លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត
ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ស្វាយ ស៊ីថា សូមប្រកាសគាំទ្រជាឱឡារិក និងទាំងស្រុងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់បន្តវេនដឹកនាំប្រទេសទៅថ្ងៃអនាគត ស្របតាមការប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តព្រះសីហនុ។
ខ្ញុំយល់ឃើញថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មីមួយរូបដែលពិតជា មានសមត្ថភាពខ្ពស់ មានសីលធម៌និងគុណធម៌ដ៏ល្អ ជាពិសេស ឯកឧត្តមបាន និងកំពុងធ្វើសកម្មភាពជាគំរូជាក់ស្តែងជាច្រើនឆ្នាំនៅលើវិស័យសំខាន់ៗជាច្រើនទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
តាមរយៈលក្ខណៈ សម្បត្តិដ៏ល្អប្រសើរ គួបផ្សំនឹងបទពិសោធទាំងអស់នេះ ខ្ញុំពិតជាមានជំនឿយ៉ាងមុតមាំថា «កូនខ្មែរម្នាក់នេះពិតជាអាចធ្វើបានគ្រប់យ៉ាង» ដើម្បីជំរុញការការពារនិងអភិវឌ្ឍប្រទេសជាតិឲ្យរីកចំរើនជឿនលឿនទៅមុខ ក្នុងសុខសន្តិភាពនិងវិបុលភាព ក៏ដូចជាកសាងកិត្យានុភាពរបស់ជាតិ នៅលើឆាកអន្តរជាតិ៕
រាជធានីភ្នំពេញ, ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១
ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី