រាជរដ្ឋាភិបាល បានឧបត្ថម្ភសាច់ប្រាក់ប្រមាណជាង ៤០០លានដុល្លារ ដល់គ្រួសារក្រីក្រ ជាង ៦៦ម៉ឺនគ្រួសារ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា រយៈពេលជាងមួយឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ១,៦៤៣,០៦២,៩៨៦,០០០រៀល ស្មើនឹង ៤១០.៧៧ លានដុល្លារអាមេរិក ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងក៏បានចាប់ផ្តើមដំណើរការអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ៦ជុំ មាន ១៤លើករួចមកហើយ។
សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី៦ លើកទី២ មានរយៈពេល ៣០ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រៅពីការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែសម្រាប់អ្នកក្រីក្រកម្រិត១ និងកម្រិត២ ហើយនោះ កាលពីកន្លងទៅនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឧបត្ថម្ភថវិកាសម្រាប់អ្នកនៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលមានចំនួនជាង ៦ម៉ឺននាក់ ដោយចំណាយថវិកាប្រមាណ ៦លានដុល្លារផងដែរ។ ក្រៅពីនេះ រាជរដ្ឋាភិបាល ក៏បានផ្តល់សាច់ប្រាក់ជួយឧបត្ថម្ភដល់កម្មករ និយោជិត ដែលបាត់បត់ការងារ ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ទៀតផង៕