ខ្មែរប៉ុស្ដិ៍ Close

ជម្រើសជាតិថ្នាលកម្ពុជា ២២៦នាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ រួចរាល់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ កីឡា - សុខភាព 286
ជម្រើសជាតិថ្នាលកម្ពុជា ២២៦នាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ រួចរាល់ ជម្រើសជាតិថ្នាលកម្ពុជា ២២៦នាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ រួចរាល់

ក្រុមកីឡាការិនី-កីឡាការិនីជម្រើសជាតិថ្នាលកម្ពុជា ដែលមានអាយុ ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំចំនួន ២២៦នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ រួចរាល់ហើយ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នាមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះបើតាមការបញ្ជាក់លើគេហទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

ការចាក់វ៉ាក់សាំងជូនក្រុមជម្រើសជាតិថ្នាលអាយុក្រោម ១៨ឆ្នាំនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងក្មេងជំទង់ដែលមានអាយុចាប់ពី១២ ដល់អាយុ ១៧ឆ្នាំ កាលពីដើមខែសីហាកន្លងទៅ។ បន្ទាប់មកគណៈកម្មាធិការជាតិ CAMSOC និងក្រុមការងារវ៉ាក់សាំងនៃក្រសួងការពារជាតិ ក៏បានសហការរៀបចំចាក់ជូនកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាល ដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់ និងត្រៀមចេញទៅក្រៅប្រទេសតែម្ដង។

មន្ដ្រីសម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងខាងលើបានបញ្ជាក់ថា ក្រុមជម្រើសជាតិថ្នាលដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ថ្ងៃនេះមានចំនួន ២២៦នាក់មកពីសហព័ន្ធកីឡាជាតិចំនួន ២៧សហព័ន្ធ។ ទន្ទឹមជាមួយគ្នាក៏មានការរៀបចំចាក់វ៉ាក់សាំងជូនបុគ្គលិក និងកម្មករ-កម្មការសាងសង់ភូមិកីឡា នៃពហុកីឡដ្ឋានជាតិចំនួន ៩៧នាក់ផងដែរដែលសរុបកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាល បុគ្គលិក និងកម្មករ-កម្មការិនីសាងសង់ភូមិកីឡាដែលបានចាក់ដូសទី២ រួចរាល់ថ្ងៃនេះ គឺមានចំនួន ៣២៣នាក់។

គួរដឹងថា ដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការសហការពីក្រុមការងារវ៉ាក់សាំងនៃក្រសួងការពារជាតិ រហូតមកទល់ពេលនេះ CAMSOC បានរៀបចំការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនី និងសហព័ន្ធកីឡាជាតិ រួមទាំងបុគ្គលិក កម្មករ-កម្មការិនីសាងសង់នៅពហុកីឡដ្ឋានជាតិមរតកតេជោជាច្រើនមកហើយ ពិសេសកាលពីសប្ដាហ៍មុន CAMSOC បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ប្រភេទ AstraZeneca ដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១,២២៩នាក់។

មិនតែប៉ុណ្ណោះ នៅថ្ងៃទី០១ ខែកញ្ញាខាងមុខ គណៈកម្មាធិការជាតិ CAMSOC ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ជាប្រធាន នឹងបន្ដរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី រួមទាំងក្រុមការងារ និងសិល្បៈករ-សិល្បៈការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលត្រៀមចូលរួមសម្ដែងក្នុងពិធីទទួលទង់ស៊ីហ្គេម បន្ដវេណធ្វើម្ចាស់ផ្ទះពីប្រទេសវៀតណាមសរុបចំនួន ៦៧៣នាក់ទៀតនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ Fresh News Plus

បញ្ចេញមតិ

អត្ថបទទាក់ទង