ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជារកឃើញវត្តមានសត្វឈ្លូសយក្សជាលើកដំបូងនៅឧទ្យានជាតិវីរៈជ័យ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 959
    កម្ពុជារកឃើញវត្តមានសត្វឈ្លូសយក្សជាលើកដំបូងនៅឧទ្យានជាតិវីរៈជ័យកម្ពុជារកឃើញវត្តមានសត្វឈ្លូសយក្សជាលើកដំបូងនៅឧទ្យានជាតិវីរៈជ័យ

    សត្វ «ឈ្លូសយក្ស» ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់ ការពារធម្មជាតិនៃប្រទេសកម្ពុជា ក្នុងរយៈពេលជិត ៣០ឆ្នាំ ចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំអាណាមដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យភាគឦសានប្រទេសកម្ពុជា។

    តាមការប្រកាសឱ្យដឹងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ វត្តមានសត្វឈ្លូសយក្សនេះ ត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិដែលមន្ត្រីក្រសួងបរិស្ថានដាក់ ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។

    លោកបានថ្លែងថា នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា និងសម្រាប់ពិភពលោកទាំងមូល ដែលប្រភេទសត្វកម្ររងគ្រោះជិតផុតពូជខ្លាំងបំផុតនេះ មានវត្តមាននៅ ក្នុងប្រទេសកម្ពុជា។

    លោកបន្តថា《ដោយការការពារនិងអភិរក្សធនធនធម្មជាតិបានល្អប្រសើរដែលជាទីជម្រក កន្លែងរកចំណី និងប្រភពទឹកដែលជាតម្រូវការ ចាំបាច់សម្រាប់ការរស់នៅរបស់សត្វព្រៃ ទើបយើងឃើញមានវត្តមាន ប្រភេទសត្វកម្រៗជាច្រើនប្រភេទចាប់ផ្តើមមានវត្តមាននៅក្នុងព្រៃកម្ពុជាឡើងវិញ។ នេះគឺជាលទ្ធផលដ៏វិជ្ជមានមួយ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់》។

    លោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិ ដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថាន ដែលដឹកនាំការ ស្រាវជ្រាវ ក្រោមការឧបត្ថមគាំទ្រពីក្រសួងបរិស្ថាន និងការិយាល័យស្រាវជ្រាវអភិរក្សសត្វព្រៃ (WildCRU) នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស បានថ្លែងថា សត្វឈ្លូសយក្សចូលចិត្តរស់នៅក្នុងព្រៃស្រោងនិងព្រៃពាក់កណ្តាលស្រោងមានរយៈកម្ពស់ខ្ពស់ (រហូតដល់ជាង ១០០០ម៉ែត្រពីនីវ៉ូសមុទ្រ)។

    លោកថា នៅអំឡុងទសវត្សរ៍ឆ្នាំ៩០ ស្នែងឈ្លូសយក្សត្រូវបានឃើញដាក់លក់នៅក្នុងភូមិដាច់ស្រយាលមួយនៃខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ប៉ុន្តែមិនដែលមានការរាយការណ៍ពីការឃើញខ្លួនវាដោយផ្ទាល់នោះទេ។ លោកបានថ្លែងថា ឈ្លូសយក្ស ជាប្រភេទឈ្លូសដែលមានមាឌធំជាងគេ អាច មានទម្ងន់លើសពី ៣០គីឡូក្រាមក្នុងមួយក្បាល និងស្ថិតក្នុងចំណោមឈ្លូសទាំង១២ ប្រភេទ ហើយលក្ខណៈខុសគ្នារវាងសត្វឈ្លូសយក្ស និងសត្វឈ្លូសធម្មតា ដែលមានវត្តមានស្ទើរតែនៅទូទាំងប្រទេសកម្ពុជាយើង ត្រង់ចំណុចបីសំខាន់៖

    ទី១. ស្នែងសត្វឈ្លូសយក្សមានទំហំធំជាងស្នែងសត្វឈ្លូសធម្មតា ខ្នែងស្នែងតូច ដុះស្រប ឬក៏ដុះបែកងាកចេញក្រៅពីខ្នែងមេ ហើយគល់ស្នែងរបស់ឈ្លូសយក្សខ្លីជាងគល់ស្នែងរបស់ឈ្លូសធម្មតា,
    ទី២. កន្ទុយរបស់សត្វឈ្លូសយក្សមានប្រវែងខ្លីជាង(ប្រហែល១/៣) កន្ទុយរបស់សត្វឈ្លូសធម្មតា ហើយកន្ទុយនោះមានរាងត្រីកោណ និងមានពណ៌សនៅផ្នែកខាងក្រោម,
    និង ទី៣. ថ្ងាសរបស់សត្វឈ្លូសយក្សញី មានពណ៌ក្រមៅ (ស្ទើរតែខ្មៅតែម្តង) ជាងថ្ងាសឈ្លូសធម្មតា។

    តាមរយៈការសិក្សារកឃើញវត្តមានសត្វឈ្លូសយក្សនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាននឹងបញ្ចូលប្រភេទសត្វនេះទៅក្នុងបញ្ជីជីវៈចម្រុះដែលមាននៅក្នុងប្រទេសកម្ពុជា។

    តាមអ្នកជំនាវស្រាវជ្រាវឃើញថា កម្ពុជាជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែល បានបង្ហាញវត្តមានប្រភេទថនិក សត្វ ១២៣ ប្រភេទ សត្វស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទ រុក្ខជាតិតូចៗ ២៣០៨ប្រភេទ ត្រី ៨៧៤ ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់ ១៤ ប្រភេទ ស្មៅសមុទ្រ ១០ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀត ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ៕