អាជ្ញាធរខេត្តកណ្តាល គ្រោងបើកយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងជូនពលរដ្ឋទូទៅ និងបងប្អូនកម្មករតាមរោងចក្រនានា ទូទាំងខេត្ត នៅថ្ងៃទី១០ មិថុនា ខាងមុខនេះ
អនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងខេត្តកណ្តាល នឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាជនទូទៅ និងបងប្អូនកម្មករ កម្មការិនី នៅតាមរោងចក្រនានា នៅទូទាំងខេត្ត នៅថ្ងៃទី១០ ខែមិថុនាខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍ របស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្តកណ្តាល បានលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែឧសភា ដែលធ្វើឡើង នៅសាលាខេត្ត តាមរយៈប្រពន្ធ័ Online Video Zoom នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។
កិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ប្រចាំខែឧសភា មានរបៀបវារះជាច្រើន បានលើកយកមកពិនិត្យ ពិភាក្សា ដើម្បីអនុម័ត ដាក់ផែនការសំរាប់អនុវត្ត នាខែមិថុនាខាងមុខ ពាក់ពន្ធ័ការពារសន្តិសុខ ថែរក្សាសុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងពង្រឹងលើវិធានការបង្កាប និងទប់ស្កាត់ឲ្យតឹងរឹង ចំពោះបទល្មើសនានា តាមបណ្តាក្រុង-ស្រុក នៅទូទាំងខេត្ត។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកអភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរ គ្រប់មូលដ្ឋានក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមរៀបចំទីតាំងអោយបានរួចរាន់ សម្រាប់ចាក់វ៉ាក់សាំង និងធ្វើប័ណ្ណអញ្ជើញប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះ គឺអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមកម្លាំងការពារសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងពេលចាក់វ៉ាក់សាំង ឲ្យបានល្អប្រសើរ ដោយរៀបចំកន្លែងស្នាក់នៅ និងផ្គត់ផ្គង់ម្ហូបអាហារប្រចាំថ្ងៃ ជូនក្រុមគ្រូពេទ្យអោយបានសមរម្យ និងគ្រប់គ្រាន់។
លោកអភិបាលខេត្ត បានបញ្ចាក់ថា៖ យុទ្ធនាការចាក់វ៉ាក់សាំង នៅទូទាំង១១ក្រុង-ស្រុក នាពេលខាងមុខនេះ រដ្ឋបាលខេត្ត បានត្រៀមក្រុមគ្រូពេទ្យ ចំនួន ៧០០នាក់ ស្មើនឹង ៧០ក្រុម ហើយគ្រោងនឹងបន្ថែមក្រុមគ្រូពេទ្យបំរុង ចំនួន ១.៨០០នាក់ទៀត ដើម្បីធ្វើឲ្យយុទ្ធនាការការចាក់វ៉ាក់សាំង ប្រព្រឹត្តទៅប្រកបដោយភាពរលូន ឆាប់រហ័ស និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋ៕