាន។ ជាគោលការណ៍ ចំណុចទាំងអស់ខាង លើនឹងវិវឌ្ឍទៅមុខ ហើយសមត្ថភាពចម្លងរបស់វីរុសនឹងឈានទៅដល់កម្រិតកំពូល។

គេនៅមិនទាន់មានហេតុផលណាមួយ ដែលអាចបញ្ជាក់ថា «វីរុសទម្រង់ Omicron បានឈានដល់កម្រិតកំពូលហើយឬនៅនោះទេ» -លទ្ធផលនៃការ សិក្សាមួយដែលមានឈ្មោះថា «Gain-of-function»
ដែលបានផ្តោតទៅ លើការបំលែងខ្លួន របស់មេរោគSARS-CoV-2 បានរកឃើញថា «មានការបំលែង ខ្លួនជាច្រើនរបៀប ដែលអាចបង្កើនសមត្ថភាពរបស់ប្រូតេអ៊ីន Spike ក្នុងការភ្ជាប់ទៅនឹងកោសិការបស់មនុស្ស»។ ក៏ប៉ុន្តែរបៀបទាំងនោះមិនត្រូវបានរកឃើញនៅក្នុងវីរុសទម្រង់ Omicron នោះទេ។

វីរុសទម្រង់ Omicron អាចនឹងមិនវិវឌ្ឍទៅមុខខ្លាំងជាងនេះទេ ដោយសារតែវាត្រូវបានកំណត់ដោយប្រូបាប៊ីលីតេហ្សែន (Genetic Probability) តាម របៀបដែលដូចគ្នានឹងការដែលសេះបង្កង់មិនអាចវិវឌ្ឍទៅមានភ្នែកនៅខាងក្រោយក្បាលបាន។

វាអាចទៅរួចដែលថា «មេរោគ SARS-CoV-2 មិនអាចធ្វើការវិវឌ្ឍទៅមុខរហូតឈានដល់កម្រិតកំពូលដូចអ្វីដែលបានលើកឡើងនៅក្នុងទ្រឹស្ដីនោះទេ ដោយសារតែការវិវឌ្ឍទាំងនោះត្រូវតែកើតឡើងព្រមៗគ្នាហើយវាគឺជារឿងដែលមិនទំនង និងកម្រនឹងកើតឡើងណាស់»។

បើទោះជានៅក្នុងសេណារីយ៉ូដែលថា «វីរុសទម្រង់ Omicron គឺជាវីរុសទម្រង់ថ្មីដែលអាចចម្លងបានយ៉ាងរហ័សជាងគេបំផុតក៏ដោយ ក៏វានឹងនៅតែមានវីរុសទម្រង់ថ្មីផ្សេងទៀត ដែលនឹងលេចឡើងដើម្បីគ្រប់គ្រងប្រព័ន្ធការពាររបស់មនុស្ស»។

បន្ទាប់ពីបានឆ្លងវីរុសណាមួយប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនមនុស្សនឹងធ្វើការ សម្របខ្លួនដើម្បីបង្កើតអង្គបដិប្រាណ ដើម្បីបន្សាបវីរុស និងបង្កើតកោសិកា «Killer T-cells» ដើម្បីបំផ្លាញកោសិកាដែលបានឆ្លងមេរោគ។

អង្គបដិប្រាណគឺជាបំណែកនៃប្រូតេអ៊ីនដែលតោងជាប់នឹងរូបរាងនៃម៉ូលេគុលវីរុសហើយកោសិកា «Killer T-cell» អាចចំណាំកោសិកាដែលបានឆ្លងវីរុស តាមរយៈរូបរាងនៃម៉ូលេគុលនោះ។ មេរោគ SARS-CoV-2 អាចគេចចេញពីប្រព័ន្ធការពាររាងកាយរបស់មនុស្សបាន តាមរយៈការផ្លាស់ប្តូររូបរាងម៉ូលេគុលរបស់វា ដើម្បីកុំឱ្យប្រព័ន្ធភាពស៊ាំអាចចំណាំវាបាន។

ទាំងនេះគឺជាមូលហេតុដែលធ្វើឱ្យវីរុសទម្រង់ Omicron អាចធ្វើការចម្លងទៅកាន់មនុស្សដែលបានចាក់វ៉ាក់សាំងហើយ ក៏ដូចជាអ្នកដែលធ្លាប់បានឆ្លងវីរុសទម្រង់មុនៗ។

