ម្ចាស់មេដាយមាសម៉ូតូទឹកកីឡាអាស៊ី ត្រៀមប្រកួត Jet Ski World Series 2021
កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី (ASIAN Games) ឆ្នាំ២០១៨ បានប្រកាសចូលរួមការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២១-២០២២ (Jet Ski World Series 2021-2022) ដោយគ្រោងនឹងធ្វើឡើងចំនួន៣ជុំ។
ព្រឹត្តិការណ៍កីឡាម៉ូតូទឹកជើងឯកពិភពលោកនេះ នឹងត្រូវចាប់ផ្ដើមប្រកួតជម្រុះជុំទី១ ធ្វើឡើងនៅប្រទេសប៉ូឡូញ ហើយជុំទី២នឹងប្រកួតនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៦-១០ ខែតុលា ឆ្នាំ២០២១ និងជុំទី៣ ប្រកួតនៅប្រទេសថៃ ចាប់ពីថ្ងៃទី១២-១៦ ខែមករា ឆ្នាំ២០២២។
កីឡាករ សាលី អ៊ូមើត នឹងចូលរួមប្រកួតជាមួយកីឡាករម៉ូតូទឹក២នាក់ទៀត គឺកីឡាករ កៃ វ៉ាន់ស៊ីដែន និង ម៉ីន អូស្មាន ហើយ សាលី អ៊ូមើត នឹងបន្ដប្រកួតលើវិញ្ញាសាស្គីឈរ ដែលជាវិញ្ញាសាធំជាងគេក្នុងព្រឹត្តិការណ៍នេះ។ ប៉ុន្ដែសម្រាប់ការប្រកួតជុំទី១ នៅប្រទេសប៉ូឡូញ អ៊ូមើត មិនសង្ឃឹមខ្ពស់ពេកនោះទេ ដោយសារការហ្វឹកហាត់ជាមួយម៉ូតូទឹកថ្មីមានរយៈពេលខ្លី។
ទោះយ៉ាងនេះក្តីក៏ អ៊ូមើត ប្ដេជ្ញាចិត្តនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យបានល្អក្នុងការប្រកួត ។ «នៅជុំទី១ ខ្ញុំនឹងព្យាយាមធ្វើឱ្យបានល្អ ដើម្បីសន្សំពិន្ទុបន្ដទៅជុំទី២ និងជុំទី៣ទៀត។ ខ្ញុំប្ដេជ្ញានឹងខិតខំហ្វឹកហាត់ ដើម្បីត្រៀមប្រកួត និងតបស្នងនូវការឧបត្ថម្ភគាំទ្រ ជាក់ស្ដែងម្ចាស់ក្លឹប ដែលបានចំណាយថវិកា និងទិញម៉ូតូថ្មីឱ្យខ្ញុំ សម្រាប់ចូលរួមព្រឹត្តិការណ៍ធំៗ ។ ពិសេសខ្ញុំនឹងខំប្រឹងឱ្យអស់ពីលទ្ធភាព ដើម្បីដណ្ដើមលទ្ធផលល្អ ជូនប្រទេសជាតិរបស់យើង ក៏ដូចជាក្លឹបដែលខ្ញុំកំពុងប្រកបអាជីពនៅប្រទេសថៃ» ៕