ខ្មែរប៉ុស្ដិ៍ Close

ការដាំដំណាំត្រសក់ទ្រើងតាមប្រព័ន្ធដំណក់ទឹក បានផ្តល់ផលច្រើនហើយងាយស្រួលដាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 125
ការដាំដំណាំត្រសក់ទ្រើងតាមប្រព័ន្ធដំណក់ទឹក បានផ្តល់ផលច្រើនហើយងាយស្រួលដាំ ការដាំដំណាំត្រសក់ទ្រើងតាមប្រព័ន្ធដំណក់ទឹក បានផ្តល់ផលច្រើនហើយងាយស្រួលដាំ

ក្រុមកសិករនៅខេត្តសៀមរាបបានឲ្យដឹងថា ការដាំដំណាំត្រសក់ទ្រើងតាមប្រព័ន្ធដំណក់ទឹក គឺបានផ្តល់ទិន្នផលខ្ពស់ ហើយងាយស្រួលដំាមិនពិបាកក្នុងការថែទំាឡើយ។

លោក ប៉ក់ រស់ កសិករដាំបន្លែ រស់នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចាប់យកមុខរបរដាំបន្លែលក់ រយៈពេល ជាង៥ឆ្នាំមកហើយ ដោយបានដាំដុះបន្លែជាច្រើនដូចជា៖ត្រសក់ ស្ពៃហាង ស្ពៃចង្កឹះ ស្ពៃក្រញាញ់និងត្រកួនជាដើម។ ដោយមើលឃើញពីការដាំបន្លែតាមទម្លាប់ចាស់មិនសូវបានផលច្រើន បច្ចុប្បន្ននេះបងប្អូនងាកមកដាំត្រសក់តាមប្រព័ន្ធដំណក់ទឹកនេះវិញ លើផ្ទៃដីទំហំប្រមាណ២,០០០ម៉ែត្រក្រឡា ដោយការដាំវិលជុំ និងក្នុងមួយវគ្គអាចទទួលបានប្រាក់ចំណូល១លាន៥សែនរៀល ពីមុខរបរនេះ។

លោកបន្តថា ត្រសក់ជាដំណាំមួយប្រភេទ ដែលមានការពេញនិយមទទួលទានជាប្រចាំ ដូច្នេះដើម្បីបំពេញតម្រូវការទីផ្សារ លោកសម្រេចចិត្តជ្រើសរើសការដាំដុះតាមបែបវិទ្យាសាស្ត្រ ជាពិសេសការស្រោចស្រពតាមប្រព័ន្ធដំណក់ទឹក ព្រោះថាវិធីនេះ មានភាពងាយស្រួលទាំងការថែទាំ ចំណាយទឹកតិច ហើយអាចដំាបានគ្រប់រដូវកាល និងទទួលបានទិន្នផលខ្ពស់ ជាងការដាំដុះ តាមបែបបុរាណ។ខ្ញុំដាំខាងប្រព័ន្ធដំណក់ទឹក គ្របកៅស៊ូរង ខ្ញុំដាំតែត្រសក់ទេប្រព័ន្ធដំណក់ទឹក ដី២០អាចុះ ខ្ញុំដាំកាលមុនខែភ្លៀងជោគជាំ ថាបាន១លានកន្លះ កាលនោះតម្លៃវាតែ៧០០រៀលដើមដៃតម្លៃថោក តែសព្វថ្ងៃខែភ្លៀងអ៊ីចឹងគេអ្នកដាំជិតៗនេះបាន២០០០រៀល យើងគ្របកៅស៊ូមុននឹងដាំយើងធ្វើរង យកជីលាមកគោ ដាក់កំបោរ ប្រើតាមបច្ចេកទេសខាងកសិកម្ម ហើយក៏ដាក់ដំណក់ទឹក យើងអត់នឿយបោចស្មៅតាមរង ខែនេះអត់សូវពិបាកដាក់ទឹក ខែប្រាំងក៏ប្រើទឹកអស់តិច ពីថ្ងៃដាំបណ្តុះកូន ប្រើពេល១ខែប្រមូលផល ពេលប្រមូលផលរយៈពេលបានមួយខែដែរ ព្រោះថាគុណភាពល្អអត់មានសត្វល្អិតមកបំផ្លាញ យើងថែទាំបានដិតដល់អត់មានរោគអីទេ។

សូមជម្រាបថា នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ អ្នកដាំដំណាំជាច្រើន បានងាកមកប្រើវិធីស្រោចស្រពដំណាំ តាមបែបវិទ្យាសាស្ត្រ ដូចបណ្តាប្រទេសមួយចំនួនដែរ ព្រោះការប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណក់ទឹកលើដំណាំនេះ ជាជម្រើសដ៏ឆ្លាតវៃមួយសម្រាប់កសិករ ព្រោះវាជួយសន្សំសំចៃច្រើន កាត់បន្ថយកម្លាំងពលកម្ម ការសឹករេចរឹលនៃដី កាត់បន្ថយកត្តាចង្រៃនៃសត្វល្អិត ផ្សិតលើដំណាំ និង កាត់បន្ថយស្មៅ ជាដើម៕

អត្ថបទទាក់ទង