ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកើនលើស ២លាន ៥សែននាក់ហើយ គិតត្រឹមថ្ងៃទី ៣០ ខែឧសភា
នាយប់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២១ នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានចេញរបាយការណ៍ពីចំនួនអ្នកដែលបានចាក់វ៉ាក់សាំងសរុប ដោយគិតចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២១នេះនិងដែលរាប់បញ្ចូលទាំងអ្នកដែលបានចាក់ក្រោមក្របខណ្ឌក្រសួងការពារជាតិ កើនដល់ចំនួន ២ ៥៦៧ ៤៩៣នាក់ ដែលស្មើនឹង ២៥,៦៧% នៃគោលដៅ។
គួររំលឹកថា រដ្ឋាភិបាលកម្ពុជាគ្រោងនឹងចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដល់ប្រជាជនពេញវ័យប្រមាណ ១០លាននាក់ ឱ្យបានត្រឹមដំណាច់ឆ្នាំ ២០២២ ខាងមុខ។ ក្នុងនោះ រាជធានីភ្នំពេញ និងខេត្តកណ្ដាល ជាគោលដៅដែលត្រូវចាក់មុន និងសម្រេចឱ្យបានភាពស៊ាំក្នុងសហគមន៍មុនគេ៕