ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 17
សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានលោកស្រី ពេជ ចន្ទមុន្នី ប្រធាន។ នេះបើយោងតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

សេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានភារកិច្ចដូចតទៅ៖

* ស្រាវជ្រាវ និងស្វែងរកឱសថដែលមានប្រសិទ្ធភាពខ្ពស់ និងដែលត្រូវបានប្រើប្រាស់សម្រាប់ការព្យាបាល ឬបង្ការជំងឺកូវីដ-១៩ សិក្សា ស្រាវជ្រាវ និងស្វែងរកឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ដែលមានប្រសិទ្ធភាព, ភាពងាយស្រួលក្នុងការប្រើប្រាស់ និងតំលៃទាបសមរម្យ
* សិក្សា ស្រាវជ្រាវ និងស្វែងរកបរិក្ខារពេទ្យចាំបាច់ដទៃទៀត ដើម្បីបម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩
* ធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិតឱសថបរទេស ឬបណ្តាញចែកចាយឱសថបរទេស ឬអង្គការ ឬភ្នាក់ងារអន្តរជាតិដែលធ្វើការពាក់ព័ន្ធនឹងឱសថដើម្បីស្វែងរកឱសថសម្រាប់ការព្យាបាល ឬការបង្ការជំងឺកូវីដ-១៩ និងទទួលបាននូវព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងឱសថនោះ
* ធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិត ឬបណ្តាញចែកចាយឧបករណ៍តេស្តរកមេរោគកូវីដ-១៩ និងបរិក្ខារដទៃទៀត សម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីទទួលបានព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងឧបករណ៍តេស្ត ឬបរិក្ខារទាំងនោះ សិក្សាអំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃឱសថ សម្រាប់បម្រើឱ្យការបង្ការ ឬការព្យាបាលជំងឺកូវដ១៩
* ផ្តល់អនុសាសន៍អំពីការដាក់ឱ្យប្រើប្រាស់ឱសថសម្រាប់ការបង្ការ ឬព្យាបាលជំងឺកូវីដ-១៩
* ផ្តល់អនុសាសន៍អំពីការដាក់ឱ្យប្រើប្រាស់ឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ក៏ដូចជាបរិក្ខារដទៃទៀត សម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩
* ផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការជំរុញការនាំចូលឱសថសម្រាប់ការបង្ការ ឬការព្យាបាលជំងឺកូវីដ-១៩, និងឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ក៏ដូចជាបរិក្ខារដទៃទៀតសម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩
* ផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការជំរុញការចែកចាយឱ្យបានទូលំទូលាយនូវឱសថសម្រាប់ការបង្ការ ឬព្យាបាលជំងឺកូវីដ-១៩ ឬឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ នៅតាមឱសថស្ថាននានា ឬទីកន្លែងសមស្របផ្សេងទៀតនៅទូទាំងប្រទេស
* ចងក្រងរបាយការណ៍សិក្សា វិភាគ ស្រាវជ្រាវ និងផ្តល់អនុសាសន៍ទាក់ទងនឹងឱសថសម្រាប់ការបង្ការ ឬការព្យាបាលជំងឺកូវីដ-១៩ និងឧបករណ៍តេស្តរកមេរោគកូវថីដ១៩ ក៏ដូចជាបរិក្ខារដទៃទៀតសម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
* អនុវត្តការងារពាក់ព័ន្ធផ្សេងទៀត តាមការចាំបាច់ ដើម្បីបម្រើឱ្យការបង្ការ ការព្យាបាល ឬការប្រយុទ្ធនឹងជំងឺកូវីដ-១៩
* អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

សេចក្តីសម្រេចដដែលបន្ថែមថា រាល់ចំណាយពាក់ព័ន្ធនឹងការសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវប្រើកញ្ចប់ថវិកាជាតិ ដោយរៀបចំសំណើដាក់ជូនប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងកូវីដ-១៩ ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសម្រេច។

អនុប្រធាន និងសមាជិកទាំងអស់នៃក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវចូលរួមប្រជុំ តាមការអញ្ជើញ របស់ប្រធានក្រុមការងារ។ ក្នុងករណីប្រធានអវត្តមាន ឬមានធុរៈ អនុប្រធានដែលបានទទួលសិទ្ធិពីប្រធាន អាចកោះប្រជុំ និងដឹកនាំកិច្ចប្រជុំជំនួសបាន។

ក្រុមការងារនេះ អាចអញ្ជើញតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, មន្ត្រីជំនាញ, អ្នកឯកទេស ឬផ្នែកឯកជនចូលរួមប្រជុំ និងប្រឹក្សាយោបល់ ទៅតាមតម្រូវការចាំបាច់៕

អត្ថបទទាក់ទង