ទិន្នន័យរបស់ក្រុមហ៊ុន Pfizer បានឱ្យដឹងថា «កោសិកា T-cell អាចធ្វើការឆ្លើយតប ទៅនឹងវីរុសទម្រង់ Omicron ស្រដៀងគ្នានឹងការឆ្លើយតបជា មួយវីរុសទម្រង់ថ្មីមុនៗដែរ» ហើយចំណុចនេះគឺមានលក្ខណៈស្របគ្នានឹងអ្វីដែលគេបានសង្កេតឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងដែលវីរុសទម្រង់ Omicron បានបង្កឱ្យមានអត្រាមរណភាពតិចតួចប៉ុណ្ណោះដោយសារអត្រាប្រព័ន្ធភាពស៊ាំស្ថិតក្នុងអត្រាមួយខ្ពស់។

អ្វីដែលសំខាន់នោះគឺ «អ្នកដែលបានឆ្លងវីរុសកូវីដ-១៩ ហើយ ក៏នៅតែអាចឆ្លងវីរុសនេះម្តងទៀត ក៏ប៉ុន្តែអ្នកជំងឺនឹងមិនធ្លាក់ខ្លួនឈឺធ្ងន់ដូចកាលពីឆ្លងលើកដំបូងនោះទេ»។ ការបំលែងខ្លួនរបស់វីរុសបានធ្វើឱ្យវីរុសទម្រង់ថ្មីអាចឆ្លងបាន យ៉ាងឆាប់រហ័សតែមិនបានបង្កើនឱ្យមានចំនួនអ្នកបាត់បង់ជីវិតបន្ថែមនោះទេ។

វីរុសទាំងនេះអាចនឹងបន្តវិវឌ្ឍខ្លួនទៅ តាមពេលវេលាដើម្បីគេចចេញពីប្រព័ន្ធការពាររបស់ប្រព័ន្ធភាពស៊ាំ និងដើម្បីបង្កឱ្យមានការឆ្លងឡើងវិញ។ យើងនឹងជួបប្រទះនូវរដូវកាលឆ្លងវីរុសកូវីដ-១៩ នៅរៀងរាល់រដូវរងា ដូចគ្នាទៅ នឹងរដូវកាលនៃជំងឺផ្តាសាយដែរ។

មេរោគគ្រុនផ្តាសាយក៏មានការ បំលែងខ្លួនស្រដៀងគ្នានេះដែរដើម្បីបង្កឱ្យមានការឆ្លងឡើងវិញ ហើយមេរោគគ្រុនផ្តាសាយទម្រង់ថ្មីៗនៅក្នុងឆ្នាំថ្មី មិនប្រាកដថាសុទ្ធតែខ្លាំងជាងមេរោគផ្តាសាយកាលពីឆ្នាំមុននោះទេ តែវាសុទ្ធតែមានទម្រង់ខុសៗគ្នា។

ដូច្នេះវីរុសទម្រង់ Omicron នឹងមិន មែនជាវីរុសទម្រង់ថ្មីចុងក្រោយនោះទេ ក៏ប៉ុន្តែវាអាចជាវីរុសទម្រង់ថ្មីដ៏គួរឱ្យព្រួយបារម្ភចុងក្រោយគេ។ ដំណើរនៃវីរុសរាតត្បាតនេះពិតជាពិបាកព្យាករណ៌ណាស់។ ក៏ប៉ុន្តែមេរោគSARS-CoV-2 ប្រហែលជាអាចនឹងវិវឌ្ឍបន្តិចៗ និងចុងក្រោយអាចនឹងក្លាយទៅជាមេរោគឆ្លងរាតត្បាតដោយតំបន់ (Endemic)។

មនុស្សភាគច្រើនអាចនឹងឆ្លងមេរោគនេះជាលើកដំបូងនៅក្នុងវ័យកុមារដែលអាចនៅមុន ឬក្រោយពេលចាក់វ៉ាក់សាំង ហើយពួកគេអាចនឹងឆ្លងវាម្តងទៀតនៅ ពេលក្រោយដោយមិនបានចាប់អារម្មណ៍៕

អត្ថបទទាក់ទង