ឯកអគ្គរដ្ឋទូតឆែកសន្យាជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា
ឆ្លើយតបសំណូមពររបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចំពោះប្រទេសឆែក បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឲ្យកាន់តែល្អប្រសើរថែមទៀត ក្រោយជំងឺរាតត្បាតកូវីដ ១៩ បានធូរស្បើយនោះ ឯកឧត្តម ម៉ាទីន វែវរ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណ រដ្ឋឆែក ប្រចាំកម្ពុជា បានសន្យានឹងខិតខំជំរុញអ្នកវិនិយោគិនឆែកមកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនឡើង។
ឯកឧត្តមបានជម្រាបជូនសម្តេចថា ក្រុមហ៊ុនរបស់ឆែកបាននិងកំពុងវិនិយោគនៅក្នុងប្រទេសថៃ ននិងប្រទេសវៀតណាម ដូច្នេះឯកឧត្តមនឹងសិក្សាដើម្បីជំរុញកិច្ចសហប្រ តិបត្តិការពាណិជ្ជកម្មរវាងប្រទេសទំាងពីរឲ្យកាន់តែមានទំហំធំឡើង។
ទោះយ៉ាងណា ឯកឧត្តម ម៉ាទីន វែវរ៉ា លើកឡើងថា ឆែកបានផ្តល់ជំនួយទ្វេភាគីមកកម្ពុជាជាច្រើននៅក្នុងវិស័យសុខាភិបាល និងអប់រំ។ កាលពីពេលថ្មីនេះជំនួយឧបករណ៍បរិក្ខារពេទ្យជាច្រើនបានផ្តល់ជូនមន្ទីរពេទ្យខេត្ត តាកែវ ហើយឆែកនៅបន្តផ្តល់ជំនួយមនុស្សធម៌មកកម្ពុជាបន្តបន្ទាប់ទៀត ពិសេសអាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅសាធារណ រដ្ឋឆែក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យឯកឧត្តម ម៉ាទីន វែវរ៉ា ចូលជួបសំដែងការគួរ សម នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ។ ក្រៅពីសំណូមពរខាងលើ សម្តេចប្រធានរដ្ឋសភាបានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម ម៉ាទីន វែវរ៉ា ដែលត្រូវបានរដ្ឋាភិបាលឆែក តែង តាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានលើកឡើងថា ប្រទេសទំាងពីរកម្ពុជា និងឆែក បានភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាអស់រយៈពេលជាយូរមកហើយ ហើយប្រជាជាតិទាំងពីរ ទទួលបានផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជារៀងរហូតមក។ នៅក្នុងដំណាក់កាលជាបន្តបន្ទាប់ ឆែកបានរួមចំណែកអភិវឌ្ឍកម្ពុជាយ៉ាងច្រើន គឺតាំងពីអតីតឆេកូស្លូវ៉ាគី រហូតដល់បច្ចុប្បន្ន។
សម្តេចបានមានប្រសាសន៍បញ្ជាក់ថា ប្រជាជនកម្ពុជាសុទ្ធតែបានដឹងថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសិក្សារៀន សូត្រនៅសាធារណរដ្ឋឆែក ដែលមានប្រព័ន្ធអប់រំល្អប្រកបដោយគុណភាពខ្ពស់ តំាងពីសម័យមុនមកម្ល៉េះ។ សម្តេចប្រធានរដ្ឋសភាមានជំនឿថា បេសកកម្មការទូតថ្មីរបស់ឯកឧត្តម នៅកម្ពុជាពិត ជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តលើក កម្ពស់ទំនាក់ទំនង ចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ដែលមានស្រាប់ ឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។
រដ្ឋសភាកម្ពុជា សូមគាំទ្រចំពោះបេសកកម្មការទូត របស់ឯកឧត្តម និងត្រៀមធ្វើកិច្ចសហប្រតិបត្តិការពេញ លេញ ដើម្បីឲ្យបេសកកម្មការទូតរបស់ឯកឧត្តម ប្រចាំនៅកម្ពុជា ទទួលបានជោគជ័យ៕
ប្រភព៖ វិទ្យុជាតិកម្ពុជា